ជាតិ
ក្រសួង​ពាក់ព័ន្ធ​ថា ការ​ស្លៀក​លេច​លើ​ខើច​ក្រោម ប្រើ​សម្ដី​អាសគ្រាម Live លក់​ផលិតផល ជា​សិទ្ធិ​បុគ្គល​
19, Jan 2020 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ នារី​លក់​ផលិតផល​តាម​អន​ឡាញ​មួយចំនួន ក្នុងពេល​កំពុង​ផ្សាយ​ផ្ទាល់ (Live) លក់​ផលិតផល ស្លៀក​សម្លៀកបំពាក់​ខើច​លើ​ខើច​ក្រោម​ហួសហេតុ ព្រម​ដោយ​ការប្រើ​ភាសា​អាសគ្រាម​ផង​។ បញ្ហា​នេះ​ក្រសួង​៣ រួមមាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​កិច្ចការនារី និង​ក្រសួង​ព័ត៌មាន សុទ្ធតែ​លើកឡើង​ដូចគ្នា​ថា នេះ​គឺជា​សិទ្ធិសេរីភាព​របស់​បុគ្គ​ល​។ ទោះជា​យ៉ាងណា​ក្រសួង​ទាំង​៣ ក៏បាន​មើលឃើញថា ការណ៍​នេះ​ពិតជា​មិន​សម​មែន ដែល​ទាមទារ​ឱ្យ​ម្ដាយ​ឪពុក​ត្រូវ​អប់រំ​កូន​ឱ្យបាន​ល្អ​។ រីឯ​លោក​បណ្ឌិត ប៉ា ចាន់​រឿន អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម យល់ឃើញថា សិទ្ធិ​បុគ្គល​ក៏មាន​ដែន​កំណត់​ដែរ​។​

 
​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ ដែល​ឆ្លើយ​ក្នុងនាម​ជា​បុគ្គល​មិន​តំណាងឱ្យ​ក្រសួង ថា​ការ​ស្លៀកពាក់​ក្ដី ការប្រើ​ភាសា​ក្ដី នោះ​គឺជា​សិទ្ធិ​របស់​បុគ្គល ហើយ​ក្រសួង​វប្បធម៌​ក៏​មិនមាន​សមត្ថកិច្ច​អ្វី​ទៅ​ចាត់វិធានការ​ដែរ​។ 
 
​សូម​ស្ដាប់​សម្ដី​របស់លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ​៖ 





លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូប​ពី​ហ្វេសប៊ុកលោក ឡុង ប៉ុណ្ណា​សិរីវត្ថ) 

«​រឿងនេះ​វា​ប៉ះពាល់​ដល់​សង្គម​មែន ក៏ប៉ុន្តែ​វា​មិនបាន​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ដែល​បង្ករ​ឱ្យមាន​គ្រោះ​ថា​ទេ​។ ប៉ុន្តែ​យើង​អំពាវនាវ​គ្រប់ពេល មិនមែន​តែ​ក្រសួង​វប្បធម៌​ទេ គឺ​គ្រប់​ក្រសួង​ពាក់ព័ន្ធ គាត់​តែងតែ​ណែនាំ​ទាំងអស់ ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំងនេះ​។ ចាំមើល​មានការ​ប្រជុំ​ថ្នាក់​អន្តរក្រសួង ខ្ញុំ​អាច​នឹង​លើក​ពី​បញ្ហា​នេះ​»​។ នេះ​គឺជា​ការបញ្ជាក់​បន្ថែមរ​ប​ស់លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ​។​
 
​ចំណែក​អ្នកស្រី ហ៊ូ និ​រ​មិ​ត្តា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ យ៉ាងខ្លី ដោយ​អ្នកស្រី​បញ្ជាក់ថា​ជាប់រវល់​ប្រជុំ​៖«​យើង​មិន​ធ្វើ​ទៅលើ​ថ្នាក់ក្រោម​ផ្ទាល់​អ៊ីចឹង​ទេ ការងារ​នេះ​គឺជា​អាជីព​របស់គេ យើង​មិនអាច​ទៅ​លូកលាន់ មិនអាច​ទៅ​ឃាត់​គេ​បានទេ​»​។​
 
