អន្តរជាតិ
ក្រសួងសុខាភិបាល​ថៃ រកឃើញ​ជនជាតិ​ខ្លួន​ទីមួយ​ដែល​ឆ្លង​កូ​រ៉ូ​ណាវី​រុស
22, Jan 2020 , 5:15 pm        
រូបភាព
មនុស្សពាក់ម៉ាស់ ក្នុងទីក្រុង បាងកក នៃប្រទេសថៃ ថ្ងៃ២២ មករា ឆ្នាំ២០២០ (AFP)
មនុស្សពាក់ម៉ាស់ ក្នុងទីក្រុង បាងកក នៃប្រទេសថៃ ថ្ងៃ២២ មករា ឆ្នាំ២០២០ (AFP)
ដោយ:
​ក្រសួងសុខាភិបាល​ថៃ បានបញ្ជាក់​នៅ​ថ្ងៃ​ពុធ ២២ ខែមករា​ថា ស្ត្រី​វ័យ​៧៣​ឆ្នាំ​ម្នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Nakhon Pathom គឺជា​ជនជាតិ​ថៃទី​១ ដែល​រកឃើញថា​បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស​។ អម្បូរ​វីរុស​នេះហើយ បង្ក​ទៅជា​ជំងឺ​រលាក​សួត​ម្យ៉ាង​ស្រដៀង SARS ។

 
​ស្ត្រី​ថៃ​ម្នាក់ បាន​ធ្លាក់ខ្លួន​ឈឺ ក្រោយ​ត្រលប់​មកពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩​កន្លងទៅ​។ គាត់​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ហើយ​មន្ត្រី​សុខាភិបាល​ថៃ​បាន​បញ្ជាក់ថា ស្ត្រី​រូបនេះ បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស ។ នេះ​បើតាម​កា​ចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ ។​
 
​គិត​មកទល់ពេលនេះ វា​មាន​ករណី​ចំនួន​៤​ហើយ​ដែល​ត្រូវបាន​រាយការណ៍​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នេះ ក្នុងប្រទេស​ថៃ ។ ក្នុងនោះ​គឺ ៣​នាក់​គឺជា​អ្នកទេសចរ​ជនជាតិ​ចិន និង​ជនជាតិ​ថៃ​ម្នាក់​។ នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ថៃ បានប្រកាស​នៅ​ថ្ងៃ​ពុធ​ថា ភ្ញៀ​ន​ទេសចរ​ចិន​២​នាក់ ដែល​ត្រូវបាន​រកឃើញថា​បាន​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នេះ បាន​ធូរស្បើយ​ពី​ជំងឺ​នេះ​ទាំងស្រុង ហើយ​បាន​ត្រលប់​ទៅកាន់​ផ្ទះ​ខ្លួន​វិញ​។ 
 
​ម្យ៉ាងទៀត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ថៃ លោក Sophon Iamsirithaorn បាន​អះអាងថា ស្ត្រីជន​ជាតិចិន​អាយុ​៧៤​ឆ្នាំ​ម្នាក់ បានធ្វើ​ដំណើរ​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន មកដល់​ប្រទេស​ថៃ កាលពី​ថ្ងៃ ១៣ មករា ។ ស្ត្រី​រូបនេះ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដោយឡែក ខណៈ​រូបគាត់​មាន​អាកា​រៈ​ក្តៅខ្លួន ហើយ​ការធ្វើ​តេស្ត​បាន​បញ្ជាក់ថា ស្ត្រី​រូបនេះ​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។ ក្រោយមក​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត ជនជាតិ​ចិន​រូបនេះ ត្រលប់​ទៅកាន់​ប្រទេស​កំណើត​វិញ​កាលពី​ថ្ងៃ ២១ មករា​។ 
 
​ទាក់ទិន​បញ្ហា​នេះ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖«​យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន​។ វា​ពុំទាន់​មាន​ករណី​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ក្នុងប្រទេស​ថៃ​នៅឡើយ​ទេ ព្រោះថា​យើង​តាមដាន​អ្នកជំងឺ​ភ្លាមៗ​នៅពេល​ពួកគេ​មកដល់​»​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​សូមបញ្ជាក់ថា វីរុស​ថ្មី​ពូជ​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ម្យ៉ាង​ស្រដៀង SARS ត្រូវបាន​គេ​រាយការណ៍​ថា អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុ​ស្សបាន​។ ចំណែក​រោគសញ្ញា​នៃ​អ្នកមាន​ផ្ទុក​វីរុស​នេះ គឺមាន​ដូចជា​រោគសញ្ញា​ផ្លូវដង្ហើម គ្រុនក្ដៅ ក្អក ដង្ហើម​ខ្លី​និង​ពិបាក​ដកដង្ហើម​។ បើ​ករណី​ធ្ងន់ធ្ងរ វីរុស​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​សួត ជំងឺ​សាសន៍ ជំងឺ​ខ្សោយតម្រងនោម និង​រហូតដល់​ស្លាប់​ក៏មាន ។​
 
​បច្ចុប្បន្ននេះ វីរុស​ដែល​ផ្ទុះ​ចេញពី​ក្នុង​ទីក្រុង​វូ​ហាន នេះ បាន​ឆ្លង​រាលដាល​ទៅ​ទីក្រុង​ផ្សេងទៀត​ក្នុងប្រទេស​ចិន រួមទាំង ប៉េកាំង និង​សៀង​ហៃ ហើយក៏​ទៅកាន់​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន និង​កោះ​តៃវ៉ាន់​ផងដែរ​៕

Tag:
 ថៃ​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com