Gary Neville អតីតខ្សែការពារស្តាំរបស់ Manchester United បានរិះគន់ចំពោះការជ្រើសរើសកីឡាកររបស់ក្រុមនេះ ដែលបណ្តាលឲ្យស្ថានភាពក្រុមរឹតតែយ៉ាប់យ៉ឺនខ្លាំងទៅៗ។ Neville ថែមទាំងស្នើឲ្យអនុប្រធានប្រតិបត្តិក្លិបបិសាចក្រហមលោក Ed Woodward ចុះចេញពីតំណែងនេះទៀតផង។
Man Utd បានចាញ់ Liverpool នាជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍ក្នុងលទ្ធផល ២-០។ បរាជ័យនេះ បានធ្វើឲ្យក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer មានគម្លាតពិន្ទុដាច់ឆ្ងាយពីក្រុមកំពូលតារាងដល់ទៅ៣០ពិន្ទុឯណោះ ខណៈការប្រកួតឈានចូលសប្តាហ៍ទី២៣។
លោក Neville ដែលបានឈ្នះពានលីគកំពូលអង់គ្លេសរហូតដល់ទៅចំនួន ៨ លើកជាមួយ Man Utd អំឡុងស្ថិតក្រោមការដឹកនាំរបស់ Sir Alex Ferguson បានបង្ហាញអារម្មណ៍មិនពេញចិត្ត និងខឹងសម្បារចំពោះការធ្លាក់ចុះទម្រង់លេងរបស់អតីតក្រុមខ្លួនដូចសព្វថ្ងៃនេះ។ ដោយសារបញ្ហានេះ បុរសសញ្ជាតិអង់គ្លេស វ័យ៤៤ឆ្នាំ ចង់ឲ្យម្ចាស់ក្លិបដែលគ្រប់គ្រងដោយគ្រួសារត្រកូល Glazer ចាប់ផ្តើមធ្វើសកម្មភាពផង។
«ពួកគេបានវិនិយោគដ៏ធំសំបើមមួយចំនួនទាក់ទងនឹងការទិញដូរ និងជ្រើសរើសកីឡាករ នៅក្នុងរយៈពេល ៦-៧ រដូវកាលចុងក្រោយ ប៉ុន្តែពួកគេនៅតែទទួលបានលទ្ធផលអាក្រក់។ រយៈពេល៦ខែទៅមុខទៀតក៏នៅតែពិបាកដដែល។ នេះជាការលើកឡើងរបស់ Neville នៅក្នុងកម្មវិធីទូរទស្សកីឡារបស់លោក។
ស្ថិតក្រោមការគ្រប់គ្រង់របស់លោក Woodward បិសាចក្រហម បានទិញខ្សែបម្រើ Paul Pogba ពី Juventus ត្រឡប់មកវិញក្នុងតម្លៃកំណត់ត្រាក្លិប ១១៥លានដុល្លារកាលពីឆ្នាំ២០១៦។ ពួកគេបានទិញខ្សែប្រយុទ្ធ Romelu Lukaku ពី Everton តម្លៃ៩៧លានដុល្លារ និងចុះកិច្ចសន្យនាំយក Alexis Sanchez ពី Arsenal នៅឆ្នាំ២០១៨ ដោយផ្តល់ប្រាក់ឈ្នួល១៨លានដុល្លារក្នុង១ឆ្នាំទៀតផង។
ប៉ុន្តែសព្វថ្ងៃ Lukaku និង Sanchez បានទៅចូលរួមជាមួយ Inter Milan ហើយ ក្រោយមិនបានជួយអ្វីដល់ក្រុមឲ្យសមនឹងតម្លៃខ្លួន។
បន្ទាប់មក នៅដើមរដូវកាល ២០១៩-២០នេះ Man Utd បានបើកខ្ទង់ចំណាយដ៏ច្រើនថែមទៀតក្នុងចំនួន១៧០លានដុល្លារ ដើម្បីនាំចូលខ្សែការពារ Harry Maguire ពី Leicester City និង Aaron Wan-Bissaka ពី Crystal Palace រួមទាំងខ្សែបម្រើស្លាប Daniel James ពី Swansea City។
Neville បានរិះគន់លោក Woodward ជុំវិញការទិញកីឡាករចួលថ្លៃៗ ប៉ុន្តែក្រុមនៅតែមិនមានការរីកចម្រើឲ្យសមនឹងការចំណាយ។ Neville ដែលចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់នៅឆ្នាំ២០១១ បានស្មើឲ្យលោក Woodward ចុះចេញពីតំណែងអនុប្រធានប្រតិបត្តិក្លិប Man Utd ទៀតផង។
ឆ្លងកាត់ការប្រកួត២៣លើក ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យ ស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាង Premier League ដោយរកបាន៣៤ពិន្ទុ តាមពីក្រោយ Chelsea ដែលឈរលេខ៤ ចំនួន៤ពិន្ទុ។ Man Utd ស្ទើតែអស់ឱកាសដណើ្តមពាននេះទៅហើយ បន្តែត្រូវធ្វើយ៉ាងណាប្រជែងយកតំណែង Top4 ឲ្យខាងតែបានដើម្បីបានកៅអីលេងនៅក្របខណ្ឌ Champions League រដូវកាលក្រោយ៕