នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងក្រុមហ៊ុន Huawei កម្ពុជា បានរៀបចំពិធីចុះហត្ថលេខា លើគម្រោងជំនួយជាឧបករណ៍បច្ចេកវិទ្យា ICT និងកម្មវិធីបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា 5G នៅឯទីស្តីការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យានៃគម្រោងជំនួយនេះ ក្រោមអធិបតីភាព លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា។
នៅក្នុងពិធីនេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកោតសរសើរ ដល់ក្រុមការងាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei ដែលបានខិតខំប្រឹងប្រែង មិននឿយហត់ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ថ្ងៃនេះកើតឡើង។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Huawei សម្រាប់គម្រោងជំនួយលើឧបករណ៍ និងសេវាកម្មនេះ ដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានលើកឡើងបន្ថែមថា៖«ប្រទេសកម្ពុជា ទទួលបាននូវកំណើនរឹងមាំ និងមានស្ថិរភាព ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ។ ជាមួយនឹងការលេចចេញនូវសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ប្រទេសកម្ពុជា ត្រូវតែពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីទ្រទ្រង់កំណើនដ៏ខ្ពស់ និងរឹងមាំ ជាមួយចក្ខុវិស័យយូរអង្វែង»។
បើតាមលោក ត្រាំ អ៊ីវតឹក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា មានតួនាទីសំខាន់ណាស់ក្នុងការគាំទ្រដល់រដ្ឋាភិបាល ដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលនយោបាយជាយុទ្ធសាស្ត្រ ដើម្បីទទួលបាននូវសេដ្ឋកិច្ចឌីជីថល ក៏ដូចជាត្រៀមខ្លួនឆ្ពោះទៅកាន់បដិវត្តឧស្សាហកម្មជំនាន់ទី៤ ដូចបានបង្ហាញនៅក្នុង«យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤» អាណត្តិទី៦នេះ។ លោកបន្តដូច្នេះថា៖«ផលិតផល និងសេវាកម្ម ដែលប្រគល់ជូនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្ងៃនេះ នឹងត្រូវបានប្រើប្រាស់ ដើម្បីសម្រេចបាននូវសមិទ្ធផលជាអតិបរមា ប្រកបដោយប្រសិទ្ធភាព។ ខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Huawei នឹងរីកចម្រើនកាន់តែខ្លាំងឡើងៗ»។
លោក Yao នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានេះថា ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ឈានមុខគេលើពិភពលោក និងជាទំនួលខុសត្រូវសង្គមនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Huawei បានឆ្លើយតបយ៉ាងសកម្ម ទៅតាមអនុសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរដ្ឋាភិបាលកម្ពុជា ដើម្បីជ្រោមជ្រែងដល់យុទ្ធសាស្ត្រ «ឌីជីថលកម្ពុជា» និងចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការបណ្តុះបណ្តាលទេពកោសល្យឌីជីថល។
លោក Yao បន្តទៀតថា ផ្អែកលើកិច្ចព្រមព្រៀងពីមុន រវាងសម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ក្រុមហ៊ុន Huawei មានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដោយផ្តល់សម្ភារ បរិក្ខា និងសេវាកម្ម សម្រាប់មជ្ឈមណ្ឌលទិន្នន័យខា្នតតូច ប្រព័ន្ធវីដេអូនៃសន្និសីទ និងកុំព្យូទ័រយួរដៃម៉ាក Huawei សម្រាប់ការិយាល័យរដ្ឋាភិបាលថ្នាក់កណ្តាល និងខេត្ត ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០២០នេះ។
លោក Yao បានបន្ថែមដូច្នេះថា៖«យើងអាចនិយាយបានថាឆ្នាំ២០២០ គឺជាឆ្នាំដ៏សំខាន់ នៃដំណើរការអភិវឌ្ឍ 5G របស់ប្រទេសកម្ពុជា ហើយយើងរីករាយ ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ។ ក្រុមហ៊ុន Huawei បានត្រៀមខ្លួនផ្តល់ជូនក្រសួង នូវការបណ្តុះបណ្តាលបច្ចេកវិទ្យា 5G ចំនួន ៣០កូតា សម្របសម្រួលទៅតាមតម្រូវការ របស់មន្ត្រីផ្នែកទូរគមនាគមន៍ ដើម្បីឱ្យពួកគាត់អាចយល់ដឹងពីបច្ចេកវិទ្យា 5G និងកម្មវិធីចុងក្រោយបំផុត នៃបច្ចេកវិទ្យានេះ។ បើសម្លឹងមើលទៅអនាគត ថ្ងៃនេះគឺជាការចាប់ផ្តើមថ្មីមួយទៀត សម្រាប់កិច្ចសហប្រតិបត្តិការ រវាងក្រសួង និងក្រុមហ៊ុន Huawei ប្រចាំកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើង ផ្នែកឌីជីថលនីយកម្ម។ ក្រុមហ៊ុន Huawei នឹងបន្តចក្ខុវិស័យ ដើម្បីនាំយកឌីជីថលទៅកាន់មនុស្សគ្រប់រូប គ្រប់គេហដ្ឋាន និងគ្រប់ស្ថាប័ន សម្រាប់ប្រទេសកម្ពុជា ជាមួយនឹងការតភ្ជាប់ដ៏ពេញលេញ និងឆ្លាតវៃ។ យើងនឹងបន្តវិនិយោគលើប្រព័ន្ធ 5G, Broadband, Cloud, បញ្ញាសិប្បនិម្មិត(AI) និងឧបករណ៍វៃឆ្លាត ដើម្បីជួយអតិថិជនរបស់យើងឱ្យទទួលបាននូវអត្ថប្រយោជន៍ពីបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនទាំងនេះ ជាពិសេសគឺ 5G ដែលនឹងក្លាយជាផ្នែកមួយដ៏សំខាន់បំផុត ដើរតួនាទីជាមូលដ្ឋានគ្រឹះ នៃការធ្វើឱ្យប្រសើរឡើង និងឌីជីថលនីយកម្មថ្នាក់ជាតិដ៏ឆ្លាតវៃ»។
លោក សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា៖«ខ្ញុំសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Huawei ចំពោះការចូលរួមចំណែក ក្នុងការអភិវឌ្ឍយ៉ាងសកម្ម ទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅក្នុងប្រទេសកម្ពុជា។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានវិទ្យា ដល់ស្ថាប័នរដ្ឋាភិបាលដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដូចនេះហើយ តាមរយៈការជ្រោមជ្រែងពីក្រុមហ៊ុន Huawei នៅពេលនេះ ពិតជាជួយកែលម្អផលប័ត្រដែលមានស្រាប់របស់យើង ឱ្យកាន់តែល្អប្រសើរឡើង»។
(អត្ថបទពាណិជ្ជកម្ម)