បទយកការណ៍ / បទសម្ភាសន៍
ជាតិ
សង្គមជាតិ
បទ​យកការណ៍៖ យុវវ័យ​មួយចំនួន​ថា គ្មាន iPhone ក្នុង​ដៃ គឺ​មិន​ទាន់សម័យ
09, Oct 2013 , 8:10 am        
រូបភាព
ដោយ:
ហួសហើយ​សម័យ អិន​ចុច​ពិល ឫ​ក៏​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរីទាបៗ ។ បច្ចេកវិទ្យា​កាន់តែ​ទំនើប ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​មានការ​ចំណាយ​ច្រើន​ដើម្បី​ដើរ​ឲ្យ​ទាន់​សម័យកាល។ ទូរស័ព្ទដៃ iPhone Samsung Galaxy ឬ iPad ជាដើម​នោះ បានក្លាយ​សម្ភារ​ដ៏​ពេញនិយម​សម្រាប់​យុវជន​កម្ពុជា​នៅ​សម័យ​ទំនើប​នេះ។


ខណៈ​ក្រុមហ៊ុន Apple បានប្រកាស​លក់ iPhone 5s និង iPhone 5c កាលពីពេលថ្មីៗកន្លងមកនេះ មនុស្សម្នា​ជាច្រើន​បាននាំគ្នា​ដេក​ដាំ​ដណ្តើម​គ្នា​ទិញ​នៅ​ហាង Apple Store នានា​ក្នុង​ពិភពលោក រីឯ​យុវជន​កាលី​ប​មួយចំនួន​នៅ​កម្ពុជា​ក៏​រង់ចាំ​យ៉ាង​អន្ទះសារ​ផងដែរ។

ការប្រើប្រាស់​របស់ទំនើប​ត្រូវបាន​គេ​ចាត់ទុកថា ជាការ​សំ​ញ៉ែង​ភាពទាន់សម័យ ប៉ុន្តែ​ស្របពេល​ជាមួយ​គ្នា​នេះ វា​ក៏​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ។ មនុស្ស​ភាគច្រើន​និយាយថា មាន​របស់ទំនើប​ប្រើ ហាក់បីដូចជា​ពិភពលោក​ទាំងមូល​ស្ថិតនៅក្នុង​ដៃ។ ដោយឡែក​មនុស្ស​មួយចំនួនទៀត មិនបាន​ប្រើប្រាស់​សម្ភារទំនើបៗទាំងនោះ​ឲ្យ​អស់​លទ្ធភាព​នោះទេ ពួកគេ​គ្រាន់តែ​ទិញ​របស់​ទាំងនោះ​ប្រើ​តាម​គ្នា ដើម្បី​បង្អួតមិត្ត​ភ័ក្តិ និង​លេង​ហ្គេម​កំសាន្ត​តែប៉ុណ្ណោះ។

អ្នក​សម្បូរ​ធនធាន​មួយចំនួន ហ៊ាន​ចំណាយធនធាន​យ៉ាងច្រើន ដើម្បី​ប្រើ​ទូរស័ព្ទដៃទំនើបៗ ពីរ បី ម្នាក់ឯង ដោយ​គិតថា សម្ភារទាំងនោះ​ហើយ ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​មនុស្ស​ទាន់សម័យ និង​អាចទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នក​ដែល​នៅ​ជុំវិញខ្លួន​ផងដែរ។

កំពុង​អង្គុយ​រង់ចាំ​មិត្ត​ភ័ក្តិ​នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង យុវជន ចាន់ រតនា ដាក់​ទូរស័ព្ទ iPhone ពីរ គ្រឿង​នៅ​តុ ហើយ​ដក iPad mini មួយគ្រឿង​ទៀត​យកមក​លេង​ហ្គេម។ លោក រតនា បាន​ឲ្យ​ដឹងថា ៖ « សម័យនេះ​ទៅហើយ​បើ​យើង​មិនមាន​ពួកវា​ទេ​ច្បាស់​ជា​ចាញ់​គេ​ហើយ មិនទាន់​សម័យ​ទេ មិត្ត​ភ័ក្តិ​ខ្ញុំ គេ​សុទ្ធតែ​ប្រើ​គ្រប់គ្នា។ ប៉ា ម៉ាក់ របស់ខ្ញុំ​ក៏​គាត់​មាន​ម្នាក់​មួយ​ដែរ​ទុក​គ្រាន់​លេង​ហ្គែ​ម​កំសាន្ត​ពេលអផ្សុក»។

