ការជំនុំជម្រះជាប្រវត្តិសាស្ត្រដើម្បីឈានដល់ការដកហូតតំណែងប្រធានាធិបតី ដូណាល់ ត្រាំ បានបើកដំណើរការ កាលពីរសៀលថ្ងៃអង្គារ ២១ ខែមករា ខណៈសមាជិកបក្សប្រជាធិបតេយ្យបានចោទសមាជិកបក្សសាធារណរដ្ឋក្នុងព្រឹទ្ធសភាទាំងកំហឹងថា ព្យាយាមបិទបាំងសំណុំរឿងលោកត្រាំ ដោយរារាំងការកោះហៅសាក្សីសំខាន់ ឬបង្ហាញភស្តុតាងថ្មីបន្ថែម។
ខណៈមេដឹកនាំអាមេរិកប្រឈមនឹងបណ្ដេញពីតំណែងសម្រាប់ការបំពានអំណាច សម្ព័ន្ធមិត្តរបស់លោក គឺលោក Mitch McConnell ដែលជាប្រធានមតិភាគច្រើនក្នុងព្រឹទ្ធសភា បានដាក់ចេញនីតិវិធីដែលនឹងរារាំងការកោះហៅសាក្សីសំខាន់ ឬបង្ហាញឯកសារ។
ដោយមានសំឡេងបក្សសាធារណរដ្ឋ ៥៣ទល់នឹងបក្សប្រជាធិបតេយ្យ៤៧ លោក McConnell ក៏បានបញ្ជាក់ច្បាស់ដែរថា លោកនឹងរាំងខ្ទប់រាល់ការប៉ុនប៉ងពីសំណាក់បក្សប្រជាធិបតេយ្យក្នុងការកែប្រែនីតិវិធីដែលលោកបានដាក់ចេញនេះ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកនិយាយដូច្នេះថា៖ «រចនាសម្ព័ន្ធជាមូលដ្ឋានដែលយើងកំពុងដាក់ស្នើនេះគឺមានលក្ខណៈយុត្តិធម៌ និងស្មើភាព»។
ដោយគាំទ្រពីសំណាក់មេធាវីរបស់ប្រធានាធិបតី លោក McConnell ដំបូងឡើយមានបំណងកាត់បន្ថយពេលវេលាលើកអំណេះអំណាងពី ៣ ថ្ងៃ មកកាន់ ២ ថ្ងៃ ។ ក៏ប៉ុន្តែ ក្រោយជំនួបជាមួយសមាជិកព្រឹទ្ធសភា រួមមានខ្លះជាសមាជិកបក្សសាធារណរដ្ឋផងនោះ លោក ក៏បានយល់ព្រមសម្រេចប្រើពេល៣ថ្ងៃសម្រាប់លើកអំណេះអំណាងពីសំណាក់ភាគីទាំងសងខាង ដូច្នេះគឺប្រើរយៈពេល ៦ថ្ងៃជាប់ៗគ្នា។ មែនទែនទៅ កាលបរិច្ឆេទដំបូងឡើយគឺ ប្រើពេល ១២ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីលើកអំណេះអំណាង។
លោក Adam Schiff ប្រធានក្រុមអ្នកចាត់ការទទួលបន្ទុកកាត់ទោសលោក ត្រាំ នៃសភាតំណាងអាមេរិក បានរិះគន់លើសំណើនីតិវិធីនេះ ដោយចាត់ទុកថា មិនសមហេតុផល សម្រាប់សវនាការនេះឡើយ។ លោក សង្កត់ធ្ងន់ថា វាត្រូវបានបង្កើតឡើងក្នុងគោលដៅធានាឲ្យបានថា ភស្តុតាង ឬសាក្សីដែលប្រឆាំងលោកត្រាំ នឹងមិនត្រូវបានលើកយកមកពិភាក្សាក្នុងការជំនុំជម្រះនេះឡើយ។
