អន្តរជាតិ
ចិន ថា វីរុស​ថ្មី​នៅ​វូ​ហាន​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស ស្របពេល​អត្រា​អ្នកជំងឺ​បន្ត​កើនឡើង​
21, Jan 2020 , 10:49 am        
រូបភាព
រូបភាព៖ Getty
រូបភាព៖ Getty
​វីរុស​ថ្មី ដែលជា​ពពូ​ជ​នៃ​កូ​រ៉ូ​ណាវី​រុស (Coronavirus) បាន​កើនឡើង​ជាច្រើន​ករណី ខណៈពេល​មនុស្ស​បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះ បាន​កើន​ឡើងដល់ ៤​នាក់​នៅក្នុង​ប្រទេស​ចិន​។ ក្រៅពី​ចិន វីរុស​នេះ បាន​ទៅដល់ កូរ៉េខាងត្បូង ថៃ និង​ជប៉ុន​នាពេល​ថ្មីៗ​នេះ​។ កាន់តែ​បារម្ភ​នោះ នៅ​ថ្ងៃទី​២០ ខែមករា ចិន​បានប្រកាសថា វីរុស​ប្រភេទ​ថ្មី​នេះ គឺអាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុ​ស្សបាន​។​


 
​រហូតមកដល់​ពេលនេះ វីរុស​ថ្មី ដែលជា​ពពូ​ជ​នៃ​កូ​រ៉ូ​ណាវី​រុស បាន​បន្ត​កើនឡើង​ជាច្រើន​ករណី​នៅ​ចិន​។ គ្រាន់តែ​នៅ​ខេត្ត​គ័ង​តុង អ្នក​ផ្ទុក​វីរុស​នេះ មាន​ជាច្រើន​ករណី នៅ​វូ​ហាន​មាន​១៣៦​ករណី ខណៈពេល​ទីក្រុង​ប៉េកាំង មាន ៥​ករណី និង​សៀង​ហៃ​មាន​ករណី​មួយ​ករណី​។ មនុស្ស​ចំនួន ៤​នាក់​បាន​ស្លាប់​ដោយ​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ម្យ៉ាង​ស្រដៀង SARS ។ នា​ថ្ងៃទី​២០ ខែមករា​នៅ​កូរ៉េខាងត្បូង ក៏​គេ​រកឃើញ​មាន​អ្នកជំងឺ​ផ្ទុក​វីរុស​ប្រភេទ​ថ្មី មួយ​ករណី​ផងដែរ​។​
 
​តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​រដ្ឋ​ចិន CCTV លោក Zhong Nanshan អ្នកវិទ្យាសាស្ត្រ​នៅ​គណៈកម្មការ​សុខាភិបាល​ជាតិ បាន​បញ្ជាក់ថា វីរុស​ប្រភេទ​ថ្មី​នេះ គឺ​ឆ្លង​ពី​មនុស្ស​ទៅ​មនុ​ស្សបាន បើទោះបីជា ជនរងគ្រោះ​មិន​ធ្លាប់​ទៅ​ក្រុង​វូ​ហាន​ក៏ដោយ​។ ជាក់ស្តែង​នៅក្នុង​ខេត្ត​គ័ង​តុង អ្នកជំងឺ​ពីរ​នាក់ បាន​ឆ្លង​វីរុស​ថ្មី​នេះ​ពី​សមាជិកគ្រួសារ ដែល​ធ្លាប់​ទៅលេង​នៅ​ក្រុង​វូ​ហាន​។ ចំណែក​បុគ្គលិក​ពេទ្យ​ធ្វើការ​នៅ​មន្ទីរពេទ្យ​មួយ នា​ក្រុង​វូ​ហាន ក៏បាន​ឆ្លង​ជំងឺ​នេះដែរ ហើយ​មាន​ម្នាក់​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោក នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២២ ខែមករា នាទី​ក្រុង​ហ្សឺ​ណែវ ស្វ៊ី​ស ដើម្បី​សម្រេច ថា​តើ​ការផ្ទុះ​វីរុស​នៅក្នុង​ប្រទេស​ចិន​អាច​ប្រកាស «​ភាពអាសន្ន​លើ​សុខភាព​សាធារណៈ​ដែលជា​បញ្ហា​ព្រួយបារម្ភ​អន្តរជាតិ​» ឬ​អត់​។ កន្លងមក អង្គការ​សុខភាព​ពិភពលោក យល់ថា ការឆ្លង​នៃ​វីរុស​ថ្មី​នេះ អាច​ឆ្លង​តាមរយៈ​សត្វ ហើយ​ការឆ្លង​ពី​មន​សុ​ទៅ​មនុស្ស អាច​កើតឡើង នៅពេល​ពួកគេ​ជិតស្និទ​តែប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


Coronavirus​។ រូបភាព​៖ AFP
 
​ជា​លើកដំបូង​ចាប់តាំងពី​ផ្ទុះ​ករណី​វីរុស​អម្បូរ​កូ​រ៉ូ​ណាវី​រុស ប្រធានាធិបតី​ស៊ី ជិន​ភីង នា​ថ្ងៃទី​២០ ខែមករា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចិន​ការពារ​អាយុជីវិត​រប​ស់​ប្រជាជន ទប់ស្កាត់​ការរីក​សាយភាយ​វីរុស​ថ្មី និង​ដាក់​ការជួយ​សង្គ្រោះ​ជីវិត​ជា​អាទិភាព​ជាទីបំផុត​។ បើតាម​លោក​ប្រធានាធិបតី ការបញ្ចេញ​ព័ត៌មាន​ទាក់ទង​នឹង​វីរុស​ថ្មី​ឲ្យ​ទាន់ពេលវេលា គឺ​សំខាន់បំផុត ជាពិសេស​គឺ​កិច្ច​សហប្រតិបត្តិ​យ៉ាង​ស៊ីជម្រៅ​ជាមួយ​អន្តរជាតិ​។ 
 
​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ជំងឺ​នេះ អាជ្ញាធរ​ចិន បានដាក់​ឧបករណ៍​ពិនិត្យ​ជំងឺ​ផ្តាសាយ​នៅតាម​អាកាសយានដ្ឋាន ចំណត​រថភ្លើង និង​ឡើង​ក្រុង​ជាដើម​។ ចំណែក​អ្នកជំងឺ ដែល​កើត​ជំងឺ​គ្រុ​ដ​ក្តៅ​ត្រូវ​ចុះឈ្មោះ និង​ពាក់​ម៉ាស់ មុនពេល​បញ្ចូនទៅ​មន្ទី​ពេទ្យ​។ 
 
​សូមបញ្ជាក់ មកដល់​ថ្ងៃនេះ វា​កាន់តែ​កៀក​ថ្ងៃ​ចូលឆ្នាំ​ចិន​មែនហើយ ខណៈពេល​អាជ្ញាធរ​ចិន​កំពុង​ស្វះស្វែង​ដោះស្រាយ​បញ្ហា​នេះ​។ តាម​ការព្រួយបារម្ភរ​បស់​ក្រុម​អ្នកជំនាញ​ចិន វីរុស​ថ្មី​នេះ​រក​សាយភាយ​ទៅ​ច្រើន​កន្លែង​ផ្សេងទៀត ព្រោះ​ក្នុងពេល​ចូលឆ្នាំ​អ្នកដំណើរ​ចិន​ជាច្រើន​នាក់ នឹងធ្វើ​ដំណើរ​ទៅលេង​ស្រុកកំណើត និង​ដើរលេង​នៅក្រៅ​ប្រទេស​៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com