អន្តរជាតិ
នេ​ប៉ាល់​៖ អាកាសធាតុ​មិនល្អ ក្លាយជា​បញ្ហា​សម្រាប់​ការរុករក​អ្នក​ឡើង​ភ្នំ​កូរ៉េខាងត្បូង​៤​នាក់ដែលបាត់ខ្លួន
20, Jan 2020 , 2:50 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​អ្នកដើរ​ឡើង​ភ្នំ​ជនជាតិ​កូរ៉េខាងត្បូង ៤​នាក់ និង​អ្នក​នាំ​ផ្លូវ​ជនជាតិ​នេ​ប៉ាល់ ៣​នាក់ បាន​បាត់​ខ្លួន​នៅ​ភ្នំ Annapurna នេ​ប៉ាល់ បន្ទាប់ពី​ផ្ទាំង​ទឹកកក​បាន​រអិល​ពីលើ​។ នេះ​បើតាម​ការអះអាង​របស់​ក្រុម​ជួយសង្គ្រោះ​នេ​ប៉ាល់ នៅ​ថ្ងៃទី​១៩ ខែមករា​។


 
Annapurna គឺ​ភ្នំ​មួយ ដែលមាន​កម្ពស់​ជាង ៨​គីឡូម៉ែត្រ និង​ខ្ពស់​ជាងគេ​លំដាប់​ទី​១០​លើ​ពិភពលោក ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៥០​គីឡូ​ម៉ែត​ពី​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ ប្រទេស​នេ​ប៉ាល់​។ ដោយសារ​កម្ពស់​ដ៏​ខ្ពស់​បែបនេះ ភ្នំ Annapurna បាន​ទាក់ទាញ​អ្នក​ឡើង​ភ្នំ​ជាច្រើន​នាក់​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​។​
 
​អ្នកដើរ​ឡើង​ភ្នំ​ជនជាតិ​កូរ៉េខាងត្បូង ចំនួន​៤​នាក់ ដែល​បាន​ដើរ​ឡើង​ភ្នំ​ដ៏​ខ្ពស់​មួយ​នេះ និង​អ្នក​នាំ​ផ្លូវ​នេ​ប៉ាល់​៣​នាក់​ទៀត ត្រូវបាន​វាយប្រហារ ដោយ​ការ​រអិល​ធ្លាក់​នៃ​ផ្ទាំង​ទឹកកក​។ រហូតមកទល់​ពេលនេះ ក្រុម​ជួយសង្គ្រោះ មិនទាន់​អាច​បើក​ប្រតិបត្តិការ​របស់ខ្លួន​ភ្លាមៗ​នៅឡើយ​ទេ ពោលគឺ​ត្រូវ​រង់ចាំ​ដល់​ផ្ទាំង​ទឹកកក​រលាយ​សិន​។  
 
​មន្ត្រី​នាយកដ្ឋាន​ទេសចរណ៍​នេ​ប៉ាល់​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សមាគម​របស់​ទីភ្នាក់ងារ​ដំណើរ​ឡើង​ភ្នំ បាន​បញ្ជូន​អ្នក​ជួយសង្គ្រោះ​ទៅ ៧​នាក់ ដោយ​ភ្ជាប់​ជាមួយ​ឧបករណ៍​ជួយសង្គ្រោះ​ផងដែរ ប៉ុន្តែ​ភ្លាមៗ​នេះ គេ​មិនទាន់​អាច​បើក​ការរុករក​បាន​នៅឡើយ​ទេ ហើយ​ប្រតិបត្តិការ​នេះ អាច​ប្រើ​រយៈពេល​រហូតដល់ ២០​ថ្ងៃ ព្រោះ​មាន​ផ្ទាំង​ទឹកកក​ថ្មីៗ មាន​ភ្លៀង ហើយ​គេ​ត្រូវ​រង់ចាំ​ដល់​អាកាសធាតុ​ល្អ​សិន​។  
 
​សូមបញ្ជាក់ថា ដោយសារ​តែមាន​បញ្ហា​អាកាសធាតុ ឧទ្ធម្ភាគចក្រ​ជួយសង្គ្រោះ​របស់​នេ​ប៉ាល់​ចំនួន ៤​គ្រឿង​នៅ​ថ្ងៃទី​១៨ ខែមករា បាន​ជម្លៀស​មនុស្ស​ចំនួន ២០០​នាក់ ក្នុងនោះ​រួមមាន អ្នក​ឡើង​ភ្នំ​ជនជាតិ​បរទេស​១៤០​នាក់​ផងដែរ​៕

Tag:
 នេ​ប៉ាល់​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com