ភ្នំពេញ៖ ការដាំដុះ និងចិញ្ចឹមសត្វរបស់កសិករ ត្រូវការគ្រូ និងអ្នកជំនាញមានចំណេះដឹង និងមានបច្ចេកទេសកសិកម្ម សម្រាប់ដឹកនាំកសិករក្នុងវិស័យកសិកម្ម។ នេះជាការលើកឡើងរបស់លោក យ៉ង សាំងកុមារ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក យ៉ង សាំងកុមារ បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហារបស់កសិករ ចំណុចគន្លឺះយើងត្រូវមានអ្នកដឹកនាំ មានគ្រូកសិកម្មល្អ និងអ្នកអភិវឌ្ឍកសិកម្ម ចុះធ្វើការគ្រប់ទីកន្លែង។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនា និងអានសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក យ៉ង សាំងកុមារ អ្នកជំនាញកសិកម្មដូចតទៅ៖
កញ្ញា ញឹក ស្រីល័ក្ខ៖ ការដាំដុះកសិផល និងទីផ្សារកសិកម្ម នៅតែបញ្ហាម្រាប់កម្ពុជា តើលោក មានអនុសាសន៍បែបណាជុំវិញបញ្ហានេះ នៅក្នុងឆ្នាំ២០១៩?
លោក យ៉ង សាំងកុមារ៖ តាមពិតទៅ វាជាបញ្ហាដដែលៗ ដែលកើតឡើងជារៀងរាល់ឆ្នាំទាក់ទងរឿងទីផ្សារ ដោយប្រែប្រួលតាមឆ្នាំ តាមរដូវទៅលើផលិតផល មានដូចជា បន្លែ ស្រូវ ដំឡូង ស្វាយចន្ទី និងម្រេចជាដើម។ ដោយឡែកឆ្នាំ២០១៩ បន្តប្រឈមបញ្ហាទីផ្សារច្រើន ជាពិសេសដូចជា ម្រេច បន្លែ ស្រូវ ដែលតម្លៃចុះថោក។ សម្រាប់ឆ្នាំ២០២០នេះ ការប្រមើលឃើញថា មានទាក់ទងនឹងកត្តាពីរ កត្តាខាងក្នុង និងកត្ដាទីផ្សារអន្តរជាតិខាងក្រៅ ដែលមានឥទ្ធិពលលើផលិតផល និងទីផ្សារក្នុងស្រុក។ ជាអនុសាសន៍របស់ខ្ញុំ សំខាន់គឺកសិករត្រូវការមានអ្នកដឹកនាំ ចុះដឹកនាំ ចងក្រង ជាក្រុម ជាសហគមន៍ និងប្រមូលទិន្នន័យឲ្យបានជាក់លាក់ ពីផែនការផលិត ទីកន្លែងដាំដុះ និងរដូវណាមានអ្វី ដើម្បីងាយស្រួលសម្របសម្រួលផ្សារភ្ជាប់ទីផ្សារ ដោយសហការជាមួយអ្នកពាក់ព័ន្ធ ដូចជាវិស័យឯកជន ពាណិជ្ជករ និងសិប្បករជាដើម។
កញ្ញា ញឹក ស្រីល័ក្ខ៖ លោកចង់ឲ្យមានគ្រូ និងអ្នកបច្ចេកទេស។ តើកន្លងមក មិនទាន់មានគ្រូ និងអ្នកបច្ចេកទេសក្នុងវិស័យកសិកម្ម ឬក៏យ៉ាងណា?
លោក យ៉ង សាំងកុមារ៖ យើងត្រូវយល់ថា ក្នុងរចនាសម្ព័ន្ធនៃការងារប្រព័ន្ធគ្រប់គ្រងរដ្ឋនៅក្នុងវិស័យកសិកម្ម គឺស្រដៀងនឹងវិស័យផ្សេងៗ មានថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក។ នៅថ្នាក់ស្រុក មានមន្ត្រីកសិកម្ម ៣ទៅ៤នាក់ ទៅតាមស្រុកនីមួយៗ។ មន្ត្រីនោះ គាត់មិនអាចមានលទ្ធភាពធ្វើការគ្រប់គ្រាន់ទេ គឺទី១ ដោយសារចំនួនតិច ទី២ ខ្វះធនធាន ថវិកា និងខ្វះសមត្ថភាព សម្រាប់ការធ្វើការដឹកនាំកសិករផ្សារភ្ជាប់នឹងទីផ្សារ។ ដូច្នេះ យើងត្រូវការគ្រូកសិកម្ម មន្ត្រីកសិកម្ម អ្នកជំនាញកសិកម្ម ចន្លោះ ៣ពាន់ទៅ៥ពាន់នាក់ ដើម្បីធ្វើការនៅគ្រប់ភូមិស្រុកនៅទូទាំងប្រទេស។ កន្លងមក វាជាការខ្វះខាតខ្លាំង ហើយការខ្វះខាតនេះ នឹងបន្តខ្វះខាតនៅឆ្នាំ២០២០។
កញ្ញា ញឹក ស្រីល័ក្ខ៖ ដូច្នេះលោក ពិតជាចង់ឲ្យមានគ្រូ និងអ្នកដឹកនាំ សម្រាប់ពួកគាត់ ដែលជាកសិករនៅតាមបណ្ដាខេត្ត?