អ្នក​មួយចំនួន​ចូលចិត្ត​សំ​ញ៉ែង​សម្ភារៈ​ទំនើប នៅតាម​ទីសាធារណៈ ជាជាង​ទុក​វា​ស្ងា​ម​នៅក្នុង​ហោប៉ៅ ឫ​ក្នុង​កាបូប។ ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ យុវជន​វ័យ២៨ឆ្នាំ ដែល​តែង​ទៅ​អង្គុយ​នៅ​ម៉ា​ត​រៀងរាល់​ល្ងាច លោក មាស សេង បាន​លើកឡើងថា៖ «ខ្ញុំ​ចូលចិត្ត​អង្គុយលេង​ហ្គេម​នៅ​ម៉ា​ត ជាង​នៅផ្ទះ បានមក​ទីនេះ​មើលគេឯង​បណ្តើរ លេង​ហ្គែ​ម​បណ្តើរ ខ្ញុំ​មើល​គេ គេ​មើល​ខ្ញុំ មាន​អារម្មណ៍​សប្បាយ​ម្យ៉ាងដែរ ខ្ញុំ​លេង​រហូតដល់​ទូរស័ព្ទ​អស់​ថ្ម​ទើប​ឈប់»។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី លោក សេង យុវជន​មួយក្រុម​ទៀត កំពុង​អង្គុយ​ជុំវិញ​តុ​មួយ អ្នកខ្លះ​កាន់​ទូរស័ព្ទ អ្នកខ្លះ​ទៀត​កាន់ iPad ពួកគេ​តែង​បន្លឺសម្លេង​សើចខ្លាំងៗ ឫ​ពាក្យសម្តី​លែបខាយ ខណៈ​មាននារីៗធ្វើ ដំណើរ​ឆ្លងកាត់។

រីឯ​អ្នក​ដែល​មិនសូវមាន​ធនធាន​ឯណោះ​វិញ ក៏​ខិតខំ​ត្បិតត្បៀត​លុយកាក់​ដើម្បី​សន្សំ​ទិញ ទូរស័ព្ទទំនើប​នឹង​គេ​ផងដែរ  ព្រោះ​ខ្លាច​មិនទាន់​សម័យ។

យុវជន ហេង វុទ្ធី ខំ​សន្សំ​លុយរាប់​ខែ​ទម្រាំ​ដាច់ចិត្ត​ទិញ​ទូរស័ព្ទ iPhone ស៊េរី​ថ្មី។ យុវជន​វ័យ២៣ឆ្នាំ ជា​និស្សិត​រូបនេះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ទិញ​វា​ដើម្បី​ងាយស្រួល​ស្រាវជ្រាវ​មេរៀន និង​តាមដាន​ព័ត៌មាន»។

វុទ្ធី បន្ថែមទៀតថា៖« ណាមួយ​មាន​វា​កាលី​ប​ម្យ៉ាងដែរ ទៅណា​មក​ណា​រៀង​ចុះ​ចំណោម​គេ   ពេល​ខ្ញុំដក​វា​ចេញពី​ហោប៉ៅម្តងៗ មិត្តស្រីៗរៀន​ជាមួយគ្នា ក៏​ចោល​កន្ទុយភ្នែក​លួច​មើល​ខ្ញុំ​ផងដែរ»។

ក្រៅពី​ស្តាប់​ចំរៀង ថតរូប និង​លេង​ហ្វេ​ស​បុក លោក សុខ ដា​រ៉ា ជា​បុគ្គលិក​ក្នុង​សណ្ឋាគារ​ម្នាក់ បាននិយាយ​យ៉ាងខ្លី​ថា៖ «ខ្ញុំ​ទិញ​iPadនេះ ទុក​គ្រាន់​លេង​ហ្គេម និង​ចង់​ឲ្យ​គេ​ដឹងថា​ខ្ញុំ​ធ្លាប់បាន​ប្រើ​វា​តែប៉ុណ្ណឹង»។

ដោយ​ឃើញ​មិត្ត​ភ័ក្តិ​គេ​ប្រើ​សុទ្ធតែ iPhone អស់ហើយ យុវ​វ​តី​មួយចំនួន​ក៏ត្រូវ​តែ​ដូរ​ទូរស័ព្ទ​ស៊េរី​ថ្មី​ផងដែរ ដើម្បី​កុំ​ឲ្យ​ខ្មាស់​គេ។ យុវតី​មួយចំនួន​ចូលចិត្ត​កាន់​ទូរស័ព្ទ​ត្រួតគ្នា ពីរ បី ជាជាង​ដាក់​នៅក្នុង​កាបូប។

