ជាតិ
«​យុវជន​» គួរ​ទទួលបាន​នូវ​ការលើកទឹកចិត្ត ជាជាង​ការ​ប្រឹង​បន្តុះ​បង្អាប់​!
20, Jan 2020 , 4:01 pm        
រូបភាព
ដោយ:
​យុវជន​សម័យនេះ ខុសពី​យុវជន​សម័យមុន​! យើង​តែង​ឃើញ​ការលើកឡើង​បែបនេះ​ជា​ញឹកញាប់​។ មនុស្ស​ចាស់ បាន​លើកឡើងថា កាល​នៅ​ជំនាន់​ពួកគាត់ «​យុវជន​» មានការ​ប្រឹងប្រែង ឧស្សាហ៍ ព្យាយាម មាន​សីលធម៌​ខ្ពស់ និង​ចេះ​គោរព​ចាស់ទុំ  តែបើ​ក្រឡេកមើល សម័យ​បច្ចុប្បន្ន «​យុវជន​» មាន​ភាព​ខ្ជិលច្រអូស ចេះ​បន្តិចបន្តួច​ក្អេងក្អាង ចូលចិត្ត​លេង​បណ្ដាញ​សង្គម និង​មិន​ខិតខំ​រៀនសូត្រ ឬ​ធ្វើការ​ជាដើម​។​

 
​ជា​យុវជន​មួយរូប​ដែលមាន​អាយុ​ជាង​២០​ឆ្នាំ ទោះ​មិនទាន់​រៀន​ចប់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ប៉ុន្តែ​ខ្ញុំបាទ​យល់ឃើញថា​​ទម្លាប់​តាមៗ​គ្នា​ក្នុងការ​បន្ទោស​បង្អាប់​យុវជន មិនមែន​ដំណោះស្រាយ​ឡើយ​សម្រាប់​សង្គមជាតិ​។ ការពិត​ជាក់ស្តែង បញ្ហា​ជាច្រើន​ត្រូវបាន​មនុស្ស​ជំនាន់​មុន​ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ទូល​រែក​។​
 
​អំពើពុករលួយ បក្ខពួកនិយម ការ​ពូកែ​រិះគន់​ដែល​មើល​ឃើញតែ​បញ្ហា ដោយ​មិន​ផ្តល់​ដំណោះស្រាយ ទង្វើ​ទាំងនេះ បាន​បន្ត​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។ យុវជន​សម័យនេះ ពិតជា​ត្រូវការ​ខ្លាំងណាស់​ការរិះគន់​ក្នុង​គោលដៅ​ស្ថាបនា មិនមែនជា​ការរិះគន់​ជាន់ពន្លិច​នោះឡើយ​។​
 
​ជំនួស​ឲ្យ​ការស្តីបន្ទោស​លើ​យុវជន ដែល​មែនទែនទៅ ពួកគេ​ជា​ជនរងគ្រោះ​ពី​ទង្វើ​របស់​មនុស្ស​ជាន់មុន មនុស្ស​ចាស់​គួរផ្តល់​ការលើកទឹកចិត្ត ឱកាស ការអត់ឱន ក្តី​ស្រលាញ់ ការ​អាណិត មិន​រើសអើង​មនុស្ស​មាន​សមត្ថភាព ដើម្បី​ជួយ​ពួកគេ​ដើរ​ឆ្ពោះទៅមុខ​។ ពួកគាត់ តែង​ភាន់ច្រឡំ ទំនុកចិត្ត (confidence ), ភាពជា​ម្ចាស់ការ​លើ​ខ្លួន (self-reliance) និង​ការ​ឲ្យ​តម្លៃ​លើ​ខ្លួនឯង (self-esteem) របស់​យុវជន​ថា​ជា «​អំនួត​ក្អេងក្អាង និង​ទង្វើ​គ្មាន​សីលធម៌​» ទៅវិញ​។ 
 
​បើ​មនុស្ស​ជំនាន់​មុន គិតថា មានតែ​គំនិត​ពួកគាត់​ត្រឹមត្រូវ ព្រោះ​ពួកគាត់​កើតមុន ហែល​ឆ្លងកាត់​ជីវិត​មុន ហើយ​ខ្លះ​ថែមទាំង​ប្រើ​ទស្សន​អវិជ្ជមាន​មើល​លើ​យុវជន​ជំនាន់​ថ្មី​ទៀត​នោះ វា​គឺជា​ការបិទ​សិទ្ធិ​បញ្ចេញ​គំនិត សមត្ថភាព ភាព​ច្នៃប្រឌិត និង​នវានុវត្តន៍ របស់​ពួកគេ​។ 
 
​ដើរ​ផង លូន​ផង រត់​ផង ហើយ​តាមផ្លូវ​ទទួលរង​ថ្ម​បាក់​ផង យុវជន អាច​បាក់​ទឹកចិត្ត ព្រោះ​យល់ឃើញថា ការប្រឹងប្រែង​ពួកគេ គ្មាន​ន័យ ហើយ​ប្រហែលជា​នឹង​បោះបង់ចោល​ពាក់កណ្ដាល​ផ្លូវ​ថែម​ទៀតផង ដោយ​កត់សម្គាល់ថា គ្មាន​អ្នកផ្តល់​តម្លៃ គ្មាន​អ្នកជំរុញ​ទឹកចិត្ត​សោះ តែ​បែរជា​ឃើញតែ ការជាន់​ពន្លិច និង​រើសអើង​៕

© រក្សាសិទ្ធិដោយ thmeythmey.com