ជាតិ
ការងារអន្តរក្រសួង៖ សម្ដេច ស ខេង ថា រដ្ឋមន្ត្រីខ្លះ បំពេញការងារ ខ្លាចតែបាត់តំណែង និងសិទ្ធអំណាច
× ភ្នំពេញ៖ រដ្ឋមន្ត្រីខ្លះ បារម្ភខ្លាចតែបាត់តំណែង និងអំណាចនៅក្នុងការបំពេញការងារអន្តរក្រសួង ដែលវាធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ពលរដ្ឋ។ សម្ដេច ស ខេង ថ្លែងបែបនេះ នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី២០ មករានេះ។
សម្ដេច ស ខេង បាននិយាយថា ច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺបានកែសម្រួល និងធ្វើវិសោធនកម្មចំនួន៦លើកមកហើយ ដើម្បីដាក់ឱ្យអនុវត្ត។ ប៉ុន្តែការសម្រេចបាននេះ វាមិនមែនជាការងាយស្រួលឡើយ ក្នុងការបំពេញការងារ នៅក្នុងក្របខណ្ឌអន្តរក្រសួង។
ត្រង់ចំណុចនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង ក៏បានរម្លឹកគ្រាដែលសម្ដេច និងលោក ត្រាំ អ៊ីវតឹក អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវដឹកនាំធ្វើច្បាប់ចរាចរណ៍ផ្លូវគោកនេះ ប៉ុន្តែលោក ត្រាំ អ៊ីវតឹក មិនបានចូលរួមប្រជុំឡើយ ដោយសារតែប្រកាន់រឿងធ្វើជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ សម្ដេច ស ខេង បាននិយាយដោយប្រយោលថា ការបំពេញការងារអន្តរក្រសួង ដោយខ្លាចបាត់បង់សិទ្ធិអំណាច និងតំណែងប្រធាននេះ វាគ្មានប្រសិទ្ធភាពការងារ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋឡើយ។
ថ្លែងចំពោះមុខមន្ត្រី និងថ្នាក់ដឹកនាំរដ្ឋាភិបាល នៅព្រឹកនេះ រដ្ឋមន្ត្រីមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករូបនេះ បាននិយាយដូច្នេះថា៖«រដ្ឋមន្ត្រីយើងខ្លះគាត់ខ្លាច ខ្លាចបាត់សិទ្ធិ បាត់អំណាច។ ខ្ញុំថាគេឱ្យយើងឡើងធ្វើធំហ្នឹង ដើម្បីការពារផលប្រយោជន៍ប្រជាជន ចុះបើឡើងមកគ្រាន់តែការពារផលប្រយោជន៍ខ្លួនឯងដដែលមិនបាច់ឡើងទេ។ ឡើងមកគ្រាន់តែខ្លាចបាត់អំណាចខ្លួនឯង មិនបាច់ឡើង មកធ្វើអីទេ។ (ឡើងមក)ការពារជាតិ ការពារប្រជាពលរដ្ឋ អាណុងភារកិច្ចរបស់យើង»។
ដ្បិតលោក ត្រាំ អ៊ីវតឹក កាលណោះ ហាក់បារម្ភពីតួនាទី និងសិទ្ធិអំណាចខ្លួនមែន ប៉ុន្តែគាត់ក៏បំពេញការងារយ៉ាងសកម្ម ក្នុងការរៀបចំតាក់តែង និងធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង។
ជាមួយគ្នានេះសម្ដេច ស ខេង ក៏បានផ្ដាំមន្ត្រីទាំងអស់ ដែលទទួលបានតួនាទី និងអំណាចពីរាជរដ្ឋាភិបាល គឺត្រូវការពារផលប្រយោជន៍ប្រជាជន មិនមែនការពារផលប្រយោជន៍ខ្លួនឯងនោះឡើយ៕
Tag:
ស ខេង
មហាផ្ទៃ
សិទ្ធិការងារ
© រក្សាសិទ្ធិដោយ thmeythmey.com