ធ្វើដំណើរ​ចុះ​ពី​រថយន្ត ចូល​ទិញ​កាហ្វេ​នៅ​ម៉ា​ត​មួយកន្លែង ដៃ​ម្ខាង​ស្បាយ​កាបូប ដៃ​ម្ខាង​កាន់​ទូរស័ព្ទ iPhone ពីរ​គ្រឿង កញ្ញា រដ្ឋា វ័យ២០ឆ្នាំ ជា​និស្សិត បាន​លើកឡើងថា៖ «បើ​ទិញ​វា​មក​ដាក់​ក្នុង កាបូប​ដដែល មានន័យ​អី  មិត្ត​ភ័ក្តិ​តែង​សរសើរ​ថា​ឡូយ ស័​ក្ត​សម​នឹង សំពត់​ខ្លី ស្បែកជើងកែងចោទ របស់ខ្ញុំ​ណាស់។ សូម្បីបុរសៗដែល​អង្គុយ​នៅ​តុ​ខាងក្រៅ ក៏​មើល​មិន​ដាក់​ភ្នែក​ដែរ»។

ជា​និស្សិត​ឆ្នាំ​ទី៤ ក៏​ជា​អ្នក​ទាន់សម័យ​ម្នាក់​ដែរនោះ កញ្ញា សុខ លីម ម្នាក់ទៀត បាន​ឲ្យ​ដឹងថា៖ «ទូរស័ព្ទ​ដែល​ខ្ញុំ​ប្រើ​មាន​តំលៃ​ជិត១ពាន់​ដុល្លា ទោះបី​វា​ថ្លៃ​បន្តិច​មែន តែ​ខ្ញុំ​មិន​ស្តាយ​ទេ ព្រោះ​វា​ផ្តល់អត្ថប្រយោជន៍​ច្រើន។ ខ្ញុំ​អាច​ស្វែងរក​មេរៀន​តាម​អ៊ី​ន​ធឺ​ណែ​ត អាច​មើល​ទូរទស្សន៍ អាច​ទំនាក់ទំនងជាមួយ​មិត្ត​ភ័ក្តិ​បាន​យ៉ាង​ងាយ។ មិនតែប៉ុណ្ណោះ ពេល​ខ្ញុំ​លើក​និយាយម្តងៗ គេ​ថា​សក្តិសម​នឹង​ខ្ញុំណាស់»។

លោក ចាន់ សុផល ជា​បុគ្គលិក​មន្ត្រីរាជការ​ម្នាក់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សម័យ​ឥឡូវ​ទាំងចាស់ ទាំង​ក្មេង កំពុង​ឆ្លក់​វង្វេង​នឹង​ទូរស័ព្ទ​ទំនើប​នេះ​ខ្លាំងណាស់។ បុរស​វ័យ៤៥ឆ្នាំ​រូបនេះ បាន​លើកឡើងថា៖ «មិត្ត​ភ័ក្តិនៅ​កន្លែងធ្វើការ​ជាមួយគ្នា​មួយចំនួន ដល់​ម៉ោង​សម្រាក​មិនទាន់​ទេ ដកយក​ទូរស័ព្ទ​មកលេង​ហ្គែ​ម​ភ្លាម ។ លោក​បាន​បន្ថែមទៀតថា៖ «សព្វថ្ងៃនេះ​កូនប្រុស​របស់ខ្ញុំ ក៏​កំពុង​រុំអុក​ឲ្យ​ទិញ​ទូរស័ព្ទ​ទំនើប​ឲ្យ​មួយផងដែរ។ ខ្ញុំ​គ្មាន​លុយ​ទិញ​ឲ្យ​វា​ទេ ថ្លៃណាស់»។

និន្នាការ​ខាងលើនេះ​ក៏​បាប​ជះឥទ្ធិពល​អាក្រក់​ផងដែរ ដល់យុវជន យុវតី​មួយចំនួន ឲ្យ​ភ្លើតភ្លើននឹងសម្ភារនិយម ហើយក៏​អាចឈាន​រហូត​ប្រព្រឹត្តិ​អំពើរ​អសីលធម៌ និង​អំពើរ​ខុសច្បាប់​មួយចំនួន​ដូចជា លួច ឆក់ ភ្ល​ន់ និង​លក់ខ្លួន​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com