ជាតិ
សហជីព​កម្មករ ព្រមាន​ធ្វើ​កូដកម្ម បើ​រដ្ឋាភិបាល​កាត់​ប្រាក់​វេន​យប់
22, Jan 2020 , 3:13 pm        
រូបភាព
​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា កំពុង​ថ្លែង​និង​ស្នើ​ដល់​រដ្ឋាភិបាល​ក្នុង​ខួប​លើក​១៦​របស់លោក ជា វិជ្ជា​។
​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា កំពុង​ថ្លែង​និង​ស្នើ​ដល់​រដ្ឋាភិបាល​ក្នុង​ខួប​លើក​១៦​របស់លោក ជា វិជ្ជា​។
​ភ្នំពេញ​៖ សហជីព​កម្មករ ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការធ្វើ​វិសោធនកម្ម​ច្បាប់ ដែល​កាត់​ប្រាក់​វេន​យប់ និង​ឈប់​លើក​ថ្ងៃ​សម្រាក​សៅរ៍​-​អាទិត្យ​របស់​កម្មករ​និយោជិត​។ ប្រសិនបើ រដ្ឋាភិបាល​នៅតែ​បន្តធ្វើ​វិសោធនកម្ម​ច្បាប់​នេះ សហជីព​កម្មករ​គ្រោង​ធ្វើ​កូដកម្ម​ប្រឆាំង​ការកែប្រែ​នេះ​។

 
អត្ថបទទាក់ទង

​នៅ​ចំពោះមុខ​ស្តូប​រូប​អនុស្សាវរីយ៍​របស់លោក លោក ជា វិជ្ជា នៅ​ព្រឹក​ថ្ងៃទី​២២​ខែមករា​នេះ  មេដឹកនាំ​សហជីព​កម្មករ​មួយចំនួន​ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន និង​លោក អាត់ ធន់ បានទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបន្ថយ​ប្រាក់​វេន​យប់​សម្រាប់​កម្មករ និង​ឈប់​លើក​ថ្ងៃ​ឈប់សម្រាក​សៅរ៍ និង​អាទិត្យ​។​
 
​ការទាមទារ​នេះ ត្រូ​បាន​ធ្វើឡើង​ក្នុងពេលដែល​ពួកគេ​ប្រារព្ធ​ពិធី​រម្លឹក​ខួប​១៦​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា ដែលជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ដែល​ត្រូវ​ឃាតករ​បាញ់សម្លាប់​នៅមុខ​តូប​កាសែត​ក្បែរ​របង​វត្ត​លង្ការ​។ ទាំង​លោក រ៉ុង ឈុន និង​លោក អាត់ ធន់ ពួកគេ​ក៏បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែង​យុត្តិធម៌​ជូន​លោក ជា វិជ្ជា ផងដែរ​។​
​គេ​មិន​បានឃើញ​មាន​វត្តមាន​លោក ជា មុនី ដែលជា​ប្អូនប្រុស​លោក ជា វិជ្ជា ហើយ​ដែល​បាន​បន្ត​ដឹកនាំ​សហជីព​បន្ត​ពី​បងប្រុស​នោះឡើយ​។​
 
​នៅ​ចំពោះមុខ កម្មករ​ប្រមាណ​១០០​នាក់ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កាត់ដេរ​កម្ពុជា (​ស៊ី​ខៅ​ឌូ​) បានបង្ហាញ​ក្តីបារម្ភ អំពី​ការបាត់បង់​ផលប្រយោជន៍​របស់​កម្ម​ករ នៅពេលដែល​រដ្ឋាភិបាល​មាន​គម្រោង​កាត់បន្ថយ​ប្រាក់​វេន​យប់​ពី​១៣០​ភាគរយ មក​នៅត្រឹម​១០០​ភាគរយ​ដូច​ប្រាក់​ឈ្នួល​វេន​ថ្ងៃ​។​


