ភ្នំពេញ៖ ដើមអង្គាសីល ត្រូវបានគេដាក់លក់ជាហូរហែ តាមផ្លូវនានាក្នុងរាជធានីភ្នំពេញ មុនថ្ងៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាមចូលមកដល់។ រាល់ឆ្នាំអាជីវករលក់ដើមអង្គាសីលបានចំណាយដើមទុនជាច្រើន ចាប់ពី២ពាន់ដុល្លារ ដល់ទៅ៤ពាន់ដុល្លារ ឬច្រើនជាងនេះក៏មាន។ ក្នុងឆ្នាំ២០២០នេះ អាជីវករលក់ដើមអង្គាសីល ហាក់មិនសង្ឃឹមចំណេញឡើយ ដោយសារឆ្នាំនេះ ដើមអង្គាសីលមិនសូវល្អ ព្រោះអាកាសធាតុក្ដៅ និងគ្មានភ្លៀងធ្លាក់។
ដើម្បីជ្រាប់ច្បាស់សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានThmeyThmey ជាមួយអាជីវកលក់ដើមអង្គាសីលដូចតទៅ៖
អ្នកស្រី ចាន់ លក្ខិណា អ្នកលក់ដើមផ្កាអង្គាសីលនៅវត្តទឹកថ្លា បានលើកឡើងថា ឆ្នាំ២០២០នេះ អ្នកស្រីបានចំណាយដើមទុន១,៧០០ដុល្លារ ដោយឃើញផ្កាឆ្នាំនេះសម្បូរ និងមានគ្រាប់ផ្កាធំៗ ទើបអ្នកស្រីហ៊ានចំណាយដើមទុនច្រើនជាងឆ្នាំមុនដល់ទៅពាក់កណ្ដាល។ ប៉ុន្តែ ដោយសារឆ្នាំនេះអាកាសធាតុក្តៅ និងមិនមានភ្លៀងធ្លាក់ ទើបធ្វើឲ្យផ្កាអង្គាសីលឆាប់ចេញផ្កា មុនថ្ងៃចូលឆ្នាំចិន។
អ្នកស្រី លក្ខិណា មិនសង្ឃឹមចំណេញនោះទេ ព្រោះផ្កាអង្គាសីលរបស់អ្នកស្រីរីកមុនថ្ងៃសែនចិន-វៀតណាម ដែលធ្វើឲ្យលក់មិនបានថ្លៃ ដោយអ្នកស្រីពោលយ៉ាងដូច្នេះ៖«បារម្ភខ្លាចខាតដែរ អត់ជឿជាក់ចំណេញទេ ព្រោះមើលទៅផ្កាអង្គាសីលវាគ្រាប់ធំ ហើយរីកលឿន មិនដឹងវានៅក្រពុំឬអត់ទេ បើនៅក្រពុំលក់បានថ្លៃ ដើមខ្លះរីកអីចឹងក៏លក់បានដែរ តែមួយដើមធ្លាប់លក់បាន៤០ដុល្លារ ដល់ពេលផ្ការីកសល់ត្រឹម២៥ដុល្លារ ខាតអស់ជិតពាក់កណ្ដាល»។
ចំណែកឯ អ្នកលក់ដើមផ្កាអង្គាសីលនៅតាមបណ្ដាយផ្លូវរថភ្លើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខវិញ ក៏បារម្ភខ្លាចមិនចំណេញដូចអ្នកស្រី លក្ខិណាដែរ។ បើតាម លោក ស្អាង យ៉ុង ដែលមានបទពិសោធលក់ដើមផ្កាអង្គាសីលជិត២០ឆ្នាំ បានអះអាងថា ក្រៅពីការមើលថែល្អ ដើមអង្គាសីលត្រូវការអាកាសធាតុត្រជាក់ និងទឹកភ្លៀងទើបធ្វើឲ្យផ្ការីកល្អ។ ឆ្នាំ២០២០នេះ ផ្កាអង្គាសីលមិនសូវល្អដូចឆ្នាំមុននោះឡើយ ព្រោះអាកាសធាតុក្ដៅ និងមិនមានភ្លៀងធ្លាក់កក់ខែ។
ចំណាយដើមទុន១១លានរៀល អាជីវកវ័យ៦១ឆ្នាំ រូបនេះ មិនសូវសង្ឃឹមចំណេញដូចឆ្នាំមុនឡើយ ខណៈឆ្នាំមុនលោក ចំណេញបានជាង៣លានរៀល។ អាជីវក ស្អាង យ៉ុង បានរៀបរាប់ដូច្នេះថា៖«ដោយសារមិនមានភ្លៀងធ្លាក់កក់ខែសោះ ផ្កាអង្គាសីលនេះត្រូវការទឹកភ្លៀង កាលណារាំងតាំងពីចុងខែមកទល់ឥឡូវ អត់មានភ្លៀងសោះ រាល់ឆ្នាំថ្ងៃទី១១ មករាអីមានភ្លៀងធ្លាក់ហើយ»។
ជាមួយគ្នានេះ លោក ញឹប ពុទ្ធី អ្នកលក់ដើមផ្កាអង្គាសីលមកពីខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មានថ្មីៗថា លោកបារម្ភខ្លាចផ្កាអង្គាសីលឆ្នាំនេះឆាប់ចេញផ្កាពេកដែលធ្វើឲ្យលោកពិបាកលក់។ អាជីវកវ័យ៥៦ឆ្នាំរូបនេះ បានរៀបរាប់ដូចច្នេះថា៖ «ផ្កាអង្គាសីលឆ្នាំនេះ មានខ្លះឆាប់ចេញផ្កាពេក។ តាមខ្ញុំមើលមកពីមិនរាំងពេកមិនមានភ្លៀងធ្លាក់»។
អ្នកលក់ដើមអង្គាសីលដែលមានបទពិសោធ៩ឆ្នាំ រូបនេះ បានចំណាយពេលជិត១ខែ ដើម្បីទៅទិញដើមផ្កាអង្គាសីលក្នុងព្រៃនិងយកមកលក់នៅភ្នំពេញ។ លោក ពុទ្ធី ត្រូវជួលកន្លងគេលក់ក្នុងតម្លៃ២០០ដុល្លារ នៅម្តុំផ្លូវរទេះភ្លើងផ្សារដីហុយ ក្នុងស្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ទោះបីឆ្នាំ២០២០នេះ អាជីវកលក់ដើមផ្កាអង្គាសីលប្រឈមនឹងការខាតដើមច្រើនជាងចំណេញក៏ដោយ តែពួកគាត់អះអាងថា នៅតែបន្តលក់ដើមអង្គាសីលនេះដដែលនៅ ព្រោះមួយឆ្នាំមានតែម្ដងបើទោះជារបរនេះម្ដងត្រូវម្ដងអត់ក៏ដោយ៕