អន្តរជាតិ
លោក ពូ​ទីន តែងតាំង​គណៈរដ្ឋមន្ត្រី​ថ្មី​ដោយ​រក្សា​មនុស្ស​ជំនិត​ឲ្យ​កាន់តំណែង​សំខាន់ៗ​
22, Jan 2020 , 2:48 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ជជែកជាមួយនាយករដ្ឋមន្រ្តី មីខាអ៊ីល មីហ៊ូស្ទីន។ រូបភាពវេបសាយប្រធានាធិបតីរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ជជែកជាមួយនាយករដ្ឋមន្រ្តី មីខាអ៊ីល មីហ៊ូស្ទីន។ រូបភាពវេបសាយប្រធានាធិបតីរុស្ស៊ី
​ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​២១ ខែមករា បានតែងតាំង​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី​ដើម្បី​ដឹកនាំ​កិច្ចការ​ជាតិ បន្ទាប់ពី​លោក​ប្រកាស​កែ​រដ្ឋធម្មនុញ្ញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មក​។ លោក ពូ​ទីន បាន​រក្សា​មនុស្ស​ជំនិត​របស់ខ្លួន​ក្នុង​តំណែង​សំខាន់ៗ​ដូចជា​រដ្ឋមន្ត្រី​ការពារជាតិ ការបរទេស និង​ហិរញ្ញវត្ថុ​។ រដ្ឋមន្ត្រី​ផ្នែក​កិច្ចការ​សង្គម​ជាច្រើនរូប ត្រូវបាន​ផ្លាស់ប្ដូរ​ក្នុង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ថ្មី លោក មី​ខា​អ៊ី​ល មី​ហ៊ូ​ស្ទី​ន ។ 

 
​ជិត​មួយ​សប្ដាហ៍​ក្រោយ​ប្រកាស​កែ​រដ្ឋធម្មនុញ្ញ​ដែល​នាំ​រដ្ឋាភិបាល​លោក ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ សុំលាលែង​គ្មាន​សល់ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏បាន​តែងតាំង​រដ្ឋាភិបាល​ថ្មី​មួយ​វិញ​ដើម្បី​បន្ត​ដឹកនាំ​ប្រទេស​។ កាលពី​សប្ដាហ៍​មុន លោក ពូ​ទីន បានតែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ គឺ​លោក មី​ខា​អ៊ី​ល មី​ហ៊ូ​ស្ទី​ន ដែល​មុននេះ​ជា​ប្រធាន​សេវាកម្ម​ពន្ធដារ​រុស្ស៊ី​។ នៅ​ថ្ងៃទី​២១ ខែមករា លោក ពូ​ទីន បន្ត​តែងតាំង​រដ្ឋមន្ត្រី​ថែមទៀត​។​
 
​មនុស្ស​ជំនិតៗ​របស់លោក ពូ​ទីន នៅតែ​រក្សា​តំណែង​របស់ខ្លួន​ដដែល​។ រដ្ឋមន្ត្រីការបរទេស លោក សេ​ហ្គេ​យ៍ ឡាវ​រ៉ូ​វ (Sergei Lavrov) និង​រដ្ឋមន្ត្រី​ការពារជាតិ សេ​ហ្គេ​យ៍ ស្ហ​យ​ហ្គូ (Sergei Shoigu) ដែលជា​មន្ត្រី​ជំនិត​បំផុត​របស់លោក បន្ត​កាន់តំណែង​រៀងៗ​ខ្លួន​ដដែល​ដូចគ្នា​នឹង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ អាន់​តុ​ន ស៊ីលូ​ណូ​វ (Anton Siluanov) និង​រដ្ឋមន្ត្រី​ថាមពល អា​ឡិច​សាន់​ឌ័​រ ណូ​វ៉ា​ក់ (Alexander Novak)​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​យ៉ាងណាមិញ រដ្ឋមន្ត្រី​ដែល​ទាក់ទង​នឹង​កិច្ចការ​សង្គម​ដូចជា​រដ្ឋមន្ត្រី​សុខាភិបាល អប់រំ ការងារ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាដើម សុទ្ធតែ​ត្រូវបាន​ផ្លាស់ប្ដូរ​ទាំងអស់​។ នា​ជំនួប​ជាមួយ​គណៈរដ្ឋមន្ត្រី​ថ្មី​ដែល​ដឹកនាំ​លោក មី​ហ៊ូ​ស្ទី​ន លោក ពូ​ទីន និយាយថា ការងារ​សំខាន់បំផុត គឺ​បង្កើន​សុខមាលភាព​ប្រជាជន និង​ពង្រឹង​រដ្ឋ​។ នាយករដ្ឋមន្ត្រី​ថ្មី លោក មី​ហ៊ូ​ស្ទី​ន អះអាងថា រដ្ឋាភិបាល​លោក នឹង​ផ្ដោតលើ​ការជំរុញ​កំណើនសេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​។​
 
​លោក មី​ហ៊ូ​ស្ទី​ន ក៏​សន្យាថា នឹង​នាំមក​ការផ្លាស់ប្ដូរ​ពិតប្រាកដ​សម្រាប់​រុស្ស៊ី​។ លោក ពូ​ទីន ផ្ទាល់ ហៅ​គម្រោង​កែប្រែ​រដ្ឋធម្មនុញ្ញ​របស់​លោក ជាការ​និង​ឆ្លើយតប​នឹង​អ្វីដែល​លោក​ចាត់ទុកថា ការទាមទារ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ផងដែរ​។ 
 
​យ៉ាងណាមិញ ក្រុមប្រឆាំង បាន​រិះគន់ថា អ្វីដែល​លោក ពូ​ទីន ចង់បាន គឺ​ការបន្ត​រក្សា​អំណាច​របស់ខ្លួន​ពេល​ចប់​អាណត្តិ​នៅ​ឆ្នាំ​២០២៤ ខាងមុខ​។ អ្វីដែល​ពួកគេ​ចង្អុល​ចំៗ​នោះ គឺ​ការបង្កើន​អំណាច​ក្រុមប្រឹក្សារដ្ឋ ដែល​បច្ចុប្បន្ន​ត្រឹម​ជា​ស្ថាប័ន​ផ្ដល់យោបល់​ធម្មតា​។ ក្នុង​គម្រោង​កែ​រដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សា​ដែល​គេ​ជឿថា លោក ពូ​ទីន នឹង​ធ្វើជា​ប្រធាន​នោះ នឹង​ក្លាយជា​ស្ថាប័ន​មួយ​មានអំណាច​លើ​កិច្ចការ​ការបរទេស សន្តិសុខ និង​ផ្ដល់យោបល់​លើ​កិច្ចការ​ក្នុងស្រុក​ផងដែរ​៕ 

Tag:
 ​រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com