អន្តរជាតិ
ចិន ដាក់ចេញ​វិធានការ​ហាមឃាត់​ការប្រើប្រាស់​ប្លា​ស្ទិ​កនៅ​ឆ្នាំ​២០២៥
20, Jan 2020 , 10:19 pm        
រូបភាព
ផលិតផលប្លាស្ទិក។  រូបភាព៖ foxbusiness
ផលិតផលប្លាស្ទិក។ រូបភាព៖ foxbusiness
​គណៈកម្មការ​កំណែទម្រង់ និង​អភិវឌ្ឍន៍​ជាតិ និង​ក្រសួងបរិស្ថាន និង​អេកូឡូស៊ី​ចិន នៅ​ថ្ងៃទី​១៩ ខែមករា បាន​លើកឡើងថា ចិន​បាន​ឈាន​ជើង​មួយ​ជំហាន​ទៀត ក្នុងការ​រឹតបន្តឹង​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ត្រឹមតែ​មួយដង ហើយ​បោះចោល​។ វិធានការ​របស់​រដ្ឋា​ភិ​បាល​ចិន​នៅពេលនេះ គឺ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ដោះស្រាយ​បញ្ហា​បរិស្ថាន​នៅក្នុង​ប្រទេស​។


 
​បន្ទាប់ពី​ចំណាត់ការ​ហាមឃាត់​នាំចូល​សម្រាម​ពី​បរទេស តាមរយៈ​គោលនយោបាយ «​ដាវ​ជាតិ​» កាលពីដើមឆ្នាំ​២០១៨ ពេលនេះ​ចិន បាន​ឈាន​មួយ​ជំហាន​ទៀត ទៅរក​វិធានការ​ហាមឃាត់​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ត្រឹម​តែមួយ​លើក​រួច​បោះចោល​។ វិធានការ​របស់​ចិន​នៅពេលនេះ គឺ​ចូលរួម​កាត់បន្ថយ​ការដុត​សម្រាម និង​ការចាក់សម្រាម​ចូលទៅក្នុង​ទន្លេ​ជាដើម​។ 
 
​គោលនយោបាយ​ថ្មី​មួយ ត្រូវបាន​តាក់តែងឡើង​ដោយ គណៈកម្មការ​កំណែទម្រង់ និង​អភិវឌ្ឍ​ជាតិ និង​ក្រសួងបរិស្ថាន និង​អេកូឡូស៊ី នឹង​រឹតត្បិត​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​កនៅ​ទីក្រុង​សំខាន់ៗ​ទាំងអស់​របស់​ចិន​នៅ​ចុងឆ្នាំ ២០២០ និង​ក្រុង​ផ្សេងៗ​ទៀត នៅ​ឆ្នាំ​២០២២​។ ចំណែក​ផលិតផល​ប្លា​ស្ទិ​ក​ផ្សេងទៀត ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ​។ 
 
​ក្នុងនោះ​ភោជនីយដ្ឋាន​ទាំងអស់ ត្រូវបាន​ហាមឃាត់​ប្រើប្រាស់​បំពង់​បឺត​ប្លា​ស្ទិ​ក នៅ​ចុងឆ្នាំ ២០២០ ហើយ​នៅ​ឆ្នាំ ២០២៥ ភោជនីយដ្ឋាន​ទាំងអស់ ត្រូវតែ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ត្រឹមតែ​មួយដង​រួច​បោះចោល​ឲ្យ​បាន ៣០​ភាគរយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ក្រៅពី​ទីក្រុង​ធំៗ ចិន​ក៏បាន​ហាមឃាត់​ថង់​ប្លា​ស្ទិ​ក ដែលមាន​កម្រាស់ ០,០២៥​មី​លី​ម៉ែត្រ ខណៈ​ថង់​ប្លា​ស្ទិ​ក ដែលមាន​កម្រាស់ ០,០១​មី​លី​ម៉ែត្រ អាច​ប្រើប្រាស់​បានត្រឹមតែ​លើ​វិស័យ​កសិកម្ម​តែប៉ុណ្ណោះ​។ បន្ថែម​ពីនេះ តំបន់​ផ្សេងទៀត​នៅក្នុង​ប្រទេស​ចិន ក៏​ត្រូវបាន​ហាមឃាត់​ដែរ ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​។ 
 
​យ៉ាងណាក៏ដោយ គោលនយោបាយ​ថ្មី​នេះ ក៏មាន​ករណី​លើកលែង​ផងដែរ​រហូតដល់​ឆ្នាំ ២០២៥ ចំពោះ​អ្នកលក់ និង​អ្នកទិញ​មួយចំនួន​។ ករណី​លើកលែង​នេះ គឺធ្វើឡើង​តែ​ចំពោះ​ផ្សារ ឬ​ហាង ដែល​លក់​ម្ហូប ឬ​អាហារ​ស្រស់ៗ​តែប៉ុណ្ណោះ ៕

Tag:
 ចិន​
  ប្លា​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com