ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កំឡុងពេល​មក​រដូវ គួរ​ព្យាយាម​ញុាំ​អាហារ​ទាំងនេះ​
20, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជា​ញឹកញយ​អាកា​រៈ​មុនពេល​មក​រដូវ​តែង​បង្ក​ផលប៉ះពាល់​ដល់​ស្ត្រី​សឹងតែ​រៀងរាល់ខែ​ពី​កម្រិត​ស្រាល​ដល់​ធ្ងន់ធ្ងរ​។  ក្នុងចំណោម​អាកា​រៈទាំង​នោះ​រួមមាន​វិលមុខ ឆាប់​ឆេវឆាវ ឈឺក្បាល ឃ្លាន​ខ្លាំង ចុក​រមួល​ក្នុង​ពោះ និង​អស់កម្លាំង ជាដើម​។ អាកា​រៈ​មុនពេល​មក​រដូវ​អាច​កើតឡើង​មុនពេល​ចាប់ផ្ដើម​មក​រដូវ ហើយក៏​បាត់​ទៅវិញ​ដោយ​ឯកឯង​នៅពេល​ក្រោយ​។


 
​ទោះជា​យ៉ាងណា​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​កំឡុងពេល​មក​រដូវ ៖
 
១. បន្លែ​បៃតង​

​ការទទួល​ទាន​បន្លែ​បៃតង​ជួយ​ផ្ដល់ឱ្យ​រាងកាយ​នូវ​ជាតិ​រ៉ែ​ចាំបាច់​បំផុត​មួយ​កំឡុងពេល​មក​រដូវ គឺ​ជាតិ​ដែក​។ បន្លែ​បៃតង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​សរសៃ​ដែល​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ឆ្អែត​បានយូរ​ផងដែរ​។ លើសពីនេះទៅទៀត​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម និង​សារធាតុចិញ្ចឹម​សំខាន់ៗ​ផ្សេងទៀត​ដែល​អាច​សម្រាល​អាកា​រៈ​ចុក​រមួល​ក្នុង​ពោះ​។​
 
២. សាច់​ក្រហម​

​ជាតិ​ដែក​ជា​មូលហេតុ​មួយ​ដែល​ធ្វើឱ្យ​សាច់​ក្រហម​គួរ​ត្រូវបាន​រួមបញ្ចូល​ក្នុង​របប​អាហារ​កំឡុងពេល​មករ​ដូ​វ​។ ទោះជា​យ៉ាងណា​អ្នក​គួរ​ជ្រើសរើស​ទទួលទាន​សាច់​គ្មាន​ខ្លាញ់​និង​ញ៉ាំ​គួបផ្សំ​ជាមួយ​បន្លែ​ផ្សេងៗ​។​
 
៣. គ្រឿង​សមុទ្រ​

​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ អាចជួយ​សម្រាល​អាកា​រៈ​ចុក​រមួល​កំឡុងពេល​មក​រដូវ​គួរឱ្យកត់សម្គាល់​។ ហើយ​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​នេះ​រួមមាន​ត្រី​សម្បូរ​ខ្លាញ់​ដូចជា​សាល​ម៉ុ​ន ព្រមទាំង​គ្រឿង​សមុទ្រ​ផ្សេងទៀត​ដូចជា​បង្កង បង្គា អយ​ស្ទ័​រ មឹក និង​ក្ដាម​។​
 
៤. គ្រាប់​ធញ្ញជាតិ​

​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ផងដែរ​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​លើស​ពីមួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៥. ផ្លែឈើ​ស្រស់ៗ​

​ទោះបីជា​ផ្លែឈើ​មាន​ផ្ទុក​ជាតិ​ស្ករ ប៉ុន្តែ​មិនមែនជា​ស្ករ​កែច្នៃ​ឡើយ​! ដូច្នេះ​អ្នក​មិនគួរ​បារម្ភ​ពេក​ទេ​។ ក្រៅពីនេះ​ផ្លែឈើ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​និង​ជាតិ​រ៉ែ​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​រក្សាសុខ​ភាពល្អប្រសើ​រ ពិសេស​កំឡុងពេល​មក​រដូវ​ដើម្បី​គ្រប់គ្រង​តុល្យភាព​អ័រម៉ូន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com