ជាតិ
សុខភាព
ក្រសួងសុខាភិបាល ដាក់​អ្នកជំនាញ​ជាង​២​ពាន់​នាក់ ដើម្បី​តាមដាន​កូ​រ៉ូ​ណាវី​រុស
23, Jan 2020 , 10:11 am        
រូបភាព
មន្ត្រីជំនាញប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីតាមដានជំងឺរលាកសួតថ្មី លើអ្នកធ្វើដំណើរទៅមក។ រូបថត៖ CDC។
មន្ត្រីជំនាញប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីតាមដានជំងឺរលាកសួតថ្មី លើអ្នកធ្វើដំណើរទៅមក។ រូបថត៖ CDC។
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ត្រៀម​មន្ត្រី​ជំនាញ​ជាង​២,០០០​នាក់ នៅតាម​ច្រកព្រំដែន និង​អាកាសយានដ្ឋាន ដើម្បី​តាមដាន​កូ​រ៉ូ​ណាវី​រុស នា​អំឡុង​បុណ្យចូលឆ្នាំ​ចិន​។ លោក លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា មន្ត្រី​ជំនាញ​ទាំងនោះ កំពុង​តាមដាន និង​ឃ្លាំមើល​អ្នកដំណើរ​ចេញចូល​កម្ពុជា គ្រប់​ច្រក​ទាំង​តាមផ្លូវ​អាកាស និង​ផ្លូវគោក ព្រមទាំង​មាន​ម៉ាស៊ីន​ស្កេ​ន​កម្ដៅ​ផងដែរ​។

 

 
​មន្ត្រី​ជំនាញ​សុខាភិបាល ជាង​២​ពាន់​នាក់​ត្រូវ​បានដាក់​ប្រចាំការ ដើម្បី​តាមដាន​ករណី​កូ​រ៉ូ​ណាវី​រុស នៅតាម​អាកាសយានដ្ឋាន​ទាំង​៣​របស់​កម្ពុជា និង​តាម​ព្រំដែន​គោក​បាវិត និង​ប៉ោយប៉ែត​។  លោក លី សូ​វ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖«​ករណី​យើង​ជួប​អ្នកដំណើរ ដែល​សង្ស័យ​មាន​ជំងឺ​រលាក​សួត​ថ្មី​នេះ (​កូ​រ៉ូ​ណាវី​រុស​) យើង​ត្រូវ​សម្ភាស​គាត់​, បញ្ជូន​ក្នុង​គាត់​មក​ពេទ្យ និង​យក​ឧបករណ៍​មក​វិភាគ​ឱ្យ​លឿន ដើម្បី​រក​មេរោគ​ជំងឺ​នោះ ជាមួយ​មន្ត្រី​ជំនាញ​ជាង​២,០០០​នាក់ ដែលមាន​សមត្ថភាព​ក្នុងការ​អង្កេត ស្រាវជ្រាវ និង​រក​វត្ថុ​វិភាគ​មេរោគ ដើម្បី​ឆ្លើយតប​នឹង​ការផ្ទុះ​ជំងឺ​ថ្មី​នានា​»​។​
 
​បើតាម​លោក លី សូ​វ៉ាន់ ក្នុង​កំឡុង​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​នេះ ក្រសួងសុខាភិបាល ក្រៅពី​មាន​មន្ត្រី​ប្រចាំការ​នៅតាម​ព្រំដែន​ហើយ ក៏មាន​មន្ត្រី​ជំនាញ​តាមដាន​ជំងឺ​ថ្មី​នេះ នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរ​សុខាភិបាល​ផងដែរ​។ លើសពីនេះទៅទៀត មន្ត្រី​ទាំងនោះ នឹង​បន្តសកម្មភាព​ការងារ​របស់ខ្លួន​រហូត ដើម្បី​សុខភាព​សាធារណៈ​។
​ការដាក់​មន្ត្រី​ជំនាញ​ជាង​២០០០​នាក់ របស់​ក្រសួងសុខាភិបាល សម្រាប់​តាមដាន​ជំងឺ​រលាក​សួត​ថ្មី ក្នុង​កំឡុង​ចូលឆ្នាំ​ចិន​នេះ គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្ទុះ​វីរុស​ថ្មី​នេះ នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន  ហើយ​វីរុស​នេះ បាន​ឆ្លង​ទៅដល់ កូរ៉េខាងត្បូង ថៃ និង​ជប៉ុន​ទៅហើយ ខណៈ​កម្ពុជា ពុំទាន់​រកឃើញ​អ្នកមាន​ជំងឺ​រលាក​សួត​ថ្មី​នេះ​នៅឡើយ​។ នេះ​បើតាម​លោក លី សូ​វ៉ាន់​។​
 
​សូមជម្រាបថា កាល​ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​ជា​ជនជាតិ​ចំនួន​២,៦​លាន​នាក់ បានមក​កម្សាន្ត​នៅ​កម្ពុជា​៕ 
 

Tag:
 សុខភាព​
  កូ​រ៉ូ​ណាវី​រុស​
 ​ជំងឺ​រលាក​សួត​ថ្មី​
  លី សូ​វ៉ាន់​
  ​ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com