ជាតិ
សង្គមជាតិ
ក្រសួងអប់រំចេញសេចក្តីណែនាំបន្ថែមដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅសាលារដ្ឋ និងឯកជន 
លោក ហង់ជួន ណារ៉ុន បានចាត់តាំងលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំស្ដីពីករណីបាតុភាពហិង្សា នៅវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ
×![]()
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែស្តីពីការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ លោក ហង់ ជួន ណារ៉ុន សង្កេតឃើញថា គ្រឹះស្ថានសិក្សាភាគច្រើន បានអនុវត្តប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និងលិខិតបទដ្ឋានទាក់ទងនឹងការពង្រឹងវិន័យបានត្រឹមត្រូវ លើកលែងតែគ្រឹះស្ថានមួយចំនួនតូចប៉ុណ្ណោះ ដែលជាហេតុនាំឲ្យមានអំពើហិង្សា និងបាតុភាពអសកម្មនានា។
ក្រោយរឿងរ៉ាវហិង្សាផ្ទួនដែលបង្កឡើងដោយសិស្សសាលា លោក ហង់ ជួន ណារ៉ុន បានចេញសេចក្តីណែនាំ៧ចំណុចដើម្បីបង្កើនការពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង ធានាបាននូវសីលធម៌ សុជីវធម៌ សុខសុវត្ថិភាព គ្មានអំពើហិង្សា និងបាតុភាពអសកម្មនានាដែលអាចកើតឡើងនៅតាមគ្រឹះស្ថានសិក្សា។
ក្នុងសេចក្តីណែនាំចុះថ្ងៃទី២០ ខែមករា រដ្ឋមន្ត្រីអប់រំ បានប្រាប់ទៅគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ពង្រឹងការអនុវត្តភារកិច្ចរបស់គ្រូបន្ទុកថ្នាក់ គ្រូបង្រៀនតាមមុខវិជ្ជា រួមទាំងការពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាយុវជន កុមារ និងក្រុមជំនាញផ្សេងៗដើម្បីដោះស្រាយបាតុភាពមិនប្រក្រតី។
បន្ថែមពីលើនេះ ក្រសួងណែនាំឲ្យមានការប្រជុំណែនាំអំពីករណីយកិច្ចរបស់អ្នកសិក្សា ការពង្រឹងទំនាក់ទំនងជាមួយមាតាបិតា អាណាព្យាបាល សហគមន៍ ក៏ដូចជាការសហការជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធភាពមិនប្រក្រតីនានា ដែលបង្កឡើងដោយសិស្ស ឬក្រុមក្មេងទំនើងនៅក្បែរ ឬបរិវេណគ្រឹះស្ថានសិក្សា។
ការិយាល័យអប់រំ ក៏ដូចជាមន្ទីរអប់រំ ក៏ត្រូវបានណែនាំឲ្យតាមដានពីប្រសិទ្ធភាពនៃការអនុវត្តបទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និងលិខិតបទដ្ឋាននានាផងដែរ ក្នុងនោះ ការកំណត់របៀបវារៈរាល់កិច្ចប្រជុំប្រចាំខែ។
«ក្នុងករណីអ្នកសិក្សាប្រព្រឹត្តខុស អ្នកសិក្សានោះ ត្រូវទទួលទណ្ឌកម្មតាមបទបញ្ជាផ្ទៃក្នុងដែលនៅជាធរមាន ករណីមិនរាងចាល ឬបង្កហិង្សា ត្រូវប្រឈមនឹងការលុបឈ្មោះចេញពីសាលា។ ដោយឡែក បទល្មើសព្រហ្មទណ្ឌ ក្នុង និងក្រៅបរិវេណគ្រឹះស្ថានសិក្សា អ្នកសិក្សានោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរតាមឋានានុក្រម»។ នេះជាការបញ្ជាក់របស់លោក ហង់ជួន ណារ៉ុន៕
Tag:
ក្រសួងអប់រំ
សិស្ស
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com