សូម​ស្ដាប់​សំឡេង​របស់​អ្នកស្រី ហ៊ូ និ​រ​មិ​ត្តា​៖





អ្នក​ស្រី ហ៊ូ និរមិត្តា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ច​ការ​នារី​( រូប​ពី​ក្រសួង​កិច្ច​ការ​នារី)
 
​មិន​ខុសពី​ក្រសួង​ទាំងពីរ​ខាងលើ​ឡើយ លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ក៏បាន​លើកឡើង​ដែរ​ថា បញ្ហា​ទាំងនេះ​មិនមែន​កើតមាន​តែ​នៅ​កម្ពុជា​ឡើយ គឺ​ពិភពលោក​ទាំងមូល​កំពុង​តែ​រកម​ធ្យោ​ប​បាល​ដោះស្រាយ ដើម្បី​ការពារ​វប្បធម៌​និង​ទំនៀមទម្លាប់​របស់ខ្លួន​។ ទោះជា​យ៉ាងណា លោក អ៊ុក គឹម​សេង ថា​មានតែ​ដំណោះស្រាយ​មួយ​តែប៉ុណ្ណោះ ដែល​អាច​បង្ការ​បាន គឺ​ម្ដាយ​ឪពុក​ត្រូវតែ​អប់រំ​កូន​កុំឱ្យ​មើល រាល់​ការផ្សាយ​ណា​ដែល​មិន​សមរម្យ​។ 

​សូម​ស្ដាប់​សំឡេង​របស់លោក អ៊ុក គឹម​សេង​៖





លោក អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួងព័ត៌មាន​ (រូប​ពី​ហ្វេសប៊ុក​លោក អ៊ុក គឹម​សេង)

«​លោក បានបញ្ជាក់​បន្ថែមថា​៖«​ឱ្យតែ​មានការ​ផ្សាយ​ផ្ទាល់​លក់​ផលិតផល តែងមាន​ការរិះគន់ ប៉ុន្តែ​ខ្ញុំ​គិតថា​លើកលែងតែ​គាត់​ស្រាត​តែម្ដង​។ វា​សំខាន់​មកពី​យើង​មើល បើ​យើង​កុំ​មើលទៅ​វា​មិនឃើញ​ទេ​។ បណ្ដា​យ​អ៊ី​ន​ធើ​ណេ​ត​ឥឡូវ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​? មិនមែន​តែ​ក្រសួង​ព័ត៌មាន​មួយ​ទេ​ដែល​ត្រូវ​គិត ពិភពលោក​ទាំងមូល​គេ​កំពុង​ឈឺក្បាល​ដូច​តែ​គ្នា ថា​ត្រូវធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រទេស​នីមួយ​អាចមាន​លទ្ធភាព ការពារ​នូវ​វប្បធម៌​និង​ទំនៀមទម្លាប់​របស់ខ្លួន​។ 
 
​នៅលើ​បណ្ដាញ​សង្គម​សព​ថ្ងៃនេះ យើង​ឃើញ​ហើយ​សព​បែប​សព​យ៉ាង ដូច្នេះ​មាន​មធ្យោបាយ​មួយ​ដ៏​ធំ គឺ​ចាស់ទុំ​ត្រូវ​ប្រាប់​ក្មេង​កុំឱ្យ​វា​មើល​។ បើ​រូប​អាសអាភាស ហ្វេ​ស​ប៊ុ​ក​មិនឱ្យ​ចេញ​ទេ​។ សព​ថ្ងៃនេះ​មានតែ​ការអប់រំ​ទេ​។ ក្រសួង​វប្បធម៌ ក្រសួង​ព័ត៌មាន និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ប្រើ​មធ្យោបាយ​អប់​រំជា​ចម្បង​។ ពួកគាត់​មិនបាន​មក​និយាយ​ជាមួយ​យើង​ឯណា គាត់​និយាយ​ជា​សាធារណៈ​លើ​បណ្ដាញ​សង្គម ដូច្នេះ​នេះ​ក៏​ជាការ​លំបាក​គ្រប់គ្រង​ដែរ​។ ទោះជា​យ៉ាងណា យើង​មិន​គាំទ្រ​ទេ​អំពី​ការប្រើ​ភាសា​អសីលធម៌​ទាំងឡាយ​»​។ 
 
