កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ ក្រោយ​ឈ្នះ Man Utd អ្នកគាំទ្រ​ស្រែកថា Liverpool លើក​ពាន​ហើយ តែ Klopp បដិសេធ​
20, Jan 2020 , 5:43 pm        
រូបភាព
Liverpool នៅតែ​រក្សា​ភាពមិន​ចាញ់​របស់ខ្លួន​ក្រោយ​យកឈ្នះ Manchester United ដោយ​លទ្ធផល ២-០ ក្នុងការ​ប្រកួត Premier League នៅ​យប់​ថ្ងៃទី​១៩ ខែមករា​។ តាមរយៈ​ជ័យជម្នះ​នៅ Anfield អ្នកគាំទ្រ​ហង្ស​ក្រហម​បាន​ស្រែក​អបអរ​ថា​ក្រុម​ពួកគេ​ឈ្នះ​ពាន​កំពូល​អង់គ្លេស​រដូវ​កាល​នេះហើយ​។ លោក Jurgen Klopp បដិសេធ​ចំពោះ​ការអះអាង​ដែ​ថា​ក្រុម​លោក​លើក​ពាន ខណៈ​ការប្រកួត​នៅ​វែងឆ្ងាយ​។​


 
​លោក Klopp អ្នកចាត់ការ​ទូទៅ​ក្រុម Liverpool បានធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន និង​អ្នកតាមដាន​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការដឹកនាំ​របស់លោក​។ ឆ្លងកាត់​ការប្រកួត​២២​លើក​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ ហង្ស​ក្រហម​មិនទាន់​ស្គាល់​រសជាតិ​ចាញ់​ឡើយ និង​មាន​១៦​ពិន្ទុ​នាំមុខ​ក្រុម​លេខ​២ Manchester City ហើយ​សល់​១​ប្រកួត​ក្នុង​ដៃ​ថែមទៀត​។​
 
​ក្រោយ​ជ័យ​ជម​ន្នះ​របស់ Liverpool លើ​ក្រុម Man Utd ដែល​សម្រេច​គ្រាប់​បាល់​បាន​ដោយ​ខ្សែការពារ Virgil van Dijk និង​ខ្សែការពារ Mohamed Salah ក្រុម​អ្នកគាំទ្រ​បាន​ស្រែក​ច្បាស់ៗ​ថា «​យើង​នឹង​ឈ្នះ​ពាន​លី​គ​កំពូល​»​។​
 
​ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ Klopp នៅតែ​និយាយថា​លោក និង​កីឡាករ​ហង្ស​ក្រហម​នៅតែ​មិនទាន់​អាច​អបអរ​អំពី​ការលើក​ពាន​នៅឡើយ​នោះទេ​។​



«​អ្នកគាំទ្រ​អាច​ច្រៀង​បាន ប៉ុន្តែ​ការ​ច្រៀង​ថា​យើង​លើក​ពាន ខ្ញុំ​គិតថា​មិនទាន់​ដល់ពេល​ទេ​។ អ្នក​រាល់គ្នា​គួរតែ​អបអរ​អ្វី​ក្រៅពីនេះ​។ យើង​ត្រូវ​ផ្តោតលើ​ការប្រកួត​បន្ត ព្រោះ​ផ្លូវ​នៅ​វែងឆ្ងាយ​។ យើង​មាន​ស្ថានភាព​ដូច​មុន​បើ​ទោះ​ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដែល​អស្ចារ្យ និង​មិនគួរ​ឲ្យ​ជឿ​ក្តី​»​។ អ្នកចាត់ការ​វ័យ​៥២​ឆ្នាំ​បាន​ប្រាប់​ទូរទស្សន៍ Sky Sports ដូច្នេះ​។​
 
​ប្រសិនបើ Liverpool ពិតជា​ឈ្នះ​ពាន Premier League រដូវ​កាល ២០១៩-២០ នេះ​មែន មានន័យថា​នេះ​ជា​លើកដំបូង​ហើយ​ចាប់តាំងពី​រដូវ​កាល ១៩៨៩-៩០ ពោលគឺ​ក្រោយ​រយៈពេល ៣០​ឆ្នាំ​។​
 
Liverpool ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​៦៤​ពិន្ទុ តាម​ពីក្រោយ​ដោយ Man City ដែលមាន​៤៨​ពិន្ទុ​។ Leicester City ឈរ​លេខ​៣ មាន​៤៥​ពិន្ទុ ហើយ Chelsea នៅ​លេខ​រៀង​ទី​៤ មាន​៣៩​ពិន្ទុ​។ Aston Villa, AFC Bournemouth និង Norwich City នៅ​តំបន់​ត្រូវ​កាត់ចោល​៕



Tag:
 Premier League
  Liverpool
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com