ជាតិ
វីដេអូ
អ្នកជំនាញ​កសិកម្ម​ថា រដ្ឋាភិបាល​គួរ​ធ្វើ​ប្រព័ន្ធធារាសាស្ត្រ និង​អាង​ស្ដុក​ទឹក​បន្ថែម​សម្រាប់​វិស័យ​កសិកម្ម​
19, Jan 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ ទឹក ជា​ប្រភព​សំខាន់​សម្រាប់​ការធ្វើ​កសិកម្ម ការដាំដុះ និង​ចិញ្ចឹមសត្វ របស់​ប្រជាកសិករ និង​កន្លងមក​ប្រជាកសិករ​មួយចំនួន បាន​រងគ្រោះ​ដោយសារ​ភាពរាំងស្ងួត និង​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ការងារ​របស់​កសិករ​។ លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម លើកឡើងថា រដ្ឋាភិបាល​គួរ​ធ្វើ​ប្រព័ន្ធធារាសាស្ត្រ និង​អាង​ស្ដុក​ទឹក​បន្ថែម​សម្រាប់​វិស័យ​កសិកម្ម​។


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​ដូចតទៅ​៖ 

 
​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ការងារ​កសិករ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក លោក យ៉ង សាំង​កុមារ បញ្ជាក់​បែបនេះ​៖ «​ជារួម កសិកម្ម​នៅ​ប្រទេស​កម្ពុជា​ដូច​ប្រទេស​ក្ដៅ​មួយចំនួន ឲ្យ​តែមាន​ទឹក​ពេលណា​ក៏​យើង​ធ្វើ​បានដែរ​។ ចំណុច​គន្លឹះ យើង​ត្រូវធ្វើ​ម៉េច គឺ​ការងារ​គ្រប់គ្រង​ទឹក និង​ការធ្វើ​ប្រព័ន្ធធារាសាស្ត្រ អាង​ស្ដុក​ទឹក ការស្ដារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ទឹកធម្មជាតិ ដូចជា បឹង ស្ទឹង អូរ​។ ពិសេស​ជំរុញ​ឲ្យ​មានការ​ស្ដុក​ទឹក​តាម​សហគមន៍ និង​គ្រួសារ ហើយ​នេះ​ជា​វិធានការណ៍ ធ្វើ​យ៉ាងម៉េច​ឲ្យ​មានទឹក​គ្រប់គ្រាន់​។ កាលណា​គ្រប់គ្រង​ទឹកបាន​ល្អ គឺ​ទី​១ ខែវស្សា ជួយ​កាត់បន្ថយ​បញ្ហា​ទឹកជំនន់ ទី​២ ខែប្រាំង យើង​មានទឹក​គ្រប់គ្រាន់ សម្រាប់​ដាំ​ដុះ និង​ចិញ្ចឹមសត្វ ហើយ​ធ្វើ​ឲ្យ​សម្បូរ​ត្រី​ផងដែរ​»​។ 
 
​បើតាម​លោក យ៉ង សាំង​កុមារ នៅ​កម្ពុជា មាន​ប្រព័ន្ធធារាសាស្ត្រ​ជាង ២៥០០​ប្រព័ន្ធ ដែលមាន​ទំហំ​តូច មធ្យម និង​ធំ​។ លោក យ៉ង សាំង​កុមារ បន្តថា​៖ «​ប្រព័ន្ធធារាសាស្ត្រ​ទាំងនោះ ត្រូវការ​ជួសជុល និង​ថែរក្សា​ឡើងវិញ ដែល​ត្រូវការ​ថវិកា​ពី​រដ្ឋាភិបាល រួមទាំង​ភាគី​ពាក់ព័ន្ធ​។ ពិសេស ត្រូវ​ការជីក​បន្ថែម បង្កើត​បន្ថែម ហើយ​បើ​មាន​កាន់តែច្រើន​កាន់តែ​ល្អ ដែល​ត្រូវការ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​»​។ 
 
​អ្នកជំនាញ​កសិកម្ម​រូបនេះ លើកឡើងថា ការវិនិយោគ​ក្នុង​វិស័យ​ធារាសាស្ត្រ បាន​ចំណូល​ខ្ពស់ និង​បាន​ចំណូល​មកវិញ​លឿន​។ សូមបញ្ជាក់ថា  កាលពី​ចុងឆ្នាំ​២០១៩ កម្ពុជា បានទទួល​រងគ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ខ្លាំង រហូតដល់​ខែមករា ឆ្នាំ​២០២០​។  បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​(MRC) នៅ​ថ្ងៃទី​១៩ វិច្ឆិកា ឆ្នាំ​២០១៩ គ្រោះរាំងស្ងួត​នេះ នឹង​ប៉ះពាល់​ដល់​ផលិតផល​កសិកម្ម និង​អាច​ប្រឈម​ការខ្វះខាត​ទឹក​ប្រើប្រាស់​៕ 

Tag:
 កសិករ​
  កសិកម្ម​
  ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com