​លោ​កក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​។ 
 
​លោក អាត់ ធន់ បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល បន្ត​អនុវត្ត​ច្បាប់​ដែលមាន​ស្រាប់ ហើយ​មិនត្រូវ​រៀបចំ ឬ​តាក់តែង​ច្បាប់ ឬ​វិ​សោធ​កម្ម​ច្បាប់​ណា​ដែល​ខាត​ប្រយោជន៍​ឡើយ​។ យើង​បន្ត​ស្នើ​ឲ្យ​រដ្ឋាភិបាល ជំរុញ​និង​ធ្វើ​ឲ្យ​ប្រសើ​ឡើងលើ​ការផ្ដល់​អន្តរ​ភាព​នៃ​វិស័យ​ការងារ ដើម្បី​ឲ្យ​សហជីព​កម្មករ​ទទួល​បានការ​ការពារ​កម្ម​ករ​ទៅ​ថ្ងៃមុខ​។​»​។​
 
​ដូចគ្នា​ដែរ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ជាប់​ការធ្វើវិសោធកម្ម​ច្បាប់​ដែរ​។ លោក​ព្រមាន​ថា ប្រសិនបើ រដ្ឋាភិបាល​នៅតែ​បន្ត​វិសោធនកម្ម សហជីព​កម្មករ​និង​កម្មករនិយោជិត នឹងធ្វើ​កូដកម្ម​ឡើង ដើម្បី​ទាមទារ​ប្រយោជន៍​រួម​ដល់ក​ម្មករ​។ 
 
«​ការធ្វើវិសោធកម្ម គឺត្រូវធ្វើ​ឲ្យ​ពលរដ្ឋ​ទទួលបាន​ផលប្រយោជន៍ មិនមែន​បាត់បង់​នោះទេ​។ ដូច្នេះ​យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា ជជែក​គ្នា​ថា​ត្រូវ​ធ្វើយ៉ាងណា​?....​បើសិន​ប្រើ​នីតិវិធី​អស់ហើយ យើង​មានតែ​យុទ្ធសាស្ត្រ​ចុងក្រោយ គឺ​កូដកម្ម បាតុកម្ម ដើម្បី​ជំរុញ​ឲ្យ​មានការ​ធានាបាន​ច្បាប់​កុំឱ្យ​បាត់បង់​ផលប្រយោជន៍​កម្មករ​។​»​។ នេះ​ជាការ​លើកឡើង​របស់លោក រ៉ុង ឈុន​។ 
 
​ពាក់ព័ន្ធ​នឹង​ការធ្វើវិសោធកម្ម​ច្បាប់​ការងារ​នេះ លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​បានបញ្ជាក់​ឲ្យ​ដឹងថា សហជីព​បានរៀបចំ​លិខិត​២ ទី​១​ជា​សេចក្ដីថ្លែងការណ៍ និង​ទី​២​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ ដើម្បី​បដិសេធ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នៃ​ការធ្វើវិសោធកម្ម​ច្បាប់​ការងារ​នេះ​។ សម្រាប់​មេ​សហជីព​រូបនេះ ការរៀបចំ​ធ្វើ​វិ​សោធ​កម្ម​ច្បាប់​នេះ ឆ្លុះបញ្ចាំង​ពី​ការមិន​បានគិត​គូ​រដ​ល់​កម្មករនិយោជិត ប៉ះពាល់​ប្រយោជន៍​កម្មករ​។ ជាមួយគ្នា​ដែរ​នេះ លោក ប៉ាវ ស៊ីណា និង លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​លើក​ពី វីរភាព​របស់លោក ជា វិជ្ជា ក្នុងការ​ទាមទារ​សិទ្ធិ​ដល់ក​ម្មករ ដោយ​បន្ត​ស្នើ​ឲ្យ​មាន​ការរក​យុត្ត​ធម៌​ដល់​លោក ជា វិជ្ជា​៕ 


​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។


ពីឆ្វេង​ទៅ​ស្ដាំ​ទី​៧ លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​។ 

Tag:
 សហជីព​
  ជា វិជ្ជា​
© រក្សាសិទ្ធិដោយ thmeythmey.com