លោក យ៉ង សាំងកុមារ៖ បាទ! ពីព្រោះយើងកំពុងស្ថិតក្នុងបរិបទមួយ គឺការផ្លាស់ប្ដូរមួយ ដោយកសិករផលិតផ្សារភ្ជាប់មកទីផ្សារ ផលិតផង ធ្វើកសិកម្មផង និងធ្វើពាណិជ្ជកម្មផង។ ដូច្នេះ ត្រូវការ ការគាំទ្របច្ចេកទេសការងារផលិត គាំទ្រការទំនាក់ទំនងមកទីផ្សារ និងទាក់ទងរឿងទឹក ទុន វាមានរឿងច្រើន ហើយត្រូវការមានអ្នកដឹកនាំ និងអ្នកជំនាញម្នាក់ ទៅធ្វើការជាមួយកសិករ ទៅតាមទំហំនៃភូមិ និងទំហំផលិតកម្ម។
កញ្ញា ញឹក ស្រីល័ក្ខ៖ ហេតុអ្វី នៅពេលដល់រដូវប្រមូលផល កសិករលក់បានថោក ឬគិតថាគ្មានទីផ្សារ ដោយសារពួកគាត់ ដាំដុះលើសចំនួនកំណត់ ឬដោយសារមានទីផ្សារខាងក្រៅចូលមកច្រើន?
លោក យ៉ង សាំងកុមារ៖ យើងត្រូវទទួលស្គាល់ នៅស្រុកខ្មែរ មានការនាំចេញ និងនាំចូល។ អ្វីដែលយើងនាំចូលច្រើន គឺមានបន្លែ ស៊ុត ជ្រូក ត្រី និងអង្ករ ជាពិសេសបន្លែ និងផ្លែឈើ គឺយើងនាំចូលច្រើន។ ការប្រកួតប្រជែងរវាងកសិករនៅប្រទេសវៀតណាម ថៃ គឺគេមានប្រៀបខ្លាំងជាងយើង គេអាចផលិតបានច្រើន ផលិតបានទៀងទាត់ ហើយថ្លៃដើមផលិតគេទាបផង។ ដូច្នេះ ការប្រកួតប្រជែងនេះ គឺខ្លាំងណាស់ ហើយវាប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ម្យ៉ាងទៀត ការផលិតរបស់យើង ពេលខ្លះមានច្រើន ពេលខ្លះមានតិច ថ្លៃដើមផលិតរបស់យើងក៏ថ្លៃ ការសហការគ្នារវាងកសិករ និងកសិករ ក៏នៅមានកម្រិត។ អញ្ចឹង យើងត្រូវមានរឿងច្រើនត្រូវគិតគូរ ទាក់ទងនឹងសមត្ថភាពប្រកួតប្រជែងរបស់យើង។
កញ្ញា ញឹក ស្រីល័ក្ខ៖ តើរដ្ឋាភិបាលគួរធ្វើបែបណាទៅ នៅពេលដែលរដូវប្រមូលផលមកដល់ រដ្ឋាភិបាលគួរតែបិទការនាំចូល ឬយ៉ាងម៉េច?
លោក យ៉ង សាំងកុមារ៖ ទី១ យើងមានវិធានការ ការពារ និងទី២ វិធានការ ព្យាបាល។ ចំពោះ វិធានការ ការពារ យើងត្រូវដឹងមុនថា រដូវណា សម្បូរអ្វី នៅកន្លែងណា សម្បូរអ្វី ដើម្បីជួយសម្របសម្រួលការផលិត កុំឲ្យច្រើនពេក និងសហការពីតំបន់មួយទៅតំបន់មួយ។ ដូច្នេះ ការធ្វើពាណិជ្ជកម្ម ពីតំបន់មួយទៅតំបន់មួយ នឹងជួយដោះស្រាយបញ្ហានោះ។ ចំណែក វិធានការ ព្យាបាលវិញ យើងអាចអន្តរាគមន៍ និងឃាត់ការនាំចូលមួយរយៈ។
កញ្ញា ញឹក ស្រីល័ក្ខ៖ សម្រាប់លោកវិញ យល់ឃើញបែបណាដែរ ចំពោះវិស័យកសិកម្មនៅកម្ពុជានាពេលបច្ចុប្បន្ន ថាតើមានការរីកចម្រើនឬនៅ ឬក្នុងកម្រិតទាបនៅឡើយ?
លោក យ៉ង សាំងកុមារ៖ ជារួម គឺវិស័យកសិកម្មរបស់យើង នៅតែមានសក្តានុពលខ្ពស់ យើងមានទឹកដីទូលំទូលាយ និងមានកសិករច្រើន ដែលចង់ធ្វើកសិកម្ម ហើយទីផ្សារកាន់តែធំ ក្នុងស្រុកក៏កាន់តែធំ តម្រូវការកាន់តែច្រើន។ ប៉ុន្តែអ្វីដែលសំខាន់ គឺសមត្ថភាពក្នុងការផលិត និងការប្រកួតប្រជែង រួមទាំងការផលិតផ្សារភ្ជាប់នឹងទីផ្សារ ដែលជាបញ្ហា។ ដូច្នេះហើយទើបខ្ញុំឧស្សាហ៍លើកឡើងទាក់ទងនឹងការដោះស្រាយបញ្ហាទឹក ទុន ទីផ្សារ បច្ចេកទេស និងការទំនាក់ទំនង ដើម្បីចូលទីផ្សារ ហើយនេះជារឿងដែលត្រូវដោះស្រាយ។ ដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវមានអ្នកដឹកនាំ មានគ្រូកសិកម្មល្អ និងអ្នកអភិវឌ្ឍកសិកម្មចុះធ្វើការគ្រប់ទីកន្លែង៕