ONE Championship
កីឡាជាតិ
ជាតិ
Pongsiri Mitsatit សន្យា​ផ្ដួល Lito Adiwang ឲ្យ​សន្លប់​នៅ​សង្វៀន ONE
22, Jan 2020 , 8:59 am        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​កីឡាករ Pongsiri Mitsatit រហស្សនាម «The Smiling Assassin» មាន​អារម្មណ៍​អន្ទះសា​ក្នុង​ការឡើង​សង្វៀន​នៅ​ថ្ងៃ​សុក្រ​ទី​៣១ ខែមករា ដោយ​ជឿជាក់ថា​អាច​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​។ Pongsiri Mitsatit នឹង​ជួប វីរបុរស  Lito Adiwang មកពី​ក្លិប Team Lakay ក្នុងការ​ប្រកួត​គុន​ចម្រុះ​ទម្ងន់ strawweight ក្នុង​កម្មវិធី ONE: FIRE & FURY ដែល​រៀប​នៅ​សង្វៀន Mall Of Asia Arena នា​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។


 
​ក្នុងការ​តាំងចិត្ត  Pongsiri Mitsatit ត្រៀមខ្លួន​ដើម្បី​ផ្ដួល​គូប្រកួត​ម្ចាស់​ស្រុក​ឲ្យ​សន្លប់​ឲ្យ​ខាងតែបាន​ជាពិសេស​ការ​ប្រើ​កណ្ដាប់ដៃ​។  កីឡាករ​វ័យ ២៣​ឆ្នាំ​របស់​ថៃ​បាន​គូសបញ្ជាក់ថា​៖«​វា​ជា​រឿង​លំបាក​ពេល​ប្រកួត​ទល់នឹង​កីឡាករ​ម្ចាស់ផ្ទះ ប៉ុន្តែ​ខ្ញុំ​ក៏​ធ្លាប់​ប្រកួត​បែបនេះ​ពីមុនមក​ដែរ​។ វា​អាចមាន​អារម្មណ៍​តក់ស្លុត​បន្តិច ប៉ុន្តែ ខ្ញុំ​អាច​គ្រប់គ្រង​បាន​។ ខ្ញុំ​ដឹងថា​នឹងមាន​មនុស្ស​ជាច្រើន​អបអរ Lito​។ ប៉ុន្តែ​ខ្ញុំ​ត្រូវការ​ឈ្នះ ហើយ​ខ្ញុំ​មិន​ត្រូវមាន​សម្ពាធ​ខ្លាំងពេក​ទេ​។ ខ្ញុំ​ផ្ដោតអារម្មណ៍​លើ​ជ័យជម្នះ​»​។  

 
 
Adiwang មានកំណត់​ត្រា​ប្រកួត​គុន​ចម្រុះ ឈ្នះ​១០ លើក និង ចាញ់ ២​លើក ក្នុងនោះ​មាន​អត្រា​ជ័យជម្នះ​៩០ ភាគរយ តាំងពី​ចូល​ប្រកួត​នៅ​សង្វៀន Rich Franklin’s ONE Warrior Series កាល​ខែ តុលា ឆ្នាំ ២០១៨​។ កីឡាករ​ជំនាញ វូ​ស៊ូ បានឈ្នះ​ការប្រកួត​ពីរលើក​ដំបូង​ដោយ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ម្ដង និង ឈ្នះ ពិន្ទុ  Anthony “The Antidote” Do ជា​ឯកច្ឆន្ទ​ម្ដង មុនពេល​ទទួលបាន​កិច្ចសន្យា ៦​ប្រកួត​នៅ​សង្វៀន​អន្តរជាតិ ONE Championship​។ តាមរយៈ​ការប្រកួត​ដ៏​ល្អ​នេះ​បានធ្វើ​ឲ្យ “Thunder Kid” មានឈ្មោះ​បោះ​សំឡេង​រហូតដល់​បច្ចុប្បន្ន​។ 
 
​រឹតតែ​អស្ចារ្យ រូបគេ​ប៉ះ​ម្ចាស់​ខ្សែក្រវាត់ Pancrase Flyweight World Champion កីឡាករ​ជប៉ុន Senzo Ikeda ក្នុង​កម្មវិធី ONE: CENTURY PART I និង បញ្ចប់​កីឡាករ​ជប៉ុន​ត្រឹម​ទឹក​ទី​១ ប៉ុណ្ណោះ​។ ជ័យជម្នះ​ដ៏​ធំ​បំផុត​នេះ​នឹងធ្វើ​ឲ្យ​កីឡាករ​ហ្វីលីពីន​វ័យ ២៦ ឆ្នាំ ធ្វើ​ឲ្យ​កាន់តែ​ទាក់ទាញ​ពេល​មានការ​ប្រកួត​ម្ដងៗ​។ 
 
