ជាតិ
វីដេអូ
ដើម្បីទប់ទល់នឹងភាពរាំងស្ងួត កសិករគួរតាមដានអាកាសធាតុ, ជីកស្រះ និងធ្វើអាងស្ដុកទឹក
× ភ្នំពេញ៖ ភាពរាំងស្ងួត ជាបញ្ហាប្រឈមសម្រាប់កសិករ ដែលប្រកបរបរដាំដុះ និងចិញ្ចឹមសត្វ។ ដើម្បីទប់ទល់នឹងភាពរាំងស្ងួត លោក យឹម សារុំ គ្រូបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មទប់ទល់នឹងភាពរាំងស្ងួត បានប្រាប់ឲ្យពលរដ្ឋតាមដានពីព័ត៌មានអាកាសធាតុ, ត្រៀមពាងដាក់ទឹក, ជីកស្រះ និងមានអាងស្ដុកទឹក។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក យឹម សារុំ គ្រូបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មទប់ទល់ភាពរាំងស្ងួតដូចតទៅ៖
បច្ចេកទេសកសិកម្មទប់ទល់នឹងភាពរាំងស្ងួត ជាបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងពេលអាកាសធាតុរាំងស្ងួតដល់កសិករ និងសហគមន៍។ បញ្ហារាំងស្ងួតនេះ បានធ្វើឲ្យប្រជាកសិករ ខ្វះខាតទឹកសម្រាប់ស្រោចស្រពដំណាំ។ បើតាម លោក យឹម សារុំ ប្រជាពលរដ្ឋគួរត្រៀមពាង ជីកស្រះ និងធ្វើអាងស្ដុកទឹក ជាពិសេសតាមដានពីព័ត៌មានអាកាសធាតុ និងអាចបាត់បង់ចំណូលដល់គ្រួសារ។
លោក យឹម សារុំ គ្រូបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មទប់ទល់នឹងភាពរាំងស្ងួត បញ្ជាក់ថា នៅពេលមានភាពរាំងស្ងួត កសិករ អាចរៀបចំសួនដំណាំជារង្វង់, រៀបចំសួនធ្នើរ, សួនចង្អូរ ដែលប្រើប្រាស់ទឹកតិច ដើម្បីបានដំណាំហូបជាប្រចាំ។ ជាមួយគ្នានេះ ការធ្វើផ្ទះសំណាញ់សម្រាប់ដាំដំណាំ គឺជាការកាត់បន្ថយកម្ដៅ និងការប្រើប្រាស់ទឹកតិចផងដែរ។ នៅពេលមានបន្លែបរិភោគ និងមានចិញ្ចឹមសត្វ កសិករ មិនចាំបាច់ចំណាកស្រុកឡើយ។
បើតាមលោក យឹម សារុំ ការទប់ទល់នឹងភាពរាំងស្ងួត មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ និងកសិករ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ និងកសិករ ដែលបានស្វែងយល់ពីបច្ចេកទេសកសិកម្មទប់ទល់នឹងភាពរាំងស្ងួត អាចដាំដុះដោយមិនព្រួយបារម្ភពីបញ្ហាខ្វះទឹក។
សូមបញ្ជាក់ថា កម្ពុជា កំពុងទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង រហូតដល់ខែមករា ឆ្នាំ២០២០។ គ្រោះរាំងស្ងួតនេះនឹងប៉ះពាល់ដល់ផលិតផលកសិកម្ម និងអាចប្រឈមការខ្វះខាតទឹកប្រើប្រាស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ(MRC) នៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ៕
Tag:
កសិកម្ម
រាំងស្ងួត
ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com