ONE Championship
កីឡាជាតិ
ជាតិ
ស្ងាត់​ឡើង​សង្វៀន ONE តែ ចាន់ រតនា សំងំ​ហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា​
21, Jan 2020 , 5:09 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​តាំងពី​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ជំនាញ​ចំបាប់​របស់​គុយបា Gustavo Balart នៅក្នុង​កម្មវិធី ONE:DREAMS OF GOLD កាល​ឆ្នាំមុន ចាន់ រតនា កីឡាករ​គុន​ចម្រុះ​កម្ពុជា កំពុង​សំងំ​ហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា ដើម្បី​ត្រៀមខ្លួន​ឡើង​សង្វៀន​នៅ​ឆ្នាំ ២០២០​។ លោក Lorenzo Lanzafame គ្រូបង្វឹក​ផ្ទាល់​ផ្នែក​កម្លាំង​និង​អាហារ​របស់​រតនា​បាន​អះអាង​ដូច្នេះ​។​


 
​លោក Lorenzo បាន​ប្រាប់ថា​៖«​ចាន់ រតនា កំពុងធ្វើការ​ខ្លាំងក្លា​ដើម្បី​ត្រលប់មក​សង្វៀន​វិញ បន្ទាប់ពី​ខកខាន​បង្ហាញខ្លួន​រយៈ​ពេល ៥ ខែ​មកនេះ​។ យើង​បាន​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជាថ្មី​នៅ ONE»​។ 
 
​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​សង្កត់ធ្ងន់​៖«​យើង​បង្វឹក រតនា អំពី​ការប្រកួត​ក្នុង​ជំហរ​ដេក​ដើម្បី​ឲ្យ​គេ​គេចវេស​ពី​ការប៉ង​ផ្ដួល​របស់​គូបដិបក្ខ​។ ចំណែក លោក ខូវ វិ​ឌ្ឍ​នា កំពុង​បង្ហាត់​ក្បាច់​ជឺ​ជិត​ស៊ូ ដល់​រតនា ឲ្យ​កាន់តែ​ស្ទាត់ជំនាញ​។ ការ​បង្វឹក​របស់​យើង គឺ លៃ​យ៉ាងណា​ឲ្យ រតនា មាន​កម្លាំង​ស៊ុ​ហ្វ​ល្អ​ជាង​ការប្រកួត​មុនៗ និង ប្រកួត​រហូតដល់​ទឹក​ចុងក្រោយ​»​។ 
​ស្ថិតក្នុង​វ័យ​៣៣ ឆ្នាំ ចាន់ រតនា មានកំណត់​ត្រា​ប្រកួត​អាជីព​លើស​ង្វៀន​គុន​ចម្រុះ​បាន​ចំនួន ១០ លើក​ក្នុងនោះ​ឈ្នះ ៧ លើក និង ចាញ់ ៣ លើក​។ អ្វីដែល​បំបែក​កំណត់ត្រា​ល្អ​បំផុត​ជាង​កីឡាករ​ខ្មែរ​ផ្សេងទៀត​គឺ ឈ្នះ ៣​លើកចុងក្រោយ​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE ។ ទាំង​៣​លើក​នោះ គឺ  ឈ្នះ Abrou Fernandes  និង Rudy Agustian ដែលជា​កីឡាករ​ឥណ្ឌូណេស៊ី និង​បន្ត​ឈ្នះ​ពិន្ទុ​លើ Gustavo Balart កាល​ពាក់​កណ្ដាលខែ សីហា ឆ្នាំ ២០១៩ កន្លងទៅ​នៅ​ប្រទេស​ថៃ​។  
 
​គ្រូបង្វឹក​ជំនាញ​ផ្នែក​កម្លាំង​ខាងលើ​ជឿជាក់ថា គូប្រកួត​របស់ ចាន់ រតនា ដែល​ត្រូវ​ប៉ះ​នៅ ONE នាពេលខាងមុខ​ច្បាស់​ជាខ្លាំង​ជាង​ការប្រកួត​កន្លងទៅ​មិន​ខាន​។ ដូច្នេះ រតនា ត្រូវ​ហាត់​ជាប្រចាំ​រាល់ថ្ងៃ​មិនអាច​ប្រហែស​បានទេ ហើយ​ការប្រកួត​នឹង​មកដល់​នាពេល​ឆាប់ៗ​ខាងមុខ​។ 


 
​កន្លងទៅ​ថ្មីៗ​នេះ ចាន់ រតនា ក៏បាន​បង្ហើប​ថា​រូបគេ​ហ្វឹកហាត់​ទ្វេដង​ព្រោះ​គូប្រកួត​មិនមែន​ប្រហែលៗ​មុន​នោះឡើយ​។  រតនា បញ្ជាក់ ៖«​ខ្ញុំ​ខំប្រឹង​ខ្លាំង​ជាង​មុន​លើសពី​១០០ % ជាប្រចាំ​ថ្ងៃ ទោះ​មិនទាន់មាន​ដំណឹង​ថា​ឡើង​ប្រកួត​នៅ​សង្វៀន ONE Championship នាពេល​ណាក៏ដោយ​»​។​
 
​លោក Lorenzo រំលឹកថា ចាន់ រតនា ជា​ឧទាហរណ៍​មួយ​ដ៏​ល្អ​សម្រាប់​កីឡាករ​ទាំងអស់​ក្នុងស្រុក​ព្រោះ​រូបគេ​ធ្វើ​ការងារ​ខ្លាំងក្លា និង លះបង់​ខ្ពស់​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​។ ក្នុងនោះ​ក្រុមការងារ​មកពី LLFitness និង ក្លិប​ជី​ជិត​ស៊ូ H/Art academy ក៏បាន​ប្រឹងប្រែង​ដើម្បី​ធ្វើ​ឲ្យ រតនា ក្លាយជា​កីឡាករ​កំពូល​ប្រចាំ​ប្រទេស និង មាន​កម្រិត​អន្តរជាតិ​។ 
 
​ចាន់ រតនា មាន​គ្រូបង្វឹក​ផ្ទាល់ខ្លួន​ជាច្រើន​ដូចជា​គ្រូបង្វឹក Lorenzo Lanzafame បង្ហាត់ បច្ចេកទេស​និង​គ្រប់គ្រង​កម្លាំង​រួមទាំង​របប​អាហារ​, គ្រូ ខូវ វិ​វ​ឌ្ឍ​នា បង្ហាត់​ក្បាច់​ជឺ​ជិត​ស៊ូ ចំបាប់ និង MMA, គ្រូបង្វឹក Rolando ជនជាតិ​គុយបា បង្វឹក​ផ្នែក​ប្រដាល់សកល​, គ្រូបង្វឹក Sov បង្វឹក​ភាព​អំណត់ និង គ្រូបង្វឹក  Jeppe បង្ហាត់​ផ្នែក​ចលនា​សរសៃ​និង​ម៉ាស្សា​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា ONE: FIRE & FURY ពី​ក្រុម​ម៉ានីល នៅ​ថ្ងៃទី ៣១  ខែមករា​ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  



© រក្សាសិទ្ធិដោយ thmeythmey.com