ជាតិ
សេដ្ឋកិច្ច
រយៈពេល​២៥​ឆ្នាំ​មកនេះ កម្ពុជា​ទទួលបាន​ទុនវិនិយោគ​ជប៉ុន ២,៥ ពាន់​លាន​ដុល្លារ
19, Jan 2020 , 9:29 pm        
រូបភាព
លោក  ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទស្សនាស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទស្សនាស្នាក់ការកណ្តាលក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០
​ភ្នំពេញ​៖ គិតពី​ឆ្នាំ​១៩៩៤ រហូតដល់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ចំនួន ១៣៧ គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក  ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០២០ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​)​។

 
​ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា គម្រោង​វិនិយោគ​ទាំង​១៣៧ ដែល​កម្ពុជា​ទទួលបាន​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី និង​អេឡិចត្រូនិក គ្រឿង​បង្គុំ​រថយន្ត និង​សម្ភារ​បរិក្ខារ​បច្ចេកទេស កសិឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​។ 
 
​ក្រសួង​បន្ថែមថា​៖ «​កម្ពុជា​-​ជប៉ុន​កំពុង​ស្ថិតក្នុង​ដំណើរការ​នៃ​ការចរចា លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​»​។ ក្រសួងពាណិជ្ជកម្ម បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​អង្គការ JETRO ក្នុង​បំណង​បង្កើត​ក្របខណ្ឌ នៃ​កិច្ចសហប្រតិបត្តិការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ក្នុង​វិស័យ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត លើកកម្ពស់ បរិយាកាស​វិនិយោគ ដើម្បី​លើកទឹកចិត្ត​ក្រុមហ៊ុន​ឯកជន​ជប៉ុន ឲ្យ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​។​
 
​គួរ​បញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា ជប៉ុន នៅ​ឆ្នាំ​២០១៨ មាន​ទឹកប្រាក់​ប្រមាណ​ជាង ១,៦ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​កម្ពុជា​បាន​នាំ​ចេញទៅ​ជប៉ុន​នូវ​ទំនិញ​សក្ដានុពល​មួយចំនួន មានដូចជា​សម្លៀកបំពាក់​ស្ត្រី ស្បែកជើង ខ្សែ​អ៊ី​ស៊ូ​ឡង់ និង​បរិក្ខារ​អគ្គិសនី ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១ ពាន់​លាន​ដុល្លារ​អាមេរិក​។ ជប៉ុន​បាន​នាំ​ចូលមក​កម្ពុជា​នូវ​ទំនិញ​សក្តានុពល ដូចជា​យានយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក សំបក​កង់ និង​ផលិតផល​ប្ល៉ា​ស្ទិ​ក​ជាដើម មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៥០៩ លាន​ដុល្លារ​អាមេរិក​៕ 

Tag:
 វិនិយោគិន​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com