អន្តរជាតិ
តៃវ៉ាន់​ទទូច​ឲ្យ WHO បញ្ចូល​ខ្លួន​ជា​សមាជិក ព្រោះ​ពិបាក​ទទួល​ព័ត៌មាន​ពី​កូ​រ៉ូ​ណាវី​រុស​
22, Jan 2020 , 9:39 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០។ រូបភាព៖ AFP
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២០។ រូបភាព៖ AFP
​ប្រធានាធិបតី​តៃវ៉ាន់​នៅ​ថ្ងៃទី​២២ ខែមករា បាន​ទទូច​ឲ្យ​អង្គការ​សុខភាព​ពិភពលោក (WHO) សហការ​ជាមួយ​ខ្លួន ជុំវិញ​បញ្ហា​ផ្ទុះ​វីរុស​ថ្មី បន្ទាប់ពី​តៃវ៉ាន់ បាន​រកឃើញ​មាន​អ្នកជំងឺ​១​នាក់​មាន​ផ្ទុក​វីរុស​នេះ​។ ប៉ុន្តែ​ខាង​ទីក្រុង​ប៉េកាំង​ឯណោះ​វិញ បាន​ទាត់ចោល​សំណើ​តៃវ៉ាន់​ទៅ​អង្គការ​សុខភាព​ពិភពលោក និង​អះអាងថា ចិន​អាច​ទទួលបន្ទុក​នេះ ដោយ​ផ្អែក​ទៅតាម​គោលនយោបាយ «​ចិន​តែមួយ​»​។


 
​កូ​រ៉ូ​ណាវី​រុស បាន​រាតត្បាត​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ចិន និង​បាន​ទៅដល់​អាមេរិក ជប៉ុន ថៃ កូរ៉េខាងត្បូង និង​តៃវ៉ាន់​ជាដើម​។ ដោយ​មិនមែនជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក (WHO) និង មានការ​ព្រួយបារម្ភ​ពី​បញ្ហា​នេះ តៃវ៉ាន់​បាន​ទទូច​ឲ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ ជួយ​អន្តរាគមន៍​ក្នុង​បញ្ហា​វីរុស​ថ្មី​នេះ ។​
 
​បើតាម​ប្រធានាធិបតី​តៃវ៉ាន លោកស្រី Tsai Ing-wen អង្គការ​សុខភាព​ពិភពលោក មិនត្រូវ​ទុក​តៃវ៉ាន់​ចោល​ទេ ទាក់ទិន​ទៅនឹង​ករណី​ឆ្លង​វីរុស​អម្បូរ​កូ​រ៉ូ​ណាវី​រុស ព្រោះ​ដែន​កោះ​មួយ​នេះ មាន​ប្រជាជន​រស់នៅ​រហូតដល់ ២៣​លាន​នាក់​។ ក្នុងន័យនេះ ប្រធានាធិបតី​តៃវ៉ាន់ បានស្នើ​ឲ្យ​អង្គការ​អន្តរជាតិ​ខាងលើ ទុក​បញ្ហានយោបាយ​នៅ​ដោយឡែក ហើយ​គិតគូរ​ពី​អាយុជីវិត​របស់​ប្រជាជន ខណៈពេល​តៃវ៉ាន់​កំពុង​ប្រឈម​គ្រោះថ្នាក់​។ 
 
​ប្រាប់​អ្នកកាសែត​នៅ​ថ្ងៃទី​២២ ខែមករា លោកស្រី Tsai បាន​ជំរុញ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​បើកផ្លូវ​ឲ្យ​តៃវ៉ាន់​ផង ស្របពេល​ដែនដី​មួយ​នេះ កំពុងស្ថិត​នៅក្នុង​ពី​សមរភូមិ​មុខ​នៃ​ការផ្ទុះ​វីរុស​ថ្មី​នេះ​។ មិន​ត្រឹមតែ​ប្រាប់​អង្គការ​សុខភាព​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោកស្រី​ប្រធានាធិបតី ក៏បាន​អំពាវនាវ​ឲ្យ​ចិន «​បើកចំហ និង​តម្លាភាព​» ផងដែរ លើ​ការចែករំលែក​ព័ត៌មាន​នៃ​ការផ្ទុះ​វីរុស​ថ្មី​នេះ ដោយ​ភ្ជាប់​ជាមួយ​ព័ត៌មាន​ត្រឹមត្រូវ និង​ពេញលេញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ជាការ​ឆ្លើយតប​ទៅនឹង​ប្រមុខ​តៃវ៉ាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang អះអាងថា ចិន នឹងមិន​ទុក​ប្រជាជន​តៃវ៉ាន់​ចោល​ទេ ហើយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព និង​ការរស់នៅ​របស់​ប្រជាជន​តៃវ៉ាន់​ច្រើនជាង​នរណា​ទាំងអស់​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ ក៏បាន​ទាត់ចោល​សំណើ​តៃវ៉ាន់ ដែល​ចង់​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​ចូលមក​អន្តរាគមន៍​ផងដែរ​។ លោក Geng បាន​បន្តថា ដោយ​គោរព​ទៅតាម​គោលនយោបាយ «​ចិន​តែមួយ​» រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង គឺជា​តួអង្គ​តែ​ម្នាក់​គត់ ដែល​អាច​អនុញ្ញាត​ឲ្យ​កោះ​តៃវ៉ាន់​ចូលរួម​ក្នុង​អង្គការ​អន្តរជាតិ​បាន​។ 
 
​សូមបញ្ជាក់ថា ករណី​ឆ្លង​វីរុស​ថ្មី​អម្បូរ​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ម្យ៉ាង​ស្រដៀង SARS បាន​កើនឡើង​រហូតដល់​៤៤០​នៅក្នុង​ប្រទេស​ចិន ខណៈពេល​អ្នកស្លាប់​បាន​កើនឡើង​រហូតដល់ ៩​នាក់​។​ចំណែក​មនុស្ស​ជាង​២០០០​នាក់ ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​តាមដាន​ជំងឺ​យ៉ាង​ម៉ត់ចត់​៕

Tag:
 ចិន​
  តៃវ៉ាន់​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com