ជាតិ
​អាជ្ញាធរ​ស្វាយរៀង​បន្ត​ស្វែងរក​មូលហេតុ​លើ​ករណី​សិស្សស្រី​១០​នាក់​សន្លប់​
21, Jan 2020 , 3:48 pm        
រូបភាព
រូបពីរដ្ឋបាលខេត្តស្វាយរៀង
រូបពីរដ្ឋបាលខេត្តស្វាយរៀង
​ភ្នំពេញ​៖ វិទ្យាល័យ​ហ៊ុនសែន​ប្រសូតិ និង​អនុវិទ្យាល័យ​ខ្ជាយ ស្ថិត​ក្នុងស្រុក​ស្វាយទាប ខេត្តស្វាយរៀង ត្រូវ​ឈប់សម្រាក​ពេញ​មួយថ្ងៃ ដោយ​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល​មូលដ្ឋាន នាំគ្នា​ស្វែងរក​មូលហេតុ​ឲ្យ​បាន​ច្បាស់​ជុំវិញ​ការដួលសន្លប់​សិស្សស្រី​១០​នាក់​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ចន្ទ ទី​២០ ខែមករា​។​

 
​អភិបាលរង​ខេត្តស្វាយរៀង លោក តូច ប៉ូ​លី​វ៉ា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២១ ខែមករា នេះ ថា ព័ត៌មាន​បឋម​ដែល​ទទួលបាន​ពី​គ្រូពេទ្យ​បញ្ជាក់ថា សិស្ស​១០​នាក់ ដែល​សន្លប់ គឺមាន​បញ្ហា​សុខភាព​ខ្សោយ ដោយ​សិស្ស​ខ្លះ​តម​អាហារ និង​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង​។ សិស្ស​១០​នាក់​ដែល​សន្លប់ គឺ​ស្រី​ទាំងអស់​ក្នុងនោះ មាន​សិស្ស​អនុវិទ្យាល័យ​ខ្ជាយ​៦​នាក់ និង​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​ប្រសូតិ​៤​នាក់​។​
 
​សុខភាព​ខ្សោយ ការ​តម​អាហារ គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ប៉ុណ្ណោះ ហេតុ​ដូច្នេះហើយ ទើប​មន្ត្រី​ជំនាញ រួមជាមួយ​អាជ្ញាធរ បានស្នើ​ឲ្យ​សាលា​ទាំងពីរ​បិទទ្វារ​មួយថ្ងៃ ដើម្បី​រៀបចំ​បរិយាកាស ស្រោច​ទឹក និង​ពិនិត្យ​តាមដាន​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់​ជាង​នេះ​។​
 
​បើតាម​ការបញ្ជា​ក់រប​ស់លោក​អភិបាលរង​ខេត្ត បច្ចុប្បន្ន​សិស្ស​៩​នាក់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប រីឯ​សិស្ស​ម្នាក់ទៀត​ដែល​ខ្វះ​អាហារូបត្ថម្ភ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​៕ 

Tag:
 សន្លប់
© រក្សាសិទ្ធិដោយ thmeythmey.com