អន្តរជាតិ
កៀក​ថ្ងៃ​ចូលឆ្នាំ​ចិន ជំងឺ​រលាក​សួត​វូ​ហាន​កើនឡើង​ដល់ ១៣៩​ករណី​
20, Jan 2020 , 9:53 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ចិន​កាន់តែ​ខិតជិត​ចូលមក​ដល់ ករណី​ជំងឺ​រលាក​សួត​មិនមាន​អត្តសញ្ញាណ នៅ​ថ្ងៃទី​២០ ខែមករា ត្រូវបាន​គេ​រាយការណ៍​ថា កើនឡើង​រហូតដល់ ១៣៩​ករណី នៅ​ទូទាំងប្រទេស​ចិន​ទាំងមូល ខណៈពេល​ក្រុម​អ្នកជំនាញ​ថ្នាំពេទ្យ កំពុង​ស្វះ​ស្វែងរក​ដំណោះស្រាយ​ទប់ស្កាត់​វីរុស​ប្រភេទ​ថ្មី​នេះ​។ គ្រាន់តែ​នៅក្នុង​ក្រុង​វូ​ហាន អ្នកជំងឺ​រលាក​សួត​ប្រភេទ​នេះ​មាន​ចំនួន ១៣៦​ករណី ប៉េកាំង ២​ករណី និង​ខេត្ត​គ័ង​តុង មួយ​ករណី​។


​រហូតមកដល់​ពេលនេះ វីរុស​ថ្មី ជាព​ពូជ​កូ​រ៉ូ​ណាវី​រុស (coronavirus) ដែល​អាច​បង្ក​ពី​ជំងឺ​គ្រុនក្តៅ​ធម្មតា​ទៅជា​ជំងឺ​រលាក​សួត​បាន​នោះ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​ក្រុង​វូ​ហាន​រកឃើញថា កើនឡើង​រហូតដល់ ១៣៦​នាក់​។ ក្នុងចំណោម ១៣៦​នាក់​នេះ មាន​អ្នកជំងឺ​ប្រុស ៦៦​នាក់ និង​ស្រី​៧០​នាក់ ដែលមាន​អាយុ​ចន្លោះ​ពី​២៥​ឆ្នាំ ទៅ​៨៩​ឆ្នាំ​។ លើសពីនេះ​អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​នៅក្នុង​ប្រទេស​ចិន បាន​កើនឡើង​រហូតដល់ ៣​នាក់ និង ២០១​នាក់ កំពុង​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​នៅ​ទូទាំងប្រទេស​ចិន​ទាំងមូល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia​។ 
 
​ក្រៅពី​កើនឡើង​នៃ​ចំនួន​អ្នកជំងឺ រី​រុស​ថ្មី​នេះ ក៏បាន​រីកសាយ​ភាយ​ដល់ទី​ក្រុង​ប៉េកាំង និង​ក្រុង​ស៊ិន​ជិន ខេត្ត​គ័ង​តុង​ផងដែរ​។ បើតាម​អាជ្ញាធរ​សុខាភិបាល​ខណ្ឌ​តា​ស៊ី​ង ក្រុង​ប៉េកាំង មនុស្ស​ពីរ​នាក់​បាន​ឆ្លង​ជំងឺ​រលាក​សួត​នេះ បន្ទាប់ពី​បានធ្វើ​ដំណើរ​ទៅ​ទីក្រុង​វូ​ហាន​។ ចំណែក​នៅក្នុង​ខេត្ត​គ័ង​តុង វិញ បុរស​ចំណាស់​វ័យ ៦៦​ឆ្នាំ​ម្នាក់ ក៏បាន​កើត​ជំងឺ​នេះដែរ បន្ទាប់ពី​ទៅលេង​សាច់ញាតិ​នៅ​ក្រុង​វូ​ហាន​នេះដែរ​។ មនុស្ស​ទាំងបី​នាក់​នេះ ត្រូវបាន​គេ​ដាក់​នៅ​បន្ទប់​ដោយឡែក ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​។ 
 
​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ថ្មី​មួយ​នេះ អង្គការ​សុខភាព​ពិភពលោក និង​អាជ្ញាធរ​សុខាភិបាល​ចិន បាន​សហការ​ជាមួយគ្នា ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​ប្រភេទ​នេះ តាំងពី​ខែធ្នូ ឆ្នាំ​២០១៩​មក​ម្លេះ​។ លើសពីនេះ អាជ្ញាធរ​ចិន បានដាក់​កាមេរ៉ា​កាន់តែច្រើន សម្រាប់​ស្កេ​ន​មើល​អ្នកដំណើរ​ផងដែរ ដើម្បី​ពិនិត្យ​មើលថា​មាន​នរណា​ផ្ទុក​វីរុស​ប្រភេទ​នេះ ឬ​អត់​។​
 
​មាន​ក្រុម​អ្នកជំនាញ​មួយចំនួន យល់ឃើញថា វីរុស​ប្រភេទ​ថ្មី​នេះ មិន​គ្រោះថ្នាក់​ដូច​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ SARS​នោះទេ​។ យ៉ាងណាក៏ដោយ អាជ្ញាធរ​ចិន នៅតែ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ ព្រោះ​ករណី​វីរុស កាន់តែ​កើន​ច្រើនឡើង ខណៈពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន កាន់តែ​កៀក​ចូលមក​ដល់​។ នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​នេះ ប្រជាជន​ចិន​ជាច្រើន នឹងធ្វើ​ដំណើរ​ទៅលេង​សាច់ញាតិ និង​ដើរលេង​នៅ​ប្រទេសក្រៅ​ជាដើម ហើយ​ពួកគេ​ក៏​អាច​នាំ​វីរុស​ប្រភេទ​ថ្មី​នេះ​ទៅជា​មួយ​ផងដែរ​។ 
 
​សូមបញ្ជាក់ថា វីរុស​ថ្មី ដែលជា​ពពូ​ជ កូ​រ៉ូ​ណាវី​រុស (coronavirus) មិន​ត្រឹមតែ​រកឃើញ​នៅពេល​ចិន​ទេ ប៉ុន្តែ​ថ្មីៗ​នេះ គេ​បាន​រកឃើញ​អ្នកជំងឺ​ផ្ទុក​វីរុស​នេះ​នៅ​ជប៉ុន​ម្នាក់ និង​ថៃ​ពីរ​នាក់ ខណៈពេល​ប្រទេស​ផ្សេងៗ​ទៀត កំពុង​ព្រួយបារម្ភ​ពី​បញ្ហា និង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ប្រុងប្រយ័ត្ន និង​កុំ​ធ្វើដំណើរ​ទៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com