កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Arsenal ដែល​សល់​គ្នា​១០​នាក់ វាយបក​តាម​ស្មើ Chelsea ២-២
22, Jan 2020 , 10:59 am        
រូបភាព
N
N'Golo Kante (ឆ្វេង) ព្យាយាមយកដៃប៉ះបាល់ដើម្បីរំខានដល់ Gabriel Martinelli
Arsenal ដែល​នៅសល់តែ​គ្នា​១០​នាក់ បាន​វាយបក​តាម​ស្មើ Chelsea ដោយ​លទ្ធផល ២-២ នា​ការប្រកួត​ក្របខណ្ឌ Premier League នៅ​រាត្រី​ថ្ងៃទី​២១ ខែមករា​។​


 
​ក្នុងជំនួប​សប្តាហ៍​ទី​២៤ នៅ​កីឡដ្ឋាន Stamford Bridge ខ្សែការពារ David Luiz បានទទួល​កាត​ក្រហម​នៅ​នាទី​២៨ បន្ទាប់ពី​ឈូស​ជើង Tammy Abraham ក្នុង​ប្រអប់​គ្រោះថ្នាក់​។ ខ្សែបម្រើ Jorginho ជា​អ្នករ៉ាប់រង​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ដើម្បី​ជួយ Chelsea នាំមុខ​១​គ្រាប់​មុន​នៅ​នាទី​២៨​។​


 
​ចូលដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការ​ដល់​នាទី​៦៣ ខ្សែប្រយុទ្ធ​វ័យក្មេង Gabriel Martinelli បាន​អូស​បាល់​តាំងពី​ក្រោម​យកទៅ​បញ្ចូល​សំណាញ់​ទី​ក្រុម​តោ​ខៀវ​ដើម្បី​ជួយ​កាំភ្លើង​ធំ​តាម​ស្មើ ១-១ វិញ​។ យ៉ាងណាក៏ដោយ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Frank Lampard នៅតែ​ជា​ក្រុម​មានប្រៀប និង​បាន​រក​គ្រាប់​បាល់​នាំមុខ​សារជាថ្មី តាមរយៈ​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែការពារ​និង​ជា​ប្រធាន​ក្រុម Cesar Azpilicueta នៅ​នាទី​៨៤​។​
 
​រឿង​នឹកស្មាន​មិន​ដល់​បានកើត​ឡើងជា​ថ្មី​។ Arsenal ដែល​សល់​តែ​គ្នា​១០​នាក់​តាំងពី​វគ្គ​ទី​១ មិនបាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ខកចិត្ត​ឡើយ បន្ទាប់ពី​រក​គ្រាប់​បាល់​តាម​ស្មើ​ក្រោយ​ការនាំ​មុខជា​ថ្មី​របស់ Chelsea ត្រឹម​រយៈពេល​៣​នាទី​ប៉ុណ្ណោះ​។ ខ្សែការពារ​ស្លាប​ស្តាំ Hector Bellerin តាមរយៈ​ការបញ្ជូន​បាល់​ពី​ដៃគូ Lucas Torreira បាន​ស៊ុត​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​នៅ​នាទី​៨៧ ដើម្បី​ជួយ Arsenal យក​ស្មើ Chelsea ដោយ​លទ្ធផល ២-២​។​


 
​លទ្ធផល​ស្មើគ្នា​នេះ បាន​ជួយ​កាត់បន្ថយ​គម្លាត​ពិន្ទុ​របស់ Chelsea ពី Manchester United ក្នុងការ​ដណ្តើម​ចំណាត់ថ្នាក់ Top4 រដូវ​កាល​នេះ សម្រាប់​កៅអី​លេង​នៅ​ក្របខណ្ឌ Champions League រដូវ​កាល​ក្រោយ​។ ឆ្លងកាត់​២៤​ប្រកួត Chelsea រកបាន​៤០​ពិន្ទុ ឈរ​លេខ​រៀង​ទី​៤ នាំមុខ​ពិន្ទុ​បិសាច​ក្រហម​ដែល​នៅ​លេខ​៥ និង​ទើប​ប្រកួត​២៣​លើក ចំនួន​៥​ពិន្ទុ​។​
 
Arsenal ដែលមាន​លោក Mikel Arteta ជា​អ្នកចាត់ការ បាន​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​១០ ក្នុង​តារាង Premier League ដោយ​រកបាន​៣០​ពិន្ទុ ពី​ការប្រកួត​២៤​លើក​។​
 
​ដោយឡែក​ក្នុងជំនួប​ថ្ងៃ​ជាមួយគ្នានេះ Manchester City បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន​ដោយ​យកឈ្នះ Sheffield United ១-០​។ ខ្សែប្រយុទ្ធ Sergio Aguero ជា​អ្នកសម្រេច​ទី​ក្នុង​ប្រកួត​នេះ តាមរយៈ​ការបញ្ជូន​បាល់​យ៉ាង​ល្អ​របស់ Kevin De Bruyne​។​
 
Aston Villa បានគេច​ផុតពី​តំបន់​ត្រូវ​កាត់ចោល ក្រោយ​យកឈ្នះ Watford ២-១​។ Aston ឡើងទៅ​ចំណាត់ថ្នាក់​ទី​១៦ វិញ​ដោយ​រកបាន​២៤​ពិន្ទុ ស្របពេល Watford ស្ថិតនៅ​តំបន់​គ្រោះថ្នាក់​ដោយ​រកបាន​២៣​ពិន្ទុ​។ AFC Bournemouth បើ​ទោះ​យកឈ្នះ Brighton & Hove Albion ៣-១ តែ​ពួកគេ​មិនទាន់​គេ​ផុត​តំបន់​គ្រោះថ្នាក់​នៅឡើយ ដោយ​ឈរ​នៅ​លេខ​រៀង​ទី​១៨ មាន​២៣​ពិន្ទុ​។ Norwich City នៅ​បាត​តារាង មាន​១៧​ពិន្ទុ​៕

Tag:
 Arsenal
  Premier League
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com