ជាតិ
​ឱកាស​សម្រាប់​យុវជន​! បុប្ផា​ណា​បង្កើត​គម្រោង​ភាពយន្ត​ឯកសារ​ស្តីពី​ជនជាតិដើម​ភាគតិច និង​ការអភិរក្ស​ដំរី
22, Jan 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា ប្រកាស​ជ្រើសរើស​យុវជន​កម្ពុជា​ចំនួន ១២​នាក់ ដើម្បី​ចូលរួម​ក្នុង​គម្រោង​របស់ The Arts and Humanities Research Council និង Global Challenges Research Fund ស្ដីពី «​ការអភិរក្ស​សត្វ​ដំរី និង​បទពិសោធន៍​របស់​ជន​ជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​»​។ បើតាម​សេចក្ដីជូនដំណឹង​របស់​មជ្ឈមណ្ឌល​បុប្ផា​ណា វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិតភាព​យន្ត​ឯកសារ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ នឹង​ផ្ដោត​ការយកចិត្តទុកដាក់​លើ​បរិស្ថាន តាមរយៈ​ការបង្កើត​ភាពយន្ត​។​


 
​សាកលវិទ្យាល័យ University of Bath របស់​ចក្រភព​អង់គ្លេស និង Elephant Livelihood Initiative Environment សហការ​ជាមួយ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា នឹង​ជ្រើសរើស​យុវជន​កម្ពុជា​ចំនួន ១២​នាក់ ដើម្បី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិតភាព​យន្ត​ឯកសារ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ 
 
​សេចក្ដីជូនដំណឹង​ខាងលើ បញ្ជាក់ថា គម្រោង​នេះ នឹង​អភិវឌ្ឍ​ធនធាន​ផ្នែក​ភាពយន្ត ដោយ​ផ្សាភ្ជាប់​ជាមួយ​សាធារណជន​នៅ​កម្ពុជា និង​ពិភពលោក​ពី​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការអភិរក្ស​ដំរី បញ្ហា​ដែល​សហគមន៍​ជនជាតិដើម​ភាគតិច​កំពុង​ជួបប្រទះ​។ ជាមួយគ្នានេះ គម្រោង​នេះ នឹង​ផ្ដោតលើ​ទំនាក់ទំនង​រវាង​បរិស្ថាន​ធម្មជាតិ និង​ផលប៉ះពាល់​ពី​ការបំផ្លាញ​បរិស្ថាន​ធម្មជាតិ​។ 
 
​លក្ខខណ្ឌ​ក្នុងការ​ជ្រើសរើស យុវជន ១២​រូប ត្រូវមាន​អាយុ​ចាប់ពី ១៨ ដល់ ២៥​ឆ្នាំ និង​ចំណេះដឹង​កម្រិតវប្បធម៌​ចាប់ពី​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឡើងទៅ​។ បេក្ខជន ជា​អ្នក​ដែលមាន​ចំណង់​ចំណូលចិត្ត​ខ្ពស់​ផ្នែក​ភាពយន្ត និង​ជា​អ្នក​ស្រឡាញ់​បរិស្ថាន ជាពិសេស​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​វគ្គប​ណ្ដុះ​បណ្ដាល​ទាំងអស់ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២០ ដល់​ខែមករា ឆ្នាំ​២០២១​។ ដោយឡែក បេក្ខជន ដែលមាន​ចំណេះដឹង​ភាសា​អង់គ្លេស និង​កុំព្យូទ័រ រួមទាំង​ស្ត្រី​ជនជាតិដើម​ភាគតិច ត្រូវ​បានផ្ដល់​អាទិភាព​។ 
 
​តាមរយៈ​វគ្គ​បណ្ដុះបណ្ដាល​នេះ យុវជន​ទាំង​១២ រូប នឹង​ទទួលបាន​ការអភិវឌ្ឍ​ជំនាញ និង​ការបណ្ដុះបណ្ដាល​ផ្នែក​ដំណើរការ​ផលិត​ភាពយ​ន្ត​ក្នុងពេល​ផលិត និង​ក្រោយពេល​ផលិត​។ បន្ថែម​លើ​នេះ មានឱកាស​ផលិត​ស្នាដៃ​ភាពយន្ត​ឯកសារ​នៅ​ខេត្តមណ្ឌលគិរី និង​ចូលរួម​ផ្សព្វផ្សាយ​ភាពយន្ត​របស់ខ្លួន​ក្នុង​ខេត្តមណ្ឌលគិរី និង​រាជធានី​ភ្នំពេញ​។ 
 
​សម្រាប់​យុវជន​ដែលមាន​ចំណាប់អារម្មណ៍​អាចដាក់​ពាក្យ​នៅ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា​។ កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី ១០ កុម្ភៈ ឆ្នាំ​២០២០ និង​ចាប់ផ្ដើម​ចូលរៀន​នៅ​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​៕ 

Tag:
 វគ្គ​បណ្ដុះបណ្ដាល​
  ភាពយន្ត​
  ឯកសារ​
  បុប្ផា​ណា​
  ដំរី​
  ជនជាតិដើម​ភាគតិច​
© រក្សាសិទ្ធិដោយ thmeythmey.com