អន្តរជាតិ
ILO ៖ មនុស្ស​ជិត ៥០០​លាន​នាក់ មិនមាន​ការងារ​ធ្វើ​ត្រឹមត្រូវ​
21, Jan 2020 , 7:39 pm        
រូបភាព
បុរសចំណាស់ម្នាក់ កំពុងជួសជុលនាឡិកាតាមដងផ្លូវនៅក្នុងប្រទេសប៉ាគីស្ថាន។ រូបភាព៖ AFP
បុរសចំណាស់ម្នាក់ កំពុងជួសជុលនាឡិកាតាមដងផ្លូវនៅក្នុងប្រទេសប៉ាគីស្ថាន។ រូបភាព៖ AFP
​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) នៅ​ថ្ងៃទី​២០ ខែមករា លើកឡើងថា ប្រជាជន​ប្រមាណ​៤៧០​លាន​នាក់ កំពុង​រស់នៅ​ដោយ​គ្មាន​ការងារ​ធ្វើ និង​ធ្វើ​ការងារ​មិន​ពេញ​ម៉ោង​។ ការណ៍​នេះ ត្រូវបាន​អង្គការ​ពិភពលោក ព្រមាន​ថា បញ្ហា​អត់​ការងារ​ធ្វើ និង​ការងារ​មិន​ពេញ​ម៉ោង គឺជា​ផ្នែក​មួយ ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​នៅក្នុង​សង្គម​។ ក្នុង​របាយការណ៍​រប​ស់​ខ្លួន អង្គការ​នេះ ក៏បាន​និយាយ​ពី​បញ្ហា ការងារ​ខ្វះ​ស្តង់ដារ ការរក​ប្រាក់ចំណូល​បាន​តិច និង​ការងារ​មិន​ស្មើភាព​គ្នា​ផងដែរ​។

 
​តាមរយៈ​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​នៃ​អង្គការសហប្រជាជាតិ  ប្រជាជន​អត់​ការងារ​ធ្វើ​នៅលើ​ពិភពលោក នៅក្នុង​ឆ្នាំ​២០១៩ គឺមាន​ចំនួន ១៨៨​លាន​នាក់ ហើយ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​នេះ ត្រូវគេ​រំពឹងថា នឹង​ឡើងដល់​១៩០,៥​លាន​នាក់​នៅក្នុង​ឆ្នាំ ២០២០​នេះ​។  ក្នុង​រយៈពេល​ដដែល​នេះ អ្នក​ដែល​មិនអាច​ធ្វើការ​ពេញ​ម៉ោង នឹងមាន​ចំនួន​២៨៥​លាន​នាក់​។ 
 
​ទិន្នន័យ​ខាងលើ​បង្ហាញថា  ប្រជាជន​មិនមាន​ការងារ​ត្រឹមត្រូវ បាន​កើនឡើង​ចំនួន ៥,៤​ភាគរយ ប៉ុន្តែ​តួលេខ​មួយ​នេះ ត្រូវបាន​គេ​សន្ម​ត់​ថា មិនមាន​ការប្រែប្រួល​ច្រើន​ទេ ខណៈពេល​ការងារ​ជាច្រើន នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ត្រូវបាន​គេ​កាត់បន្ថយ ដោយសារ​កំណើនសេដ្ឋកិច្ច​ដើរ​យឺត​។ បើតាម​អង្គការ​ពលកម្ម​អន្តរជាតិ មនុស្ស​ចំនួន​ជាង ៤៧០​លាន​នាក់ ដែល​គ្មាន​ការងារ​ធ្វើ​ត្រឹមត្រូវ​នេះ គឺ​តំណាង​ឲ្យ​១៣​ភាគរយ នៃ​កម្លាំង​ពលកម្ម​សរុប​របស់​ពិភពលោក​ទាំងមូល​។ 
 
​ក្រៅពី​បញ្ហា​ប្រជាជន​នៅលើ​ពិភពលោក​មិនមាន​ការងារ​ធ្វើ​ត្រឹមត្រូវ របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ​ពលកម្ម​ពិភពលោក ក៏បាន​លើកឡើង​ពី​បញ្ហា ការងារ​ខ្វះ​ស្តង់ដារ ការរក​ប្រាក់ចំណូល​បាន​តិច និង​ការងារ​មិន​ស្មើភាព​គ្នា​ជាដើម​។ ជាក់ស្តែង កម្លាំង​ពលកម្ម​ជាង​៦០​ភាគរយ គឺ​ធ្វើការ​ទទួលបាន​ប្រាក់ខែ​តិច និង​ខ្វះ​ការការពារ​ផ្នែក​សង្គម​។ បន្ថែម​ពីលើ​នេះ មនុស្ស​ជាង ៦៣០​លាន​នាក់ នៅក្នុង​ឆ្នាំ ២០១៩ ធ្វើការ​បានត្រឹមតែ​ជាង​៣​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ចំណែក​ការងារ​ខ្លះទៀត គឺ​គ្មាន​សមភាព​ភេទ និង​អាយុ​ជាដើម​។ 
 
​ជុំវិញ​បញ្ហា​នេះ គេ​បាន​រកឃើញថា គម្លាត​រវាង​អ្នករក​ប្រាក់ចំណូល​បាន​ច្រើន និង​អ្នករក​ប្រាក់ចំនូល​បាន​តិច គឺមាន​គំលាត​គ្នា​ឆ្ងាយ​គួរ​ឲ្យ​កត់សម្គាល់​។ ការរកឃើញ​នេះ ត្រូវបាន​គេ​យក​ចំនួន​២០​ភាគរយ​នៃ​អ្នកមាន​ប្រាក់ខែ​ទាប យកទៅ​ធៀប​ជាមួយ​ទៅនឹង​ចំនួន​ដូចគ្នា​នៃ​អ្នកមាន​ប្រាក់ខែ​ខ្ពស់ ៕

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com