អន្តរជាតិ
អតីត​ប្រមុខ​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ ម៉ឹង ហុង​វៃ ត្រូវ​ជាប់គុក​១៣​ឆ្នាំ​រឿង​ស៊ីសំណូក​
21, Jan 2020 , 10:19 pm        
រូបភាព
អតីតប្រមុខស្ថាប័នប៉ូលិសអន្តរជាតិ (Interpol) លោក ម៉ឹង ហុងវៃ ក្នុងសវនាការនាពេលកន្លងទៅ   (ប្រភពរូប៖ AFP)
អតីតប្រមុខស្ថាប័នប៉ូលិសអន្តរជាតិ (Interpol) លោក ម៉ឹង ហុងវៃ ក្នុងសវនាការនាពេលកន្លងទៅ (ប្រភពរូប៖ AFP)
ដោយ:
​អតីត​ប្រមុខ​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ (Interpol) លោក ម៉ឹង ហុង​វៃ (Meng Hongwei)  ដែល​ត្រូវបាន​ឃុំខ្លួន​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៨ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ជាង ១៣ ឆ្នាំ​ពីបទ​ស៊ីសំណូកសូកប៉ាន់ នៅ​ថ្ងៃ​អង្គារ ២១ ខែមករា​។

 

តុលាការ​ប្រជាជន​ទីក្រុងធានជីន បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​ថា បុរស​វ័យ​៦៦​ឆ្នាំ​រូបនេះ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៣ ឆ្នាំ និង ៦​ខែ ព្រមទាំង​ពិន័យ​ជា​ប្រាក់ ២៩​ម៉ឺ​ន​ដុល្លារ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ក្នុង​សវនាការ​របស់លោក​កាលពី​ខែមិថុនា​ឆ្នាំមុន លោក ម៉ឹង បាន​សារភាព​កំហុស​ក្នុង​ការទទួល​សំណូក​ចំនួន ២,១ លាន​ដុល្លារ ក្រោយពី​តុលាការ​បាន​និយាយថា លោក​បាន​ប្រើ​ឋានៈ​និង​មុខតំណែង​របស់គាត់​ដើម្បី​ស្វែងរក​ផលប្រយោជន៍​មិន​ត្រឹមត្រូវ ព្រមទាំង​ទទួលបាន​ទ្រព្យសម្បត្តិ​ដោយ​ខុសច្បាប់​និង សំណូក​។​
 
​តុលាការ បញ្ជាក់ទៀតថា លោក ម៉ឹង បាន​សារភាព​ជាការ​ពិត​ចំពោះ​អង្គហេតុ​ព្រហ្មទណ្ឌ​ទាំងអស់​ហើយនឹង​មិន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នេះ​ទេ​។ តុលាការ​បន្តថា លុយ និង​ទ្រព្យសម្បត្តិ​ខ្លះ​ដែល​លួច​យកទៅ ពុំ​អាច​យកមក​វិញ​បានឡើយ​។ 
 
​លោក ម៉ឹង ហុង​វៃ ជា​ជន​ជាតិចិន​ទីមួយ ដែល​កាន់តំណែង​ប្រធាន​ប៉ូលិស​អន្តរជាតិ​។ តាម​របាយការណ៍​កន្លងទៅ លោក ម៉ឹង ដែលជា​អតីត​អនុរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​របស់​ក្រុង​ប៉េកាំង​ផង​នោះ បាន​បាត់​ខ្លួន​បន្ទាប់ពី​ធ្វើដំណើរ​ពី​បារាំង​ទៅកាន់​ដឹក​ដី​កំណើត​របស់ខ្លួន​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០១៨​។ លោក ត្រូវបាន​ជំនួស​ជា​ប្រធាន​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ​ដោយ​លោក Kim Jong-yang ដែលជា​ជនជាតិ​កូរ៉េខាងត្បូង​។ 
 
​សូម​បញ្ជាក់ដែរថា Intepol គឺជា​អង្គការ​អន្តរជាតិ​ដ៏​ធំ​មួយ ដែលជា​ធម្មតា​ការងារ​របស់​អង្គការ​នេះ​ផ្ដោតលើ​ការស្វែងរក​មនុស្ស​បាត់​ខ្លួន ឬ​ការ​តាម​ចាប់​ជនល្មើស​។ ប៉ុន្តែ​អង្គការ​នេះ មិនមាន​អំណាច​ផ្ទាល់​ក្នុងការ​អនុវត្ត​ការងារ​របស់ខ្លួន ហើយ​ពឹង​ផ្អែកលើ​ប្រទេស​សមាជិក​វិញ​។ លោក ម៉ឹង ដែលជា​មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​របស់​ចិន បាន​ក្លាយជា​ប្រធាន Interpol នៅ​កាលពី​ឆ្នាំ​២០១៦ ដែល​កាលនោះ​ក៏​បង្កើតជា​ពាក្យរិះគន់​ខ្លាំង​ពី​អង្គការសិទ្ធិមនុស្ស​៕

Tag:
 ចិន​
  Interpol
  Meng Hongwei
© រក្សាសិទ្ធិដោយ thmeythmey.com