កណ្ដាល៖ ដាំបន្លែច្រើនមុខនៅលើផ្ទៃដីជាង២ហិកតាលោក អុន សាម៉េត នៅតែជួបបញ្ហាដំណាំងាប់ទាំងគុម្ពៗ ជួនងាប់ជិតអស់មួយចម្ការក៏មាន ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ ជួបបញ្ហាច្រើនឆ្នាំមកហើយ តែលោក អុន សាម៉េត មិនបានទៅរកជំនួយពីអ្នកជំនាញខាងកសិកម្មណាមួយឡើយ ក្រោមហេតុផលមិនដឹងទៅរកនៅទីណា ក៏មិនមានបណ្ដាញទំនាក់ទំនង។
កោះមួយដែលអ្នកភូមិនៅទីនោះហៅថាកោះថ្មី មានផ្ទៃដីប្រមាណជា២០ហិកតា គ្របដណ្ដប់ដោយដំណាំប្រមាណជាង១០មុខ ដូចជាម្ទេស ប៉េងប៉ោះ តាសក់ស្រូវ តាសក់ផ្អរ សណ្ដែកកង់ សណ្ដែលបារាំង ល្ពៅ ត្រឡាច ត្រប់ ជាដើម មានពណ៌ខៀវស្រងាត់។ បើគេចង់ធ្វើដំណើរទៅលើកោះមួយនោះ មានមធ្យោបាយមួយប៉ុណ្ណោះ គឺសុំជិះដោយសារទូកកសិករដែលដាំបន្លែនៅលើកោះនោះ។
ឆ្លងពីត្រើយខាងលិច គឺពីភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ឆ្ពោះទៅត្រើយខាងកើត ដោយទូកទំហំទទឹងជាងមួយម៉ែត្រ បញ្ជាទូកម៉ាស៊ីនដោយក្មេងប្រុសអាយុប្រហែល១០ឆ្នាំម្នាក់ ត្រូវជាក្មួយរបស់កសិករម្នាក់ដែលខ្ញុំនឹងត្រូវទៅសម្ភាសន៍។
ប្រើរយៈពេលប្រហែលតែ៥នាទីតែប៉ុណ្ណោះ ដើម្បីឆ្លងកាត់ផ្ទៃទឹកទន្លេមេគង្គក្រោម ខ្ញុំបានប្រទះឃើញកប៉ាល់ដឹកភ្ញៀវទេសចរពណ៌សស្អាតៗ ព្រមទាំងនាវាដឹកខ្សាច់ដែលបូមនៅក្បែរកោះថ្មី មុនពេលខ្ញុំបានជាន់លើដីកោះពោរពេញដោយដំណាំចម្រុះនោះ។ ដីកោះដែលមានទំហំប្រមាណជា២០ហិកតា ហ៊ុមព័ទ្ធដោយដើមត្រែងដែលបានការពារមិនឱ្យបាក់ច្រាំងទន្លេនេះ មានកសិករដាំបន្លែប្រមាណជាជិត៣០គ្រួសារ ដោយអ្នកខ្លះមានដីផ្ទាល់ខ្លួន ហើយអ្នកខ្លះទៀតជួយដីគេដាំ។
លោក អុន សាម៉េត គឺជាកសិករមួយរូបដែលមានដីជារបស់ខ្លួន នៅលើកោះថ្មីនេះប្រហែល១ហិកតា ហើយលោកបានជួលដីគេ១ហិកតាបន្ថែមទៀតដើម្បីដាំបន្លែ។ លើផ្ទៃដីចំនួន២ហិកតានេះលោក សាម៉េត បានដាំម្ទេស ប៉េងប៉ោះ សណ្ដែកបារាំង និងត្រឡាចសម្រាប់លក់។ ចំណែកឪឡឹក និងតាសក់ស្រូវ លោកដាំលើដីទំនេរតូចល្មមប្របផ្លូវដើរ ទុកសម្រាប់ទទួលទានក្នុងគ្រួសារ។
ដៃចង្អុលទៅដំណាំឪឡឹកដែលដាំនៅជិតរោងចាំចម្ការអែបផ្លូវ លោក សាម៉េត បញ្ជាក់បន្ថែមទាំងសើចសប្បាយផង៖«ដីទំនេរនៅកៀនកោះ ខ្ញុំចេះតែដាំដំណាំទៅ ទុកគ្រាន់ហូបក្នុងគ្រួសារ ហើយខ្ញុំមិនបាញ់ថ្នាំទេ។ ជាធម្មតាដំណាំទាំងនេះផ្លែច្រើន ហើយពួកយើងហូបមិនអស់ ក៏សល់យកទៅលក់ខ្លះដែរ»។
