អន្តរជាតិ
តុលាការ​ថៃ កាត់ក្តី​បក្ស​លោក Thanathorn គ្មាន​ទោស​រឿង​ចង់​ផ្តួល​រាជានិយម​
21, Jan 2020 , 4:44 pm        
រូបភាព
មេដឹកនាំបក្សអនាគតឆ្ពោះទៅមុខ លោក Thanathorn អំឡុងពេលជួបជាមួយអ្នកគាំទ្រ (AFP)
មេដឹកនាំបក្សអនាគតឆ្ពោះទៅមុខ លោក Thanathorn អំឡុងពេលជួបជាមួយអ្នកគាំទ្រ (AFP)
ដោយ:
​តុលាការ​ធម្មនុញ្ញ​ថៃ នៅ​ថ្ងៃ ២១ ខែមករា បាន​រកឃើញថា គណបក្ស​អនាគត​ឆ្ពោះទៅមុខ​របស់​សេដ្ឋី​វ័យក្មេង​ថៃ Thanathorn Juangroongruangkit គ្មាន​ទោសកំហុស​ជុំវិញ​បណ្ដឹង​ចង់​ផ្តួលរំលំ​រាជានិយម​។ សេចក្តីសម្រេច​នេះ ក៏​ជាការ​បន្ធូរបន្ថយ​សម្រាប់​ក្រុមប្រឆាំង​ផងដែរ​។

 
តុលាការ បាន​ច្រាន​ចោលការ​អះអាងថា គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ​ប៉ុនប៉ង​ផ្តួលរំលំ​រាជានិយម​ថៃ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Taweekiat Meenakanit ចៅក្រម​ម្នាក់​ក្នុងចំណោម ៩ នាក់ ដែល​កាត់ក្តី​សំណុំ​រឿងនេះ បញ្ជាក់ថា បក្ស​ដែល​ត្រូវ​ចោទប្រកាន់​នេះ មិនបាន​ប្រព្រឹត្តិ​ក្នុង​សិទ្ធិ និង​សេរីភាព​ដើម្បី​ផ្តួលរំលំ​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ឡើយ​។ 
​យ៉ាងណាមិញ ចៅក្រម​រូបនេះ សង្កត់ធ្ងន់ថា គណបក្ស​នេះ គួរ​កែប្រែ​ពាក្យពេចន៍​ក្នុង​គោលនយោបាយ​បក្ស ដែល​ចែងថា​ខ្លួន​គោរព​តាម «​គោលការណ៍​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​» ទៅជា «​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដោយមាន​ស្តេច​ជា​ប្រមុខរដ្ឋ​»​។ 
 
​សេចក្តីសម្រេច​នេះ គឺជា​ការបន្ធូរបន្ថយ​សម្រាប់​ក្រុមប្រឆាំង ដែល​បាន​និយាយថា​ការចោទប្រកាន់​លើ​ពួកគេ​នេះ គឺជា​មាន​ចរិត​នយោបាយ​ក្នុង​គោលដៅ​បង្ក្រាប​ការប្រឆាំង​រដ្ឋាភិបាល​ថៃ ដែល​ដឹកនាំ​ដោយ​អតីត​មេដឹកនាំ​យោធា​។​
 
​ស្តេច​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ (Maha Vajiralongkorn) ព្រះជន្ម ៦៧ វស្សា គឺជា​រាជា​អាស្រ័យ​រដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែ​ក្នុង​វប្បធម៌​ជា​ប្រពៃណី ព្រះមហាក្សត្រ ត្រូវបាន​គោរព​ជា​អ្នកការពារ​របស់​ប្រទេស ហើយ​ការប្រមាថ​ស្តេច គឺជា​បទល្មើស​ឧក្រិដ្ឋកម្ម​ដែល​អាច​ទទួលទោស​ជាប់ពន្ធនាគារ​រហូតដល់​១៥​ឆ្នាំ​។ ការប៉ុនប៉ង​ផ្តួលរំលំ​រាជានិយម គឺ​ចាត់ទុកថា​ជា​បទល្មើស​ធ្ងន់ធ្ងរ​បំផុត​។ 
 
​សូមបញ្ជាក់ថា បង្កើតឡើង​កាលពី​២​ឆ្នាំមុន គណបក្ស​អនាគត​ឆ្ពោះទៅមុខ ទទួលបាន​កៅអី​ច្រើន​លំដាប់​ទី​៣ ក្នុងការ​បោះឆ្នោត​ទូទៅ​ក្នុង​ខែមីនា ឆ្នាំ​២០១៩ ។ មេដឹកនាំ​របស់​បក្ស​នេះ គឺ​លោក Thanathorn អាយុ ៤១ ឆ្នាំ បាន​ក្លាយជា​អ្នកប្រឆាំង​ដ៏​មាន​ឥទ្ធិពល​មួយ​ចំពោះ​រដ្ឋាភិបាល ដែល​កាលពី​ឆ្នាំមុន បាន​បន្ដុប​អតីត​មេដឹកនាំ​សឹក លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​នាយករដ្ឋមន្ត្រី​៕

Tag:
 ថៃ​
  Thanathorn
  បក្ស​អនាគត​ឆ្ពោះទៅមុខ
© រក្សាសិទ្ធិដោយ thmeythmey.com