កីឡាជាតិ
ជាតិ
ម្ចាស់​ជើងឯក​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ Veronique ថា​ពលរដ្ឋ​ខ្មែរ​មានចិត្ត​ល្អ និង​រួសរាយ​រាក់ទាក់​
21, Jan 2020 , 7:19 pm        
រូបភាព
កីឡាការិនី Messina Veronipue (ឈរក្រោយឯកឧត្តម ថោង ខុន)​ ពេលឡើងទទួលពានជើងឯកក្នុងព្រឹត្តិការណ៍ Angkor Ultra Trail. រូបភាពពី Cambodia SEA Games 2023
កីឡាការិនី Messina Veronipue (ឈរក្រោយឯកឧត្តម ថោង ខុន)​ ពេលឡើងទទួលពានជើងឯកក្នុងព្រឹត្តិការណ៍ Angkor Ultra Trail. រូបភាពពី Cambodia SEA Games 2023
ដោយ:
​កីឡាការិនី Messina Veronique ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​ប្រចាំ​ព្រឹត្តិការណ៍ Angkor Ultra Trail សរសើរ​ពី​ភាពរួស​រាយ​រាក់ទាក់​របស់​ពលរដ្ឋ​កម្ពុជា​។ កត្តា​នេះហើយ ដែល​ធ្វើ​ឲ្យ​ស្ត្រី​ជនជាតិ​បារាំង​រូបនេះ ស្រលាញ់​និង​ចូលចិត្ត​ប្រទេស​កម្ពុជា​។ សម្រស់​ប្រាសាទបុរាណ ព្រៃ​ប្រឹក្សា និង​ខ្យល់អាកាស​បរិសុទ្ធ​នៅ​ខេត្តសៀមរាប ជា​កត្តា​ទាក់ទាញ​នាង​ឲ្យ​ចូលរួម​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់​អង្គរ​ឆ្នាំនេះ​។

 
​ប្រជាពលរដ្ឋ​កម្ពុជា​មិន​ត្រឹម​តែមាន​ភាពរួស​រាយ​រាក់ទាក់​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​សណ្តាន​ចិត្តល្អ​ទៀតផង​។ នេះ​ជាការ​សរសើរ​របស់​កីឡាការិនី Messina Veronique ម្ចាស់​ជើងឯក​លើ​ការរត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍ Angkor Ultra Trail លើក​ទី​៥​នៅ​តំបន់​អង្គរ​។ សម្រាប់​ការរត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ កីឡាការិនី​រូបនេះ ប្រើពេល​១៧​ម៉ោង​៣០​នាទី​និង​២៦​វិនាទី​។​
 
​ការសរសើរ​របស់​កីឡាការិនី​ជនជាតិ​បារាំង​រូបនេះ បន្ទាប់ពី​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​ក្មេងៗ​បានចេញ​មកឈរ​សង​ខាង​ផ្លូវ​អបអរ ក្នុងអំឡុងពេល នាង រត់​ឆ្លងកាត់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទីនោះ​។ កីឡាការិនី​រូបនេះ​និយាយ​ដូច្នេះ​ថា​៖«​ប្រជាជន​កម្ពុជា ពោរពេញ​ដោយ​ស្នាមញញឹម និង​មានទឹក​ចិត្តល្អ​។ ខ្ញុំ​គិតថា ពួកគេ​មិន​យល់ ហេតុអ្វី​បានជា​ពួកយើង​នាំគ្នា​រត់​បែបនេះ​ឡើយ​។ ប៉ុន្តែ​ពួកគេ​នាំគ្នា​មើល​មក​យើង ឲ្យ​ទឹក​យើង​ផឹក មាន​ទឹកមុខ​ញញឹម និង​លើកទឹកចិត្ត​យើង​»​។ 
 
​ការ​ចេញមក​ស្វាគមន៍ និង​អបអរ​តាម​ដងផ្លូវ​ពី​សំណាក់​ប្រជាពលរដ្ឋ គឺជា​ប្រភព​ថាមពល​ក្នុង​ការជំរុញ​ឲ្យ​កីឡាការិនី​រូបនេះ មាន​កម្លាំងចិត្ត​កាន់តែ​ខ្លាំង ដើម្បី​បន្តដំណើរ​ឆ្ពោះទៅរក​គោលដៅ និង​ភាពជោគជ័យ​។ «​វា​បានផ្ដល់​ថាមពល​ឲ្យ​យើង​ដើម្បី​បន្តដំណើរ​ទៅមុខ​។ ក្មេងៗ​ចង់​លេង​ជាមួយ​យើង និង​ចង់​រត់ ប៉ុន្តែ​ពួកគេ​រត់លឿន​ជាង​យើង ព្រោះ​យើង​ហត់​។ វា​សប្បាយ​ណាស់​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី Messina Veronique​។  
 