មានវ័យ៤៣ឆ្នាំ លោក អុន សាម៉េត បានមកដាំបន្លែនៅលើកោះថ្មីនេះ ប្រហែល១០ឆ្នាំមកហើយ។ ទោះជាយ៉ាងណា បន្លែដែលដាំសម្រាប់លក់ លោក សាម៉េត អះអាងថា លោកប្រើថ្នាំនិងជីគីមីខ្លះដែរក្នុងកម្រិតតិចតួច និងក៏អាស្រ័យទៅតាមសត្វបំផ្លាញដែរ។ មានបទពិសោធដាំបន្លែយូរឆ្នាំល្មមដែរ ប៉ុន្តែបុរសសម្បុរស្រអែមពាក់អាវពណ៌ខៀវរូបនេះ នៅតែប្រឈមបញ្ហាដំណាំងាប់ទាំងគុម្ពៗ ដោយមិនដឹងមូលហេតុ។
ដៃចាប់ដកដើមប៉េងប៉ោះដែលងាប់ចេញពីដី ហើយលើកយកមកពិនិត្យរកមើលមូលហេតុ លោក សាម៉េត ត្អូញត្អែរថា៖«ខ្ញុំមិនដឹងពីមូលហេតុដែរ ថាហេតុអ្វីបានជាវាងាប់បែបនេះ? រាល់ឆ្នាំតែងតែមានបែបនេះ ងាប់ទាំងគុម្ពៗ ឆ្នាំខ្លះងាប់អស់ជិតមួយចម្ការក៏មានដែរ»។
ដ្បិតជួបបញ្ហាដដែលៗបែបនេះក្ដី ប៉ុន្តែកសិករដែលមានសម្ដីមួយៗរូបនេះ មិនបានស្វែងរក មន្ត្រីកសិកម្ម ឬអ្នកជំនាញខាងកសិកម្មណាមួយ ដើម្បីផ្ដល់យោបល់រកដំណោះស្រាយឡើយ។ ចំពោះហេតុផលលោកប្រាប់ថា៖«ខ្ញុំមិនដឹងទៅរកអ្នកមានជំនាញកសិកម្ម នៅទីណាទេ ព្រោះខ្ញុំមិនធ្លាប់ស្គាល់ ហើយខ្ញុំមិនមានបណ្ដាញ ម្យ៉ាងខ្ញុំក៏រវល់ផង។ មានបញ្ហាអ្វី ខ្ញុំសួរអ្នកដែលដាំដូចគ្នា បើគេមិនដឹងក៏តាមហ្នឹងទៅ។ តែខ្ញុំធ្លាប់ស្គាល់គាត់នោះម្នាក់ដែរ ខ្ញុំមិនដឹងថាគាត់ធ្វើការអ្វីហើយនៅទីណាទេ តែទំនងដូចជាធ្វើការក្នុងអង្គការ។ គាត់ប្រាប់ខ្ញុំពីរបៀបប្រើថ្នាំ តែទោះជាយ៉ាងណា វានៅតែត្រូវប្រើថ្នាំតាមរបៀបខ្ញុំដដែល»។
ត្រូវចំណាយដើមទុនជាមធ្យម ប្រមាណ៤ពាន់ដុល្លារអាមេរិកក្នុងមួយរដូវ ទៅលើពូជ ជី ថ្នាំ ប្រេងបូមទឹក និងថ្លៃជួលកម្មករ។ ប៉ុន្តែនៅក្នុងឆ្នាំនេះ តម្លៃបន្លែលក់ចេញទំនងជាមិនអាចទូទាត់ការចំណាយបានឡើយ។ នេះបើតាមលោក សាម៉េត ដែលបន្តបញ្ជាក់យ៉ាងដូច្នេះ៖«ឆ្នាំនេះប៉េងប៉ោះមួយគីឡូ លក់បានតែតម្លៃ៧០០រៀលប៉ុណ្ណោះ។ បើប្រៀបកាលពីឆ្នាំមុនបានជាងមួយពាន់។ សណ្ដែកបារាំងមួយគីឡូ បានតែ២,០០០រៀល ប្រៀបឆ្នាំមុនបាន៦,០០០រៀលទៅ៧,០០០រៀលឯណោះ។កម្មករម្នាក់ក្នុងមួយថ្ងៃជួលក្នុងតម្លៃ២៥,០០០រៀល ហើយមួយថ្ងៃត្រូវការមនុស្សប្រហែល៧ទៅ១០នាក់ យើងត្រូវជួលតាំងពីដាំរហូតដល់បេះ។ ខ្ញុំត្រូវចំណាយច្រើនទៀត ដូច្នេះបើតម្លៃលក់ចេញបានតែប៉ុណ្ណេះ មើលទៅមិនដឹងថារួចខ្លួនឬអត់ទេ»។
បើទោះបីជាគ្មានសង្ឃឹមថា កសិផលដែលខ្លួនធ្វើបានអាចមានតម្លៃថ្លៃជាទៀងទាត់ក្ដី ក៏លោក អុន សាម៉េត នៅតែ ដាំបន្លែនេះបន្តទៀតដែរ ព្រោះវាជាស្នូលសេដ្ឋកិច្ចក្នុងគ្រួសារដែលមានសមាជិក៥នាក់នេះ ក្រៅពីការលក់ដូរអីវ៉ាន់តិចតួចនៅមុខផ្ទះនោះ៕