​បែបណាក៏ដោយ Mitsatit ដែលជា​ម្ចាស់​ខ្សែក្រវាត់ Northern Muay Thai Champion ពី​ប្រទេស​ថៃ​អាច​នឹង​បញ្ចប់​ការ​ឈ្នះ​៦​លើក​ជាប់​គ្នា​របស់​កីឡាករ​មកពី​ក្លិប Team Lakay​។ 


 
«​គេ​ជា​កីឡាករ​ប្រកួត​ល្អ​គ្រប់ទឹក​។ គាត់​ខ្លាំងណាស់​។ គាត់​ខ្លាំង​ទាំង​ក្បាច់​វ៉ៃ​ជំហរ​ដេក និង ជំហរ​ឈរ​។ ហើយ​គាត់​ពិតជា​ក្លាហាន​ហើយ​ដើរចូល​រហូត​។ គេ​ពិតជា​ចង់​ឈ្នះ​ណាស់​»​។ កីឡាករ​ថៃ​បាន​រៀបរាប់​បែបនេះ​។ 
 
“The Smiling Assassin” គូសបញ្ជាក់ ៖«​គោលដៅ​របស់ខ្ញុំ គឺ ការប្រើ​បច្ចេកទេស​។ ខ្ញុំ​នឹង​ប្រើ​បច្ចេកទេស​កៀង​ទៅ​ខ្សែ​រេញ​ដើម្បី​ប្រើ​កណ្ដាប់ដៃ​។ ខ្ញុំ​មិន​ចង់​វ៉ៃ​ជំហរ​ដេក​នោះទេ​។ ខ្ញុំ​នឹង​អាច​ឈ្នះ​បាន​។ ខ្ញុំ​នឹង​ប្រើ​ក្បាច់​ដើម្បី​មានប្រៀប​លើ​គេ និង អាច​ផ្ដួល​ឲ្យ​សន្លប់​»​។ 
 
“The Smiling Assassin” មានកំណត់​ត្រា​ក្នុង​អាជីព​គុន​ចម្រុះ​ឈ្នះ ១០ ដង និង ចាញ់ ៤​ដង​។ ក្នុងនោះ​រូបគេ​ឈ្នះ ៨ លើក​ដោយ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់ និង ម្ដង​ឈ្នះ​ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​ដៃគូ​ម្ដង​។​
 
​កូនសិស្ស​មកពី​ក្លិប Tiger Muay Thai ដែលមាន​មូលដ្ឋាន​នៅ​ភូ​កេ​ត បាន​ហាត់​ត្រៀម​យ៉ាង​ខ្លាំងក្លា​ក្រោម​ការ​បង្វឹក​របស់​គ្រូបង្វឹក​គុន​ចម្រុះ George Hickman ពោល​ហ្វឹកហាត់​ទាំង​បច្ចេកទេស និង ផែនការ​លើស​ង្វៀន​។ 
 
“The Smiling Assassin” បាន​រំលឹកថា ៖«George បាន​ជួយ​ខ្ញុំ និង រៀបចំ​ផែនការ​លើស​ង្វៀន​សម្រាប់​ខ្ញុំ​។ គាត់​តែងតែ​ជួយ​ខ្ញុំ​ឲ្យ​ឈ្នះ​ការប្រកួត​។ គាត់​តែងតែ​រំលឹក​ដល់​ខ្ញុំ ជារឿយៗ​។ ហើយ​ខ្ញុំ​ក៏មាន​ទំនុកចិត្ត​ដែរ​មុនពេល​ខ្ញុំ​ប្រកួត​។ ខ្ញុំ​ប្រឹង​ឲ្យ​អស់​សមត្ថភាព​។ ប៉ុន្តែ ចាញ់ ឬ ឈ្នះ គឺជា​កីឡា​»​។ 
 
​ការប្រកួត​នេះ​នឹង​ក្លាយជា​កីឡាករ​លំបាក​មួយ​សម្រាប់​កីឡាករ​ថៃ​ដោយសារ​ការប្រកួត​ក្នុង​ទឹកដី​របស់ Adiwang នៅ​សង្វៀន Mall Of Asia Arena នៃ​ប្រទេស​ហ្វីលីពីន​។  បើ​ដូច​ការតាំង​ចិត្ត​មែន នោះ Mitsatit អាច​ទទួល​ជ័យជម្នះ នោះ​រូបគេ​នឹង​ក្លាយជា​មនុស្ស​ម្នាក់​អាច​វាយ​ឲ្យ “Thunder Kid” អាច​សន្លប់​បាន​៕



© រក្សាសិទ្ធិដោយ thmeythmey.com