កីឡាជាតិ
ជាតិ
លោក Nestor៖ វត្តមាន​ថ្នាក់ដឹកនាំ​ក្លិប​ផ្សេងទៀត​ជា​កម្លាំងចិត្ត​របស់​ព្រះខ័ន​រាជ​ពេល​ស្វាគមន៍​ក្រុម​ឡាវ Master 7
22, Jan 2020 , 2:25 pm        
រូបភាព
លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង
លោក Conor Nester គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង
ដោយ:
​គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​លោក Conor Nestor រំពឹង​ឃើញ​វត្តមាន​លោក មាស ចាន់ណា គ្រូបង្វឹក​ណាហ្គា​វើ​លដ៍ និង​ថ្នាក់ដឹកនាំ​ក្លិប​បឹងកេត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ពេល​ក្រុម​ខ្លួន​ប៉ះ​ជាមួយ​ក្រុម Master 7 របស់​ឡាវ​ក្នុង​វគ្គ​ជម្រុះ Playoff នៅ​ល្ងាច​ថ្ងៃទី​២២ មករា ឆ្នាំ​២០២០​នេះ​។ ទាំង​គ្រូបង្វឹក​ព្រះខ័ន​រាជ​ស្វាយរៀង និង Master 7 សុទ្ធតែ​បាន​អះអាង​ពី​ការត្រៀមខ្លួន​រួចរាល់ និង​ប្តេជ្ញា​ស្វែងរក​ជ័យជម្នះ​រៀងៗ​ខ្លួន​។ ដូច្នេះ​ការ​ជូ​ប​គ្នា​រវាង​ក្រុម​ទាំងពីរ​នឹង​ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ​កម្ពុជា​។​

 
​លោក Conor Nestor គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង គឺជា​អ្នកគាំទ្រ​មួយរូប ដែល​បាន​ទៅ​ទស្សនា​ការប្រកួត​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ពេល​ក្រុម​ណាហ្គា​វើ​លដ៍ និង​បឹងកេត​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup កាលពីពេល​កន្លង​។ កត្តា​នេះហើយ ដែល​ធ្វើ​ឲ្យ​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​រំពឹងថា ក្រុម​ខ្លួន​នឹង​ទទួលបាន​ការលើកទឹកចិត្ត និង​គាំទ្រ​ដោយផ្ទាល់​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្លិប​ទាំងពីរ ពេល​ពួកគេ​ប៉ះ​ជាមួយ Master 7 របស់​ឡាវ នា​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២២ មករា នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។   
 
«​នៅ​ឆ្នាំមុន​ខ្ញុំ​បាន​គាំទ្រ​ណាហ្គា​វើ​ល​ដ៏ ហើយ​រដូវ​កាល​មុន​មួយទៀត ខ្ញុំ​បាន​អង្គុយ​ទីនេះ គាំទ្រ​ក្រុម​បឹងកេត ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ថ្ងៃនេះ លោកគ្រូ មាស ចាន់ណា នឹង​មក​គាំទ្រ​ពួកយើង ដូច​អ្វីដែល​ខ្ញុំ​បានធ្វើ​កន្លងមក​»​។ លោក Conor Nestor លើកឡើង​បែបនេះ នា​សន្និសីទ​សារព័ត៌មាន​មុន​ការប្រកួត កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០​។ 
 
​គ្រូបង្វឹក​សញ្ជាតិ​អៀរ​ឡង់​រូបនេះ​បាន​អះអាងថា ក្រុម​លោក​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ក្នុងការ​តទល់​ជាមួយ Master 7​។ ជាក់ស្តែង​មុន​ការប្រកួត​មកដល់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​និង​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ អ្វីដែល​គួរកត់សម្គាល់​ក្រុម​ជើងឯក​លី​ក​កំពូល​ឆ្នាំ​២០១៩​មួយ​នេះ ទទួលបាន​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​តាមរយៈ​យកឈ្នះ​បី​ប្រកួត​ជាប់​គ្នា​។ ពួកគេ​បាន​យកឈ្នះ​ក្រុម Selangor FA ក្នុង​លទ្ធផល ៤-០, Felda United ២-១ និង​ចុងក្រោយ​ពួកគេ​បាន​វាយបក​យកឈ្នះ​ក្រុម Terengganu ដែលជា​អតីត​ក្រុម​របស់ ធា​រី ចន្ថា​ប៊ី​ន ក្នុង​លទ្ធផល ៤-៣​។  