​យល់ឃើញ​ខុសពី​ក្រសួង​ទាំង​៣​ខាងលើ លោក ប៉ា ចាន់​រឿន អ្នកសិក្សា​ស្រាវជ្រាវ​ផ្នែក​ទស្សនវិជ្ជា និង​ការអភិវឌ្ឍ​សង្គម ថា​បុគ្គល​គ្រប់រូប​ពិតជា​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ស្លៀកពាក់ និង​ប្រើប្រាស់​ភាសា ប៉ុន្តែ​រាល់​សិទ្ធិ​ទាំងអស់​សុទ្ធ​តែមាន​ព្រំដែន​។ លោក​បន្ថែមថា កាលណា​បុគ្គល​ផ្សព្វផ្សាយ​អ្វី​ជា​សាធារណៈ ជាពិសេស​ក្នុង​បណ្ដាញ​សង្គម​ដែល​មនុស្ស​ទូទាំង​ពិភពលោក​បានឃើញ នោះ​វា​អាច​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ ក៏ដូចជា​វប្បធម៌​និង​ប្រពៃណី​ជាក់​ជាមិនខាន​។ 

​សូម​ស្ដាប់​សម្ដី​របស់លោក ប៉ា ចាន់​រឿន​៖





លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម
 
​លោក ប៉ា ចាន់​រឿន ពន្យល់​យ៉ាង​ដូច្នេះ​៖«​បុគ្គល​គាត់​ស្លៀកពាក់​បែបណា គាត់​និយាយ​ភាសា​បែបណា គឺជា​សិទ្ធិ​របស់​បុគ្គល​មែន ប៉ុន្តែ​រាល់​សិទ្ធិ​ទាំងអស់​សុទ្ធ​តែមាន​ព្រំដែន​។ ហើយ​ព្រំដែន​នៃ​សិទ្ធិសេរីភាព​ហ្នឹង​គឺ​ការគោរព​អ្នកដទៃ ការមិន​ធ្វើឱ្យប៉ះពាល់​ដ​ល់​សេចក្ដីថ្លៃថ្នូរ គុណ​តម្លៃ ក៏ដូចជា​វប្បធម៌​និង​ប្រពៃណី​របស់​ជាតិ ដែល​មានចែង​នៅក្នុង​ច្បាប់ និង​ក្នុង​ក្រមសីលធម៌​សង្គម​។ 
​ហេតុនេះហើយ​ការ​ពោលថា ការ​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម ការប្រើ​សម្ដី​លែបខាយ​គឺជា​សិទ្ធិ​របស់គេ ខ្ញុំ​គិតថា​វា​មិន​ត្រឹមត្រូវ​ទេ​។ បើសិនជា​ចង់​សំដៅថា​ជា​សិទ្ធិ​របស់ខ្លួន គឺ​ធ្វើ​នៅក្នុង​ជីវិត​ឯកជន​។ បើសិនជា​យើង​ធ្វើ​សកម្មភាព​បែប​នោះ​នៅក្នុង​បណ្ដាញ​សង្គម ដែលជា​ពិភព​សង្គម​ឌីជីថល មនុស្ស​មួយ​ពិភពលោក​បានឃើញ​ហើយ ហ្នឹង​វា​មិនមែនជា​សិទ្ធិ​របស់​យើង​ផ្ទាល់ខ្លួន​ទេ គឺ​វា​អាច​ជះឥទ្ធិពល​ដល់​សង្គម ជាពិសេស​ប៉ះពាល់​ដល់​ត​ម្លៃ​ស្ត្រី​នៅក្នុង​សង្គម​យើង​តែម្ដង​»៕

Tag:
 ក្រសួង​វប្បធម៌​
 ​ក្រសួង​កិច្ចការនារី​
 ​ក្រសួង​ព័ត៌មាន​
 ​អន​ឡាញ​
  live
  ផលិតផល​
 ​សម្លៀកបំពាក់​
 ​ភាសា​
© រក្សាសិទ្ធិដោយ thmeythmey.com