អន្តរជាតិ
លោក មហា​ធៀ ថា រដ្ឋាភិបាល​នឹង​ចាញ់ឆ្នោត​អាណត្តិ​ក្រោយ បើ​មិន​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​
20, Jan 2020 , 8:59 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​២០ ខែមករា បាន​ព្រមាន​ថា រដ្ឋាភិបាល​ប​ច្ច​ប្បន្ន នឹង​ចាញ់​ក្នុងការ​បោះឆ្នោត​លើ​ក្រោយ ប្រសិនបើ​មានការ​ផ្លាស់ប្ដូរ​ទេនោះ​។ លោក មហា​ធៀ ព្រមាន​បែបនេះ ក្រោយ​សម្ពន្ធភាព​កាន់អំណាច​បច្ចុប្បន្ន បាន​រង​បរាជ័យ​ផ្ទួនៗ​ក្នុងការ​បោះឆ្នោត​បំពេញបន្ថែម​សមាជិកសភា​។ លោក មហា​ធៀ ថែមទាំង​មិនសូវ​ជឿជាក់​លើ​សមត្ថភាព​រប​ស់មេ​ដឹកនាំ​ជំនាន់​ក្រោយ​របស់​ម៉ាឡេស៊ី​ទៅទៀត​។​

 
​បរាជ័យ​៥​ដង​ក្នុងការ​បោះឆ្នោត​បំពេញបន្ថែម​សមាជិកសភា កំពុង​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ខ្វល់ខ្វាយ​ពី​អនាគត​សម្ពន្ធភាព​កាន់អំណាច​របស់លោក​។ លោក មហា​ធៀ ក៏​ថែមទាំង​ព្រមាន​ថា រដ្ឋាភិបាល​របស់លោក អាចដឹកនាំ​ប្រទេស​បានតែ​មួយ​អាណត្តិ​នេះ​ប៉ុណ្ណោះ​។ ប្រាប់​អ្នកសារព័ត៌មាន​ថ្ងៃទី​២០ ខែមករា នៅ​ទីក្រុង​ឡាំ​កា​វី លោក មហា​ធៀ បញ្ជាក់ថា ប្រសិនបើ​គ្មាន​ការផ្លាស់ប្ដូរ​ដុំកំភួន​អ្វី​នោះ សម្ព័ន្ធភាព Pakatan Harapan នឹង​បរាជ័យ​មិន​ខាន​។ 
 
​សម្ពន្ធភាព Pakatan Harapan ដែល​មានន័យថា សម្ពន្ធភាព​នៃ​ក្ដីសង្ឃឹម បាន​ផ្ដួល​សម្ពន្ធភាព​កាន់អំណាច Barisan Nasional ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨ ។ លោក មហា​ធៀ ដែល​ធ្លាប់​ដឹកនាំ​សម្ពន្ធ​នេះ​ជាច្រើន​ឆ្នាំ បាន​ចាប់ដៃ​អតីត​គូសត្រូវ និង​មន្ត្រី​ក្រោមបង្គាប់​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដើម្បី​បង្កើត​សម្ព​ភាព Pakatan Harapan ហើយក៏​យកឈ្នះ​អតីត​បក្សនយោបាយ​រប​ស់​ខ្លួន ខណៈ​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​ដល់​សព្វថ្ងៃ​។ 
 
​យ៉ាងណាមិញ សម្ព​ភាព​កាន់អំណាច​របស់លោក មហា​ធៀ បាន​រង​បរាជ័យ​ផ្ទួនៗ​ក្នុងការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​សមាជិក​សភាព​បំពេញ​កៅអី​ដែល​ទំនេរ​។ ចុងក្រោយ​នេះ សម្ពន្ធភាព​នេះ ចាញ់ឆ្នោត​នៅឯ​មណ្ឌល​មួយ​ក្នុង​រដ្ឋ Sabah ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក មហា​ធៀ អះអាងថា លោក​នឹង​បើក​ការត្រួតពិនិត្យ​ដើម្បី​រកហេតុ​ផល​នៃ​បរាជ័យ​នេះ​។​
 
«​យើង​បាន​ចាញ់​ការបោះឆ្នោត​បំពេញបន្ថែម​ចំនួន​៥ ប៉ុន្តែ​ពួកគេ​នៅតែ​មិន​យល់​ដដែល​។​» នេះ​ជា​សម្ដី​របស់លោក មហា​ធៀ ប្រាប់​អ្នកសារព័ត៌មាន ដែល​បន្តថា លោក​បាន​ប្រាប់​មន្ត្រី​ពី​គោលការណ៍​ប្រជាធិបតេយ្យ​ដែល​ត្រូវការ​ការគាំទ្រ​ពី​ប្រជាជន​។ បើតាម​លោក មហា​ធៀ មន្ត្រី​បក្ស​កាន់អំណាច បាន​ទាស់ទែង​គ្នា និង​បង្ក​ការបែងចែក​ក្នុងចំណោម​ប្រជាជន ដែល​ការណ៍​នេះ​នឹងធ្វើ​ឲ្យ​បក្ស​កាន់អំណាច​បរាជ័យ បើ​មិន​ផ្លាស់ប្ដូរ​ទេនោះ​។​
 
​នាយករដ្ឋមន្ត្រី​វ័យ​៩៤​ឆ្នាំ​រូបនេះ ទំនង​ចង់​សំដៅ​ដល់​ទំនាស់​ផ្ទៃក្នុង​សម្ពន្ធភាព​កាន់អំណាច​លើ​បេក្ខជន​ដែល​ត្រូវ​ស្នង​តំណែង​បន្ត​ពី​លោក​។ តាម​កិច្ចព្រមព្រៀង លោក អាន់​វ៉ា ជា​អ្នក​ត្រូវធ្វើ​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក មហា​ធៀ ដែល​កាន់តំណែង​ពីរ​បី​ឆ្នាំ​សិន​។ ប៉ុន្តែ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច អា​ស្មី​ន អា​លី ដែល​មកពី​បក្ស​តែមួយ​នឹង​លោក អាន់​វ៉ា នោះ ក៏​ត្រូវបាន​មើលឃើញថា ជា​បេក្ខភាព​មួយ​ដែរ​។ លោក អា​ស្មី​ន និង​លោក អាន់​វ៉ា កំពុង​មិនត្រូវ​គ្នា​។ វា​ទំនងជា​មូលហេតុ​មួយ​ដែល​ប្រជាជន​លែង​គាំទ្រ​បក្ស​នេះ​ទៀត​៕ 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com