អន្តរជាតិ
នាយករដ្ឋមន្ត្រីសិង្ហបុរី ជឿថា អ្នកបន្តវេនលោក នៅតែប្រកាន់ ប្រព័ន្ធរដ្ឋាភិបាលស្អាតស្អំ និងយកសមត្ថភាពជាធំ
× លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានវាយតម្លៃខ្ពស់ពីតួនាទីសំខាន់របស់ស្ថាប័នរដ្ឋ ឬសាធារណៈ ក្នុងការដំណើរការរបស់រដ្ឋាភិបាល និងសង្គមប្រជាជន។ លោកនាយករដ្ឋមន្ត្រី ចង់ឃើញរដ្ឋមន្ត្រី ដែលជាមន្ត្រីនយោបាយ និងមន្ត្រីស៊ីវិល បន្តពង្រឹងសមត្ថភាព និងយកស្មារតីបម្រើផលប្រយោជន៍ប្រជាជន ជាគោលការណ៍ក្នុងពេលបម្រើការងាររបស់ខ្លួន។
ក្នុងជំនួបប្រចាំឆ្នាំជាមួយនឹងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នសាធារណៈ នៅថ្ងៃ១៧ មករា លោកនាយករដ្ឋមន្ត្រី លី សៀនឡុង បានលើកឡើងពីសារៈសំខាន់នៃតួនាទីចាប់ពីរដ្ឋមន្ត្រី រហូតដល់មន្ត្រីស៊ីវិលក្នុងការបម្រើ និងផ្តល់សេវាសាធារណៈដល់ប្រជាជន។ សម្រាប់លោក ដើម្បីឲ្យគោលនយោបាយជាតិមួយជោគជ័យ ចាំបាច់ណាស់គឺការធ្វើការស៊ីចង្វាក់គ្នារវាងអ្នកបង្កើតគោលនយោបាយ និងអ្នកអនុវត្តផ្ទាល់តែម្តង។
តាមចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Channel News Asia បញ្ហាអ្នកបន្តវេនរបស់លោក ពោលគឺអ្នកដឹកនាំជំនាន់ទីបួន (4G Leadership) ដែលត្រូវចូលមកជំនួសពេលលោក ចូលនិវត្តន៍ពីកិច្ចការនយោបាយ ក៏ស្ថិតនៅក្នុងរបៀបវារៈ នៃការសំណះសំណាលប្រចាំឆ្នាំនេះផងដែរ។
តាមប្រភពព័ត៌មានដដែលនោះ លោកនាយករដ្ឋមន្ត្រី ឆ្លៀតឱកាសនោះ បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់រដ្ឋមន្ត្រី ដើម្បីប្រតិបត្តិការងារប្រកបដោយជោគជ័យ។ លោក បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីដែលមានសមត្ថភាព នឹងជួយធានាពីការប្រព្រឹត្តទៅដោយរលូនរបស់អង្គភាពសាធារណៈ។
លោក បន្ថែមថា អ្វីដែលរដ្ឋមន្ត្រី គួរធ្វើគឺ ធ្វើការជាមួយនឹងគោលការណ៍ បម្រើ និងការពារផលប្រយោជន៍របស់ប្រជាជន។ លោក ក្រើនរម្លឹកថា ប្រសិនបើគុណភាពនៃអភិបាលកិច្ចធ្លាក់ចុះ នោះវានឹងត្រូវចំណាយច្រើនឆ្នាំដើម្បីស្តារឡើងវិញ។
យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាលដែលតែងមានទស្សនវិស័យវែងឆ្ងាយរបស់សិង្ហបុរីរូនេះ មានជំនឿជាក់ថា អ្នកបន្តវេនរបស់លោក នៅតែរក្សាគោលការណ៍គ្រឹះក្នុងការធ្វើការរវាងអ្នកបង្កើតគោលនយោបាយ និងអ្នកអនុវត្ត។ គោលការណ៍នោះ រាប់បញ្ចូលទាំង ការយកសមត្ថភាពជាធំ, រដ្ឋាភិបាលស្អាតស្អំ, ការមិនប្រកាន់ពូជសាសន៍, ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងកំណើនសេដ្ឋកិច្ចជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com