​ក្រៅពី​បាន​ទស្សនា​សម្រស់​ព្រៃព្រឹក្សា​តាម​ដងផ្លូវ វាលស្រែ និង​សម្រស់​ដ៏​អស្ចារ្យ​នៃ​ប្រាង្គ​ប្រាសាទបុរាណ ដែលជា​កេរដំណែល​របស់​បុព្វបុរស​ខ្មែរ តាមរយៈ​ព្រឹត្តិការណ៍ Angkor Ultra Trail ជួយ​ឲ្យ​កីឡាការិនី​កំពុង​រស់នៅ​រាជធានី​ភ្នំពេញ​រូបនេះ អាច​សិក្សា​ពី​ស្ថានភាព​រស់នៅ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។ 
 
«​សម្រាប់​ឆ្នាំនេះ មាន​អាកាសធាតុ​ក្ដៅ ឯ​ផ្លូវ​រត់​ក៏​ឆ្ងាយ​។ ជាពិសេស​មាន​ប្រជាជន​មក​អបអរ​យើង​តាមផ្លូវ​។ នេះ​ជា​មធ្យោបាយ​ល្អ​ក្នុងការ​ទស្សនា​តំបន់​ជនបទ និង​ស្វែងយល់​ពី​ការរស់នៅ​របស់​ប្រជាជន​។ ឃើញ​មាន​ប្រជាជន​ដើរ​តាម​វាលស្រែ​។ វា​ជា​ផ្លូវ​ល្អ​ដើម្បី​មើលឃើញ​ពី​ជីវិត​ប្រជាជន​កម្ពុជា​»​។ Messina Veronique បន្ថែម​ដូច្នេះ ហើយ​អះអាងថា ការរៀបចំ​នៅ​ឆ្នាំនេះ​មាន​លក្ខណៈ​ល្អប្រសើរ​ទាំង​លក្ខខណ្ឌ​អាកាសធាតុ និង​ស្ថានភាព​ផ្លូវ​រត់ ជាពិសេស​មាន​សន្តិសុខ និង​សុវត្ថិភាព ព្រោះ​គណៈកម្មការ​បានដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​ជាច្រើន​នៅតាម​គោលដៅ​សំខាន់ៗ ដើម្បី​ការពារ​ពួកគេ​។​
 
​កីឡាការិនី​ជនជាតិ​បារាំង​រូបនេះ អះអាងថា ការរត់​ចម្ងាយ​ឆ្ងាយ​កាត់​ព្រៃព្រឹក្សា ទីជនបទ និង​ប្រាសាទបុរាណ​នានា​ជាមួយ​ផ្លូវ​មាន​ឧបសគ្គ​តិចតួច គឺជា​ចំណង់​ចំណូលចិត្ត​របស់ខ្លួន​។ នាង ធ្លាប់​ចូលរួម​រត់ប្រណាំង​ក្នុង​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​នេះ​៤​បួន​លើក​រួចមកហើយ តែ​មិន​ធ្លាប់​ទទួលបាន​ជើងឯក​នោះទេ ទើបតែ​ឆ្នាំនេះ​ទេ​ដែល​នាង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​។ កីឡាការិនី​ដែល​អះអាង​ចូលចិត្ត​ខេត្តសៀមរាប​ដោយសារ​ភាព​បៃតង​រូបនេះ ប្តេជ្ញា​នឹង​បន្ត​ចូលរួម​ព្រឹត្តិការណ៍​នេះ​នៅ​ឆ្នាំក្រោយៗ​ទៀត​។ 
 
​ព្រឹត្តិការណ៍​រត់ប្រណាំង Angkor Ultra Trail 2020 បានបញ្ចប់​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ ដោយ​ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ជាតិ​អន្តរជាតិ​ចំនួន​១២៥៥​នាក់​មកពី​៤៥​ប្រទេស​ចូលរួម​។ អត្ត​ព​លិ​ក​បរទេស​មាន​ចំនួន​៩០៥​នាក់ ខណៈ​កម្ពុ​ជាមាន​ចំនួន​៣៥០​នាក់ ក្នុងនោះ​បារាំង​ឈរ​លំដាប់​លេខ​១​មាន​អ្នកចូលរួម​ច្រើនជាងគេ បន្ទាប់មក​កម្ពុជា អង់គ្លេស និង​ជប៉ុន​៕    

Tag:
 ​រត់ប្រណាំង​
  Messina Veronique
  Angkor Ultra Trail
© រក្សាសិទ្ធិដោយ thmeythmey.com