អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកភាពសំណើអាមេរិករៀបចំជំនួបពិសេសនៅឡាសវេហ្កាស រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ានចាប់ដៃនាជំនួបនៅវៀតណាម។ រូបភាព AFP
× ប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន បានយល់ព្រមរួមគ្នាលើសំណើរបស់អាមេរិកលើគម្រោងជំនួបពិសេសមេដឹកនាំអាស៊ាន-អាមេរិក នៅទីក្រុងឡាសវេហ្កាស អំឡុងខែមីនាខាងមុខ។ នេះបើតាមការប្រកាសរបស់ប្រមុខការទូតហ្វីលីពីននៅថ្ងៃទី២០ ខែមករាក្រោយជំនួបចង្អៀតនៅវៀតណាម។ យ៉ាងណាមិញ ការចូលរួម ឬមិនចូលរួម គឺអាស្រ័យលើការសម្រេចចិត្តរបស់មេដឹកនាំនៃរដ្ឋសមាជិកនីមួយៗ។
«កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអនុម័តលើកុងសង់ស៊ីសដើម្បីរៀបចំជំនួបអាស៊ាន-អាមេរិក។» នេះជាសំណេរបស់លោក Teodoro Locsin Jr រដ្ឋមន្ត្រីការបរទេសហ្វីលីពីននៅលើបណ្ដាញសង្គម Twitter នៅថ្ងៃទី២០ ខែមករា។
ប្រធានាធិបតី ដូណាល់ ត្រាំ ដែលខកខានមិនចូលរួមជំនួបជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ាននៅថៃកាលពីឆ្នាំ២០១៩ បានផ្ញើលិខិតអញ្ជើញមេដឹកនាំរដ្ឋទាំង១០ ឲ្យទៅជួបលោកនៅទឹកដីអាមេរិកវិញ។ តាមគម្រោង រដ្ឋាភិបាលអាមេរិក គ្រោងរៀបចំជំនួបពិសេសជាមួយមេដឹកនាំអាស៊ាននៅខែមីនា ឆ្នាំ២០២០ នៅទីក្រុងឡាសវេហ្កាស នៃរដ្ឋណេវ៉ាដា។
អវត្តមានជំនួបនៅថៃ គឺជាលើកទីពីរដែលលោក ត្រាំ មិនបានជួបមេដឹកនាំអាស៊ាន។ នៅថៃ មិនត្រឹមមិនមកខ្លួនឯងឡើយ លោក ត្រាំ បញ្ជូនត្រឹមមន្ត្រីថ្នាក់ត្រឹមទីប្រឹក្សាសន្តិសុខជាតិមកទៅទៀត។ កាលនោះ មេដឹកនាំអាស៊ានតែបីប្រទេសប៉ុណ្ណោះដែលបង្ហាញខ្លួននាជំនួបមេដឹកនាំអាស៊ាន-អាមេរិក ខណៈ៧ប្រទេសទៀត បញ្ជូនត្រឹមថ្នាក់រដ្ឋមន្ត្រីការបរទេសធ្វើជាតំណាង។ លោក ត្រាំ ក៏រងការរិះគន់ថា មិនឲ្យតម្លៃអាស៊ានទៀតផង។
យ៉ាងណាមិញ ការឯកភាពគ្នាខាងលើ ជាការសម្រេចចិត្តថ្នាក់រដ្ឋមន្ត្រីការបរទេសប៉ុណ្ណោះ។ បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ដែលស្រង់ប្រភពពីអាស៊ាន ការសម្រេចចិត្តចុងក្រោយ គឺស្ថិតក្នុងប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បានប្រកាសរួចហើយថា នឹងទៅអាមេរិកតាមការអញ្ជើញរបស់លោក ត្រាំ ។
មេដឹកនាំអាស៊ានដទៃទៀត នៅមិនទាន់ការប្រកាសផ្លូវការនៅឡើយទេ។ នៅហ្វីលីពីន វិមានប្រធានាធិបតី Malacanang បញ្ជាក់ថា លោក រ៉ូឌ្រីហ្គោ ឌូទើតេ នៅមិនទាន់ឆ្លើយថា អូខេឡើយទៅនឹងសំណើរបស់លោក ត្រាំ ៕
Tag:
អាមេរិក
អាស៊ាន
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com