ជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ គ្រោង​ពិន័យ​អ្នកបើកបរ​ខុសច្បាប់​ញឹកញយ ដោយ​ដកសិទ្ធិ​បើកបរ​
22, Jan 2020 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង គ្រោង​ដាក់ចេញ​វិធានការ​ថ្មី ដោយ​ដកសិទ្ធិ​បើកបរ​របស់​អ្នក​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ចរាចរណ៍​ញឹកញយ ដើម្បី​កាត់បន្ថយ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​។


 
​សម្ដេច ស ខេង បាន​ពិនិត្យឃើញថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​កើនឡើង ដល់​ចំណុច​ប្រកាសអាសន្ន​ហើយ ដែល​ត្រូវការ​រឹតបន្តឹង​ច្បាប់​ឱ្យបាន​ហ្មត់ចត់ នៅ​ឆ្នាំ​២០២០​នេះ​។ រដ្ឋមន្ត្រី​មហាផ្ទៃ​រូបនេះ ក៏បាន​បញ្ជា​ឱ្យ​មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​វិធានការ​ទប់ស្កាត់ និង​បង្ការ​កុំឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។​
 
​និយាយ​ពី​រឿង​វិធានការ​ទប់ស្កាត់​នេះ សម្ដេច ស ខេង ក៏បាន​លើក​ពី​ការពិន័យ​អ្នកបើកបរ​ខុសច្បាប់​ច្រើនដង តាមរយៈ​ការដក​សិទ្ធិ​បើកបរ ឬ​បញ្ឈប់​សកម្មភាព​បើកបរ​របស់​ពួកគេ​តែម្ដង​។ 



 
​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​២០ មករា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយ​ដូច្នេះ​ថា​៖« ឧបមា​ការផាកពិន័យ ឬ​ដាក់ឱ្យ​ម៉ាត់​(​ធ្វើឱ្យ​ប្រាកដ​)​តែម្ដង គឺ​(​ធ្វើ​ខុសច្បាប់​ចរាចរណ៍​) លើក​ទី​១ ចោះ​បណ្ណ​បើកបរ (​ដើម្បីឱ្យ​ចំណាំ​ថា បុគ្គល​ម្នាក់​ហ្នឹង ធ្លាប់​ប្រព្រឹត្ត​ខុសច្បាប់​ម្ដង​ហើយ​)​។ លើក​ទី​២ ចោះ​បណ្ណ​បើកបរ ហើយ​លើក​ទី​៣ មិនបាច់​ចោះ​ទៀត​ទេ រឺ​ប​អូស​យកតែ​ម្ដង ។​បានន័យថា អ្នក​ហ្នឹង លែងមាន​សិទ្ធិ​បើកបរ​(​កំណត់​)​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ លែងមាន​សិទ្ធិ​បើកបរ​ទៀត ចុះ​ក្នុង​បញ្ជីខ្មៅ​តែម្ដង ទាំង​ការបើក​លឿន​ក៏ដោយ បើកបរ​ស្រវឹង​ក៏ដោយ (​ប្រើប្រាស់​)​គ្រឿងញៀន​ក៏ដោយ​។ ហើយ​បើ​(​ប្រើប្រាស់​)​គ្រឿងញៀន គឺថា មិនឱ្យ​បើកបរ​មួយជីវិត​តែម្ដង ព្រោះ​គ្រឿងញៀន​វា​មិន​ងាយ​ជា​(​បន្សាប​បាន​)»​។​
 
​ក្រៅពី​គ្រោង​ដាក់ចេញ​វិធានការ​នេះ សម្ដេច ស ខេង ក៏​ចង់ឱ្យ​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម សហគ្រាស ដែល​ទទួលយក​អ្នកបើកបរ​រថយន្ត ផ្ទុក​សារធាតុ​ញៀន និង​ប្រើប្រាស់​គ្រឿងញៀន បំពេញការងារ​នោះ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ផងដែរ នៅពេលដែល​អ្នកបើកប​រ​ខ្លួន បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ឬ​បើកបរ​ខុសច្បាប់​។ 
 
«​ក្រុមហ៊ុន តែ​កាលណា​យក​អ្នក​(​ប្រើប្រាស់​គ្រឿងញៀន​)​ហ្នឹង មក​បើកបរ គឺ​ក្រុមហ៊ុន​ត្រូវមាន​បន្ទុក​ទទួលខុស​ត្រូវ​។ ត្រូវ​សិក្សា​ចំណុច​ហ្នឹង​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង ដែល​បាន​ស្នើឱ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់ ត្រួតពិនិត្យ និង​តាមដាន​រក​សារធាតុ​ញៀន លើ​បុគ្គលិក​បើកបរ​ខ្លួន ដើម្បី​បញ្ចៀស​ការប្រឈមមុខ​នឹង​ច្បាប់ និង​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​៕

Tag:
 ស ខេង​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com