អន្តរជាតិ
អាជ្ញាធរ​កូរ៉េខាងត្បូង រកឃើញ​ករណី​ទី​១​នៃ​ជំងឺ​រលាក​សួត​ដែល​ផ្ទុះ​នៅ​វូ​ហាន​
20, Jan 2020 , 4:37 pm        
រូបភាព
ប្រភពរូប៖ ទីភ្នាក់ងារព័ត៌មាន Yonhap
ប្រភពរូប៖ ទីភ្នាក់ងារព័ត៌មាន Yonhap
ដោយ:
​អាជ្ញាធរ​កូរ៉េខាងត្បូង បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ ២០ មករា​ថា ខ្លួន​បាន​រកឃើញ​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ជា​លើកដំបូង ដែល​បាន​ផ្ទុះឡើង​ក្នុងប្រទេស​ចិន​។ កូរ៉េខាងត្បូង ជា​ប្រទេស​ទី​៣​ហើយ​ដែល​រកឃើញ​ករណី​ជំងឺ​នេះ បន្ទាប់ពី​ប្រទេស​ជប៉ុន និង​ថៃ ។​

 
​អ្នកជំងឺ​ដែលមាន​ផ្ទុក​ជំងឺ​រលាក​សួត​ដែល​មិនទាន់មាន​អត្តសញ្ញាណ គឺជា​ស្ត្រីជន​ជាតិចិន​អាយុ ៣៥​ឆ្នាំ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុង​ទីក្រុង​វូ​ហាន ភាគ​កណ្ដាល​ប្រទេស​ចិន​។ ស្ត្រី​រូបនេះ បានធ្វើ​ដំណើរ​តាម​យន្តហោះ​ពី​ទីក្រុង វូ​ហាន ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ Incheon កាលពី​ថ្ងៃអាទិត្យ ១៩ ខែមករា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​កូរ៉េខាងត្បូង (KCDC) ។ 
 
​ស្ត្រី​រូបនេះ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដោយឡែក ខណៈ​នាង​មាន​អាកា​រៈ​ក្តៅខ្លួន​ខ្លាំង និង​មាន​បញ្ហា​ផ្លូវដង្ហើម​។ ហើយ​ក្រោយ​ការធ្វើ​តេស្ត​រួច ទើប​ដឹងថា នាង​ពិត​ជាមាន​ផ្ទុះ​វីរុស​ប្រភេទ​ថ្មី (​អំបូរ​កូ​រ៉ូ​ណាវី​រុស​) នេះ​មែន​។ តាម​ការចុះផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន Yonhap ភ្នាក់ងារ​សុវត្ថិភាព​និង​សុខភាព​សាធារណៈ​របស់​ប្រទេស​នេះ បាន​បញ្ជាក់ថា ស្ត្រី​រូបនេះ បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វូ​ហាន វិញ កាលពី​សប្តាហ៍​មុន​។ អ្នកជំងឺ​រូបនេះ ទទួលបាន​ការព្យាបាល​នៅឯ​មន្ទីរពេទ្យ​ក្នុងស្រុក​មួយ ។ 
 
​ភ្នាក់ងារ KCDC នេះ បាន​បង្កើន​កម្រិត​ប្រកាសអាសន្ន​នៃ​ការឆ្លង​ពី​ការយកចិត្តទុកដាក់​ដ​ល់​ការប្រុងប្រយ័ត្ន បន្ទាប់ពី​មាន​ករណី​ដំបូង​នៃ​វីរុស ហើយក៏​ពង្រីក​ការតាមដាន​ផងដែរ​។ អភិបាលក្រុង​និង​ខេត្ត​របស់​ប្រទេស​កូរ៉េខាងត្បូង នឹង​ដំណើរការ​ប្រព័ន្ធ​ដាក់​ឲ្យ​នៅ​ដាច់ពីគ្នា​ជាបន្ទាន់​ក្នុង​មួយ​ម៉ោង​ខ្លះ ដូចជា ក្នុងឱកាស​វិស្សមកាល​បុណ្យចូលឆ្នាំថ្មី ដែល​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​។​
 
​ខណៈ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ចិន​កាន់តែ​ខិតជិត​ចូលមក​ដល់ ករណី​ជំងឺ​រលាក​សួត​មិនមាន​អត្តសញ្ញាណ នៅ​ថ្ងៃទី​២០ ខែមករា ត្រូវបាន​គេ​រាយការណ៍​ថា កើនឡើង​រហូតដល់ ១៣៩​ករណី នៅ​ទូទាំងប្រទេស​ចិន​ទាំងមូល​។ គ្រាន់តែ​នៅក្នុង​ក្រុង​វូ​ហាន អ្នកជំងឺ​រលាក​សួត​ប្រភេទ​នេះ​មាន​ចំនួន ១៣៦​ករណី ប៉េកាំង ២​ករណី និង​ខេត្ត​គ័ង​តុង មួយ​ករណី​។​
 
​សូមបញ្ជាក់ថា វីរុស​ថ្មី ដែលជា​ពពូ​ជ កូ​រ៉ូ​ណាវី​រុស (coronavirus) មិន​ត្រឹមតែ​រកឃើញ​នៅពេល​ចិន​ទេ ប៉ុន្តែ​ថ្មីៗ​នេះ គេ​បាន​រកឃើញ​អ្នកជំងឺ​ផ្ទុក​វីរុស​នេះ​នៅ​ជប៉ុន​ម្នាក់ និង​ថៃ​ពីរ​នាក់ ខណៈពេល​ប្រទេស​ផ្សេងៗ​ទៀត កំពុង​ព្រួយបារម្ភ​ពី​បញ្ហា និង​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន​ប្រុងប្រយ័ត្ន និង​កុំ​ធ្វើដំណើរ​ទៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​៕

Tag:
 កូរ៉េខាងត្បូង​
  ជំងឺ​រលាក​សួត​វូ​ហាន​
© រក្សាសិទ្ធិដោយ thmeythmey.com