អន្តរជាតិ
កោះម៉ាល់ឌីវ ដង្ហោយរកជំនួយបន្ទាន់ដើម្បីទប់ស្កាត់ការលិចលង់ក្រោមសមុទ្រព្រោះប្រែប្រួលអាកាសធាតុ រូបភាពពី Maldive Experts
× រដ្ឋាភិបាលកោះម៉ាល់ឌីវ កំពុងតែត្រូវការជំនួយហិរញ្ញវត្ថុបន្ទាន់ពីសហគមន៍អន្តរជាតិ ដើម្បីអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់គ្រោះមហន្តរាយ ដែលបណ្តាលមកពីបម្រែម្រួលអាកាសធាតុ។ សម្រាប់ម៉ាឌីវ មានតែជំនួយពីក្រៅនោះទេ ដែលអាចសង្គ្រោះរដ្ឋល្បីខាងខ្សាច់សស្អាតមួយនេះ ពីការលិចលង់ទៅក្រោមផ្ទៃសមុទ្រ។
រដ្ឋមន្ត្រីការបរទសម៉ាល់ឌីវ លោក Abdulla Shahid នៅថ្ងៃ១៧ មករាកន្លងទៅ បានប្រាប់ភ្នាក់ងារព័ត៌មាន Reuters ឲ្យដឹងថា ម៉ាល់ឌីវទាំងមូល អាចនឹងត្រូវបាត់បង់ដោយសារតែការលិចលង់ទៅក្រោមផ្ទៃសមុទ្រ ប្រសិនបើមិនមានជំនួយហិរញ្ញវត្ថុទាន់ពេលនោះទេ។ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ម៉ាល់ឌីវ ពិតជាត្រូវជំនួយហិរញ្ញវត្ថុ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធ រាប់បញ្ចូលទាំងការកសាងជញ្ជាំងទប់ទឹកសមុទ្រជាដើមផង។
ប្រមុខការទូតរូបនេះ បានទទួលស្គាល់ថា ចំណាត់ការដើម្បីទប់ស្កាត់មហន្តរាយនេះ មិនមែនជារឿងងាយស្រួលឡើយសម្រាប់ប្រទេសតូចដូចជាម៉ាល់ឌីវ។ ក៏ប៉ុន្តែ ម៉ាល់ឌីវ ក៏មិនអាចនៅស្ងៀមរហូតទាល់តែប្រទេសត្រូវលិចលង់ទៅក្រោមបានផ្ទៃបានឡើយ។ បច្ចុប្បន្ន ៨០ ភាគរយផ្ទៃដីម៉ាល់ឌីវ មានកម្ពស់ទាបជាងផ្ទៃសមុទ្រ ១ម៉ែត្ររួចទៅហើយ ដែលបញ្ហានេះ ធ្វើឲ្យប្រជាជនម៉ាល់ឌីវ ក្លាយជាប្រជាជនដែលងាយរងគ្រោះជាងគេរបស់ពិភពលោក។
តាមរបាយការណ៍របស់ក្រសួងបរិស្ថានម៉ាល់ឌីវ ប្រជុំកោះមួយចំនួន បានរងការសឹករិចរិលជាបណ្តើរហើយ ខណៈ រៀងរាល់ឆ្នាំរដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណ ១០លានដុល្លារ ដើម្បីធ្វើការងារលើការការពារឆ្នេរសមុទ្រ។ តាមការស្ទាបស្ទង់ ម៉ាល់ឌីវ ត្រូវការថវិការហូតដល់ ៨.៨ ពាន់លានដុល្លារ ដើម្បីការពារឆ្នេរសមុទ្រទាំងមូលពីការលិចលង់។
គួរជម្រាបផងដែរ ក្នុងកិច្ចប្រជុំស្តីពីការបម្រែបម្រួលអាកាសធាតុ នៅចុងឆ្នាំ២០១៩កន្លងទៅ មេដឹកនាំពិភលោក បានបរាជ័យក្នុងការស្វែងរកចំណុចរួមមួយដើម្បីជួយ និងសង្គ្រោះប្រទេសដែលមានសណ្ឋានទាបជាងផ្ទៃសមុទ្រ និងកំពុងប្រឈមនឹងការលិចទៅក្រោមសមុទ្រនាពេលខាងមុខផងដែរ។ ក្នុងក្តីរំពឹងរបស់ម៉ាល់ឌីវ កិច្ចប្រជុំស្តីពីបម្រែបម្រួល ដែលនឹងត្រូវប្រព្រឹត្តទៅនៅចុងឆ្នាំនេះ នឹងមានលទ្ធផលផ្លែផ្កាជាងមុន៕
Tag:
ម៉ាល់ឌីវ
បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com