កីឡាអន្តរជាតិ
អន្តរជាតិ
Real ទិញបានខ្សែបម្រើប្រេស៊ីល Jesus តម្លៃ៣៤លានដុល្លារ ខណៈក្លិបផ្សេងស្ងាត់លើការទិញដូរ
× Real Madrid ទិញបានខ្សែបម្រើវ័យ១៨ឆ្នាំ សញ្ជាតិប្រេស៊ីល Reinier Jesus ពីក្រុម Flamengo ក្នុងតម្លៃ ២៦ លានផោន (៣៤ លានដុល្លារអាមេរិក)។
Reinier ដែលយល់ព្រមចុះកិច្ចសន្យារយៈពេល ៦ ឆ្នាំជាមួយក្លិបយក្សអេស្ប៉ាញមួយនេះ ទើបបានបង្ហាញខ្លួនជាកីឡាករឈុតធំរបស់ក្រុម Flamengo កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នា២០១៩ ពោលគឺលេងបាន១៤ប្រកួត និងស៊ុតបញ្ចូលទី៦គ្រាប់។
ខ្សែបម្រើសញ្ញជាតិប្រេស៊ីលនេះ ក៏ជាផ្នែកមួយដែលធ្វើឲ្យ Flamengo ឈ្នះពានលីគកីឡាបាល់ទាត់កំពូលប្រេស៊ីល និង Copa Libertadores នៅរដូវកាលមុនផងដែរ។ ក្រៅពីនេះ Reinier ក៏បានជួយក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ FIFA Club World Cup ឆ្នាំ២០១៩ នៅកាតា បើទោះមិនបានបង្ហាញខ្លួនក្នុងជំនួបដែល Flamengo ចាញ់ Liverpool ១-០ ក្តី។
នៅក្នុងសំណេររបស់ក្លិប Flamengo សរសេរថា៖«យើងសូមជូនពរ Reinier ទទួលបានជោគជ័យនៅក្នុងដំណាក់កាលថ្មីនៃជីវិតរបស់គេជាមួយក្លិបដ៏ធំនេះ»។ នេះជាការទិញចូលកីឡាករដំបូងរបស់ Real អំឡុងទីផ្សារដោះដូរខែមករានេះ ខណៈក្លិបធំៗដទៃទៀតនៅមានសភាពស្ងាត់នៅឡើយ។
គិតមកដល់ថ្ងៃទី២១ ខែមករានេះ គឺមានរយៈពេល២១ថ្ងៃហើយនៃការបើកទីផ្សារដោះដូរកីឡារករលើកទី២តំបន់អឺរ៉ុបសម្រាប់រដូវកាល ២០១៩-២០។ យ៉ាងណាមិញ មិនទាន់ឃើញមានក្លិបធំៗណាទិញចូលកីឡាករល្បីៗ និងមានតម្លៃខ្លួនថ្លៃៗគួរឲ្យកត់សម្គាល់ដូចរដូវកាលមុនៗទេ៕
Tag:
Real Madrid
Reinier Jesus
ទិញដូរកីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com