អន្តរជាតិ
លោក ពូទីន បញ្ជូនសំណើកែរដ្ឋធម្មនុញ្ញឲ្យសភា ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ។ រូបភាពវេបសាយប្រធានាធិបតីរុស្ស៊ី
× ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២០ ខែមករា បានបញ្ជូនកញ្ចប់សំណើសេចក្ដីព្រាងច្បាប់កែរដ្ឋធម្មនុញ្ញទៅឲ្យរដ្ឋសភា ដែលសំដៅរុះរើប្រព័ន្ធអំណាចនៅរុស្ស៊ី។ តាមសំណើនេះ ប្រធានាធិបតីដែលនឹងបន្តវេនពីលោក នឹងបាត់បង់អំណាចច្រើន ដែលធ្លាក់លើដៃសភា និងនាយករដ្ឋមន្ត្រីវិញ។ គេជឿថា លោក ពូទីន កំពុងរកផ្លូវដើម្បីបន្តអំណាចរបស់ខ្លួននៅពេលអាណត្តិប្រធានាធិបតីរបស់លោកចប់នៅឆ្នាំ២០២៤ ។
ជិតមួយសប្ដាហ៍ក្រោយប្រកាសធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ លោក វ៉ា្លឌីមៀ ពូទីន ក៏បញ្ជូនឯកសារនៃសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះទៅកាន់សភាដើម្បីជជែកពិភាក្សា និងអនុម័ត។ ក្នុងសំណើនេះ អំណាច ភាគច្រើន នឹងផ្ទេរពីប្រធានាធិបតីទៅកាន់សភា និងក្រុមប្រឹក្សារដ្ឋ ប៉ុន្តែប្រធានាធិបតី នឹងទទួលបានអំណាចខ្លះវិញដែរ។
ចំណុចសំខាន់ៗនៃការកែរដ្ឋធម្មនុញ្ញមានដូចជាការអនុញ្ញាតឲ្យសភាជ្រើសរើសនាយករដ្ឋមន្ត្រីហើយដែលប្រធានាធិបតីមិនអាចជំទាស់បានឡើយ និងការកំណត់អាណត្តិប្រធានាធិបតីត្រឹមពីរអាណត្តិប៉ុណ្ណោះ។ សព្វថ្ងៃ នាយករដ្ឋមន្ត្រី ត្រូវបានជ្រើសរើសដោយប្រធានាធិបតីផ្ទាល់ ឯប្រធានាធិបតីវិញ អាចដឹកនាំបានពីរអាណត្តិជាប់គ្នា រួចរំលងមួយអាណត្តិ ហើយបន្តបានពីរអាណត្តិទៀត។
ចំណុចសំខាន់ៗមួយទៀតនៃគម្រោងកែប្រែរដ្ឋធម្មនុញ្ញនេះ គឺការដំឡើងក្រុមប្រឹក្សារដ្ឋពីស្ថាប័នផ្ដល់យោបល់ទៅជាស្ថាប័នរដ្ឋមួយដែលមានអំណាច។ តាមសំណើរបស់លោក ពូទីន ក្រុមប្រឹក្សារដ្ឋនេះ នឹងត្រូវបង្កើតដោយប្រធានាធិបតី។ គេជឿថា លោក ពូទីន ដែលអាណត្តិប្រធានាធិបតីនឹងចប់នៅឆ្នាំ២០២៤ អាចដឹកនាំស្ថាប័ននេះដែលមានអំណាចផ្ដល់យោបល់លើគោលនយោបាយក្នុងស្រុក និងការបរទេស សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច។
គណៈកម្មាធិការច្បាប់នៃសភាឌូម៉ារុស្ស៊ី នឹងបើកកិច្ចប្រជុំភ្លាមលើសំណើរបស់លោក ពូទីន មុននឹងបញ្ជូនទៅកាន់សភាពេញអង្គ។ ប្រធានសភាឌូម៉ា Vyacheslav Volodin បានហៅការសម្រេចចិត្តរបស់លោក ពូទីន ជារឿងប្រវត្តិសាស្ត្រក្នុងការចែករំលែកអំណាចប្រធានាធិបតី។
ការប្រកាសកែរដ្ឋធម្មនុញ្ញដែលនឹងផ្លាស់ប្ដូរតុល្យភាពអំណាចនៅរុស្ស៊ីនេះ បានរងការរិះគន់ខ្លាំងពីសំណាក់ក្រុមប្រឆាំង។ មេដឹកនាំប្រឆាំងធំជាងគេលោក Alexei Navalny បានចោទលោក ពូទីន ថាព្យាយាមកាន់អំណាចមួយជីវិត ហើយថា ក្រុមប្រឆាំងនឹងរៀបចំផែនការមួយដើម្បីតទល់គម្រោងកែប្រែច្បាប់កំពូលនេះ។ លោក Navalny ថែមទាំងរិះគន់ប្រធានាធិបតីថា មិនយល់ពីអ្វីដែលខ្លួនឯងកំពុងធ្វើទៀតផង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ៕
Tag:
រុស្ស៊ី
វ៉ា្លឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com