កីឡាអន្តរជាតិ
អន្តរជាតិ
De Bruyne ក្លាយជាកំពូលអ្នក Assist ឆ្នើមក្នុងប្រវត្តិសាស្ត្រ Premier League
× Kevin De Bruyne ខ្សែបម្រើឆ្នើមរបស់ Manchester City បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងក្របខណ្ឌ Premier League ដោយបានក្លាយជាកីឡាករដំបូងគេដែលបញ្ជូនបាល់ឲ្យដៃគូសម្រេចទី (Assist) ច្រើន១៥លើកក្នុងរយៈពេលបីរដូវកាលផ្សេងគ្នា។
កំណត់ត្រាថ្មីរបស់ខ្សែបម្រើអន្តរជាតិបែលហ្ស៊ិក កើតឡើងបន្ទាប់ពីរូបគេបានបញ្ជូនបាល់យ៉ាងល្អទៅឲ្យខ្សែប្រយុទ្ធ Sergio Aguero ស៊ុតបញ្ចូលទីដើម្បីជួយ Manchester City យកឈ្នះ Sheffield United ១-០ ក្នុងជំនួបលីគកំពូលអង់គ្លេសសប្តាហ៍ទី២៤ នៅរាត្រីថ្ងៃទី២១ ខែមករា។
នេះជាការ Assist លើកទី១៥ របស់ De Bruyne នៅរដូវកាល ២០១៩-២០ នេះ ខណៈដែលរដូវកាល ២០១៦-១៧ រូបគេធ្វើបាន១៨លើក និង ២០១៧-១៨ សម្រេចបាន១៦លើក។
អតីតសមាជិកក្រុម Chelsea និង VfL Wolfsburg វ័យ ២៨ ឆ្នាំរូបនេះ ពិតជាបានបង្ហាញភាពរឹងមាំ និងគ្រោះថ្នាក់បំផុតនៅតំបន់បម្រើសម្រាប់ក្រុមរហស្សនាមមេឃខៀវ ចាប់តាំងពីរូបគេផ្លាស់ទៅកាន់ទឹកដីអង់គ្លេសឆ្នាំ២០១៥។ ស្ទើតែគ្រប់ការប្រកួតដែល De Bruyne តែងតែបង្កើតឱកាសឲ្យដៃគូសម្រេចទី តាមរយៈការបញ្ជូនបាល់ចោះកាត់ចូលមុខទីគូប្រជែងយ៉ាងមានប្រសិទ្ធភាព។
វត្តមានរបស់ De Bruyne ពិតជាបានជួយ Man City ដែលសព្វថ្ងៃមានលោក Pep Guardiola ជាអ្នកចាត់ការទូទៅលើកពាន Premier League ប៉ុន្មានរដូវកាលចុងក្រោយនេះ។ ក្រៅពីការបញ្ជូនបាល់ រូបគេក៏កំពុងរីករាយនឹងការរកគ្រាប់ផងដែរ ដោយសព្វថ្ងៃរកបាន៧គ្រាប់រួចហើយក្នុងលីគ ខណៈពីររដូវកាលមុនរកបាន៨គ្រាប់ដូចគ្នា។
យ៉ាងណាក៏ដោយ Man City ប្រហែលជាពិបាកនឹងការពារតំណែងជើងឯករបស់ខ្លួននៅរដូវកាលនេះណាស់ ដ្បិតគូប្រជែង Liverpool បានបង្ហាញភាពខ្លាំងរបស់ពួកគេដោយនាំមុខ១៣ពិន្ទុក្នុងតារាងលីគកំពូលអង់គ្លេស ហើយសល់ពីរប្រកួតក្នុងដៃថែមទៀត៕
Tag:
Premier League
Kevin De Bruyne
© រក្សាសិទ្ធិដោយ thmeythmey.com