ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ត្រៀមកម្លាំង​រក្សា​សន្តិសុខ​ពេល​ឆ្នាំ​ចិន
ជាតិ
សង្គមជាតិ
ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ត្រៀមកម្លាំង​រក្សា​សន្តិសុខ​ពេល​ឆ្នាំ​ចិន
22, Jan 2020 , 10:39 pm        
រូបភាព
កម្លាំងប៉ូលិសត្រៀមការពារ និងរក្សាសន្តិសុខ ក្នុងខេត្តព្រះសីហនុ នាពិធីបុណ្យចូលឆ្នាំចិន។ រូបថត៖ ទំព័រហ្វេសប៊ុក លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។​
កម្លាំងប៉ូលិសត្រៀមការពារ និងរក្សាសន្តិសុខ ក្នុងខេត្តព្រះសីហនុ នាពិធីបុណ្យចូលឆ្នាំចិន។ រូបថត៖ ទំព័រហ្វេសប៊ុក លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ។​
​ភ្នំពេញ​៖ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ឯទៀត​បាន​ត្រៀមកម្លាំង​ប៉ូលិស ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ខាង​មុននេះ​។ ក្រៅពីនេះ ស្នងការ​ទាំងនោះ ក៏មាន​ចាត់វិធានការ ការពារ និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ផងដែរ​។​

 
​ក្នុង​រយៈពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ  ស្នងការ​រាជធានី​ភ្នំពេញ  នឹង​ជួយ​សម្រួល​ចរាចរណ៍​ធ្វើយ៉ាងណា​កុំឱ្យ​មានការ​កកស្ទះ​នៅតាម​គោលដៅ​សំខាន់ៗ ដូចជា​ច្រកចេញ​-​ចូល​ក្រុង កន្លែង​កំសាន្ត និង​ទីផ្សារ​នានា​។ ជាមួយគ្នានេះ  ក៏មាន​ប៉ូលិស​ត្រៀម​បង្ការ និង​ទប់ស្កាត់​អគ្គិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ ព្រមទាំង​បង្កើន​ការ​ល្បាត​ត្រួតពិនិត្យ​តាម​បណ្តា​ភូមិសាស្ត្រ​នៅតាម​ប៉ុស្តិ៍​នីមួយៗ​។ នេះ​បើតាម​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​
 
​ក្រៅពី​មាន​កងកម្លាំង​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈហើយ​នោះ ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ណែនាំ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​នានា​របស់ខ្លួន​កុំឱ្យ​លក់​ផាវ  ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​ខាងមុខនេះ ផងដែរ​។  ទន្ទឹមនឹង​គ្នា​នេះ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ក៏បាន​បង្កើន​ការយកចិត្ត​ដាក់​របស់ខ្លួន​ក្នុងការ​ធានា​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ឱ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ​។ បុណ្យ​ចូល​ចិន កងកម្លាំង​ខេត្តកំពង់ស្ពឺ ក្រៅពី​ជួយ​សម្រួល​ការកកស្ទះ និង​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​ប៉ូលិស​ប្រចាំការ​នៅតាម​ទី​អា​រ៉ា​ម ព្រះវិហារ​ចិន វៀតណាម កូរ៉េ ក៏ដូចជា​ទីសក្ការៈ និង​រមណីយដ្ឋាន​មួយចំនួន​ដែល​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណី​ចិន​នេះ ផងដែរ​។ 
 
​រីឯ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​វិញ ក៏បាន​ត្រៀម​សមត្ថកិច្ច ដើម្បី​ទប់ស្កាត់​បទល្មើស និង​រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ​គ្រប់កន្លែង​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​ប្រារព្ធ​បុណ្យចូលឆ្នាំ​ចិន​នេះ ផងដែរ​។  ពិសេស នៅ​ទី​រួម​ខេត្ត នៅតាម​ឆ្នេរសមុទ្រ​នានា ផ្ទះសំណាក់ សណ្ឋាគារ និង​ភោ​ជ្ជ​នី​យ​ដ្ឋា​ន ជាដើម​។ 
 
​លើសពីនេះ   ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ព្រះសីហនុ បាន​ត្រៀម​ទាំង​មធ្យោបាយ និង​សម្ភារ​ចំនួន ដើម្បី​បម្រើ​ដល់​ពលរដ្ឋ គ្រប់ពេលវេលា​។ បើ​មាន​បញ្ហា​អ្វី​ពលរដ្ឋ​អាច​ទំនាក់ទំនង​ទៅ​លេខ​ស្នងការដ្ឋាន 097 7 780 008/ 031 3 749 848 /011 506 677/011 516 677 និង 011 526 677​។ ក្រុងព្រះសីហនុ 097 7780 093
​ស្រុក​ព្រៃនប់ 097 7780 094
​ស្រុក​ស្ទឹងហាវ 097 7 780 095 និង​
​ស្រុក​កំពង់សីលា 097 7 780 096​។​
 
​សម្រាប​ជម្រាប​ថា ពិធីបុណ្យ​ចូលឆ្នាំ​ចិន នឹង​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​២៤ ដល់ ២៧ មករា ឆ្នាំ​២០២០៕ 

Tag:
 សន្តិសុខ​
  ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com