 
​ទោះបី​ជ័យជម្នះ​ដ៏​ធំធេង​ក្នុងការ​ប្រកួត Pre-Season វា​បាន​ជួយ​លើកទឹកចិត្ត​និង​ផ្តល់​កម្លាំងចិត្ត​ដល់​កីឡាករ​ឲ្យ​កាន់​តែមាន​ទំនុកចិត្ត​ក៏ដោយ តែ​សម្រាប់​លោក Conor Nestor មិនបាន​ទន់​ទោរ ឬ​ផ្តេកផ្តួល​ជាមួយ​លទ្ធផល​នេះឡើយ​។ សម្រាប់​លោក Conor ការប្រកួត Pre-Season នៅ​ម៉ាឡេស៊ី ខុសប្លែក​ពី​ការប្រកួត​ជាមួយ Master 7 ព្រោះ​វា​ចាប់ផ្តើម​ពី​លទ្ធផល​សូន្យ​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​ដឹកនាំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​ពី​ការប្រកួត​នេះ​។​
 
​ប្រធាន​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​កីឡាករ សឿ​យ វិសាល ក៏បាន​អះអាង​ពី​ការត្រៀមខ្លួន​បាន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​នេះ​ផងដែរ ហើយ​រូបគេ​ប្តេជ្ញា​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ជ័យជម្នះ​ជូន​ក្រុម អ្នកគាំទ្រ និង​ប្រទេសជាតិ​។ វិសាល អះអាងថា ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង នឹងធ្វើ​ឲ្យ​ការប្រកួត​ជាមួយ Master 7 ក្លាយជា​ការប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ​។ 
 
«​វា​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង ដូច្នេះ​យើង​ប្តេជ្ញា​ថា​នឹង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​រក​ផល​វិជ្ជមាន​មួយ​ជូន​ក្រុម និង​ប្រទេស​របស់​ពួកយើង ជាពិសេស​អ្នកគាំទ្រ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ យើង​ប្តេជ្ញា​ថា នឹង​ខិតខំ​ធ្វើ​ឲ្យ​ការប្រកួត​នេះ វា​ក្លាយជា​ប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​ពួកយើង​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាករ សឿ​យ វិសាល​។ 
 
​ទោះបី​ក្រុម Master 7 ទទួលបាន​លទ្ធផល​មិនសូវ​ល្អ​ក្នុងការ​បោះជំរំ​ហ្វឹកហាត់ និង​ប្រកួត Pre-Season នៅលើ​ទឹកដី​ថៃ​ក៏ពិតមែន តែ​ក្រុម​ជើងឯក​រង​លី​គ​កំពូល​ឡាវ​មួយ​នេះ​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាងខ្លាំង និង​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ក្នុងការ​តទល់​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​។ នេះ​បើតាម​ការអះអាង​របស់​លោក Catalin Mi Hai Dina គ្រូបង្វឹក​ក្រុម Master 7​។ 


 
​គ្រូបង្វឹក​រូបនេះ​ប្តេជ្ញា​ថា លោក​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ដឹកនាំ​ក្រុម ដើម្បី​ស្វែងរក​លទ្ធផល​មួយ​ដ៏​ល្អប្រសើរ ទោះបី​ព្រះខ័ន​រាជ​ស្វាយរៀង​មាន​សមត្ថភាព​ខ្លាំង​និង​ទើប​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត Pre-Season នៅ​ម៉ាឡេស៊ី​ក៏ដោយ​។ លោក​ជឿជាក់ថា ការប្រកួត​នៅថ្ងៃនេះ​នឹង​ក្លាយ​ជាកា​ប្រកួត​មួយ​ដ៏​តានតឹង និង​ជាការ​ប្រកួត​មួយ​ដ៏​ល្អ​។​
 
​ជាមួយ​ការបង្ហាញ​ក្តី​រំពឹង​នឹង​អាចដឹកនាំ​ក្រុម Master 7 ឡើងទៅ​វគ្គ​បន្ត​ពី​ការចូលរួម​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ គ្រូបង្វឹក​សញ្ជាតិ​រ៉ូ​ម៉ា​នី​រូបនេះ​បានលើកឡើង​ដូច្នេះ​ថា​៖«​ទោះបី​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលបាន​លទ្ធផល​ក្នុងការ​ប្រកួត Pre-Season ហើយ​ក្រុម​យើង​ទទួលលទ្ធផល​មិនល្អ​ក៏ដោយ តែ​វា​គ្រាន់តែ​ជាការ​ប្រកួត​វាស់​ស្ទង់​សមត្ថភាព​របស់​កីឡាករ​ក្នុងការ​រៀបចំ​ក្រុម​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ការប្រកួត​នៅថ្ងៃនេះ គឺជា​ការប្រកួត​មួយ​ផ្សេង យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​ជូន​ក្រុម​»៕  

Tag:
 បាល់ទាត់​
  ព្រះខ័ន​រាជ​ស្វាយរៀង​
  Conor Nester
© រក្សាសិទ្ធិដោយ thmeythmey.com