ជាតិ
២៥​ឆ្នាំ​កន្លងផុត​, កាសែត​បារាំង Cambodge Soir (១៩៩៥) បិទទ្វារ​មែន តែ​កេរដំណែល​នៅរស់​
23, Jan 2020 , 10:46 am        
រូបភាព
​ភ្នំពេញ​៖ កាសែត​ជា​ភាសា​បារាំង និង​ខ្មែរ Cambodge Soir បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៩៥ ហើយ​បាន​បិទទ្វារ​ទៅវិញ​នៅ​ឆ្នាំ​២០១០​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​។ ក្នុង​រយៈពេល​១៥​ឆ្នាំ​នៃ​វត្តមាន​របស់ខ្លួន​ពី​ឆ្នាំ​១៩៩៥ និង​២០១០, Cambodge Soir បាន​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ជា​ជនជាតិខ្មែរ និង​បារាំង​ជាច្រើន ហើយ​សព្វថ្ងៃនេះ ធនធានមនុស្ស​ទាំងនោះ នៅ​បន្ត​ធ្វើការ​នៅក្នុង​អាជីព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅក្នុង​ប្រទេស​បារាំង​។ បើ​គិត​មកដល់​ឆ្នាំ​២០២០​នេះ កាសែត Cambodge Soir មាន​អាយុ​២៥​ឆ្នាំ​។ ២៥​ឆ្នាំ​បាន​កន្លងផុតទៅ​មែន តែ​កេរដំណែល​នៃ​សារព័ត៌មាន​ជា​ភាសា​បារាំង និង​ខ្មែរ​មួយ​នេះ មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន​។

 
«​ខ្ញុំ​សប្បាយចិត្ត​នៅពេលដែល​ឮ​ធនធានមនុស្ស​និយាយ​ភាសា​បារាំង​រម្លឹក​ពី​គុណសម្បត្តិ​កាសែត Cambdoge Soir កាលពី​ទសវត្សរ៍​៩០»​។ នេះ គឺជា​ការ​រម្លឹក​របស់​លោក Pierre Gillette អតីត​និពន្ធ​នាយក​កាសែត Cambodge Soir នៅ​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០​។ 


 
​បច្ចុប្បន្ននេះ អ្នកកាសែត​ទាំង​ជនជាតិខ្មែរ និង​បារាំង​មួយចំនួនធំ ដែល​ធ្លាប់​ធ្វើការ​នៅ​កាសែត​បារាំង Cambodge Soir កាលពី​ជាង​២០​ឆ្នាំមុន បាន​ក្លាយទៅជា​អ្នកដឹកនាំ​វិស័យ​សារព័ត៌មាន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​បារាំង​។ អ្នកកាសែត​ជនជាតិខ្មែរ​ខ្លះ​កំពុង​បម្រើការ និង​ដឹកនាំ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey, វិទ្យុ​បារាំង​អន្តរជាតិ​, ទូរទស្សន៍ PNN, ទូរទស្សន៍ CNC/CTN​។​ល​។ អ្នកកាសែត​ជនជាតិ​បារាំង​ខ្លះ ក៏បាន​ក្លាយទៅជា​អ្នក​បម្រើការ និង​គ្រប់គ្រង​សារព័ត៌មាន​មួយចំនួន​នៅក្នុង​ប្រទេស​បារាំង​ផងដែរ ដូចជា កាសែត​បារាំង Le Monde ជាដើម​។ 
 
​លោក លាង ដឺ​លុច អតីត​អ្នកសារព័ត៌មាន​បម្រើកា​រ​ឲ្យ Cambodge Soir និង​បច្ចុប្បន្ន​ជា​អគ្គនាយក​នៃ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com បាន​រម្លឹក​នៅ​ព្រឹក​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០​នៅ​ចំពោះមុខ​លោក Pierre Gillette ថា​៖«​កេរដំណែល​របស់ Cambodge Soir គឺ​អរូបី​មិនអាច​កាត់ថ្លៃ​បាន​»​។ ពាក្យ​នេះ បានធ្វើ​ឲ្យ​លោក Pierre Gillette រំភើប​។ រំភើប គឺ​ដោយសារតែ​កាសែត​នោះ បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជា​អ្នកសារព័ត៌មាន​មួយចំនួន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​បារាំង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Cambodge Soir បានរួម​ចំណែក​ចែកចាយ​ព័ត៌មាន​ដែល​ផ្តល់​ជា​ចំណេះដឹង​ជូន​ដល់​អ្នកអាន​រាប់មិនអស់​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​អន្តរជាតិ​។ 
 
Cambodge Soir បាន​បិទទ្វារ​មែន តែ​ស្ថាប័ន​នេះ បាន​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះ គុណសម្បត្តិ និង​​អនុស្សាវរីយ៍​រាប់មិនអស់​ជាមួយ​អតីត​បុគ្គលិក និង​អ្នកអាន​ស្មោះស្ម័គ្រ​របស់ខ្លួន​៕ 
 







Tag:
 កាសែត
© រក្សាសិទ្ធិដោយ thmeythmey.com