នីតិវិធីរបស់លោក McConnell មានគោលដៅធ្វើឲ្យសំណុំរឿងនេះដំណើរការលឿនបំផុតតាមដែលអាចធ្វើទៅបានដើម្បីបិទបាំងទង្វើឆ្គាំឆ្គងរបស់លោក។ លោក Schiff លើកឡើងបែបនេះដោយបន្ថែមថា នេះជាការដើរថយក្រោយទាំងស្រុងតែម្តង ដោយបើកការជំនុំជម្រះមុននឹងបង្ហាញភស្តុតាង។ លោកបន្តថា «ប្រជាជនអាមេរិកភាគច្រើន មិនជឿថា នេះគឺជាសវនាការយុត្តិធម៌មួយនោះឡើយ»។
បក្សប្រជាធិបតេយ្យ ចង់ស្តាប់ការឆ្លើយបំភ្លឺពីទីប្រឹក្សាផ្ទាល់បច្ចុប្បន្ន ក៏ដូចជាអតីតទីប្រឹក្សាចំនួន៤របស់លោក ត្រាំ រួមមាន ប្រធានខុទ្ទកាល័យសេតវិមានអាមេរិកលោក Mick Mulvaney និងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton ជាដើម។ អំឡុងការស៊ើបអង្កេតក្នុងសភាតំណាង លោ ត្រាំ បានលើកឡើងពីអភ័យឯកសិទ្ធិផ្តាច់មុខ និងបានរារាំងការឆ្លើយបំភ្លឺ ក៏ដូចជាបញ្ចេញឯកសារស្នើសុំដោយសភាផងដែរ។
លោក ត្រាំ ត្រូវបានចោទប្រកាន់ជាផ្លូវការកាលពីថ្ងៃ ១៨ ធ្នូ ឆ្នាំ២០១៩ ដោយសភាតំណាង ហើយបានលើកសំណុំរឿងនេះមកកាត់ក្តីជាផ្លូវការកាលពីសប្តាហ៍មុន ក្រោមបទចោទចំនួន២។ ការចោទប្រកាន់ទី១គឺ លោក ត្រាំ បានអនុវត្តអំណាចប្រធានាធិបតីដើម្បីបានផលចំណេញផ្ទាល់ខ្លួន ខណៈមិនខ្វាយខ្វល់ ឬប៉ះពាល់ដល់ប្រយោជន៍ជាតិ ដោយដាក់សម្ពាធលើអ៊ុយក្រែនឲ្យជ្រៀតជ្រែកការបោះឆ្នោតជ្រើសរើសប្រធានាធិបតី២០២០។ ការចោទប្រកាន់ទី២គឺ នៅពេលត្រូវបានចាប់កំហុសបាន, នៅពេលសភាតំណាងបានបើកការស៊ើបអង្កេត និងស៊ើបសួរក្នុងនីតិវិធីដកតំណែងប្រធានាធិបតីនោះ លោក ត្រាំ បានព្យាយាមរារាំងដំណើរការរបស់សភានេះ។
នេះគឺជាលើកទី៣ហើយដែលប្រធានាធិបតីអាមេរិក បានឆ្លងកាត់ការជំនុំជម្រះឈានដល់ដកហូតតំណែងប្រធានាធិបតី បន្ទាប់ពី Bill Clinton ក្នុងឆ្នាំ ១៩៩៩ និង Andrew Johnson ក្នុងឆ្នាំ ១៨៦៨។ ដូចអ្នកមុនលោកទាំងពីរនេះដែរ លោក ដូណាល់ ត្រាំ មើលទៅស្ទើរតែច្បាស់លាស់ថា នឹងសម្រេចឲ្យរួចខ្លួនពីការចោទប្រកាន់ដោយសំឡេងភាគច្រើនសាធារណរដ្ឋក្នុងព្រឹទ្ធសភាក្នុងសវនាការ ដែលអាចមានពេលតិចជាង២សប្ដាហ៍។
ពីទីក្រុង Davos នៃប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក លោកប្រធានាធិបតី បានបន្តចាត់ទុកការការចោទប្រកាន់ឈានដល់ដកហូតតំណែងលោកនេះថា ជាការបោកបញ្ឆោត គ្មានខ្លឹមសារ៕