អន្តរជាតិ
ចិន បិទ​ច្រកចេញចូល​ទាំងអស់​នៃ​ក្រុង​វូ​ហាន ដែលជា​សម្បុក​ជំងឺ​រលាក​សួត​ថ្មី​
23, Jan 2020 , 11:16 am        
រូបភាព
ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ក្នុងស្ថានីយរថភ្លើង Hankou ក្នុងទីក្រុង វូហាន ខេត្ត Hubei កាលពីថ្ងៃ ២១ មករា ឆ្នាំ២០២០ (Reuters)
ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ក្នុងស្ថានីយរថភ្លើង Hankou ក្នុងទីក្រុង វូហាន ខេត្ត Hubei កាលពីថ្ងៃ ២១ មករា ឆ្នាំ២០២០ (Reuters)
ដោយ:
​អាជ្ញាធរ​ចិន ប្រកាស​បិទ​ច្រកចេញចូល​ទាំងអស់​ក្នុង​ទីក្រុង​វូ​ហាន ដែល​ចាត់ទុកជា សម្បុក​នៃ​ការផ្ទុះ​វីរុស​ថ្មី​ដែល​បានសម្លាប់​មនុស្ស ១៧ នាក់ និង​ឆ្លង​កាន់​ទៅកាន់​មនុស្ស​ជិត ៦០០​នាក់​។ ការប្រកាស​នេះ ធ្វើឡើង​ខណៈ​អាជ្ញាធរ​សុខាភិបាល​ជុំវិញ​ពិភពលោក ដុតដៃដុតជើង​បង្ការ​ការ​រាតត្បាត​វីរុស​នេះ​ជាស​កល​។

 
​វីរុស​ឆ្លង​ដែល​មិន​ស្គាល់​ពីមុន​មកនេះ ត្រូវបាន​គេ​ជឿថា​បាន​កើតឡើង​កាលពី​ចុង​ឆ្នាំមុន​ពី​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នៅឯ​ទីផ្សារ​សត្វ​មួយ​ក្នុង​ទីក្រុង វូ​ហាន ភាគ​កណ្តាល​នៃ​ប្រទេស​ចិន​។ ករណី​ឆ្លង​ជា​បន្តបន្ទាប់​បាន​រកឃើញ​មិន​ត្រឹមតែ​ក្នុង​ទីក្រុង​នេះ​ប៉ុណ្ណោះ​នេ​ទេ ក៏ប៉ុន្តែ​ទៅដល់​សហរដ្ឋអាមេរិក ដែល​បង្ក​ជា​ក្តី​ព្រួយបារម្ភ​ថា វីរុស​នេះ អាច​ឆ្លង​រាលដាល​ទូទាំង​សាកលលោក​រួចហើយ​។ 
 
​តាម​ការចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចិន រដ្ឋាភិបាល​មូលដ្ឋាន​របស់​ក្រុង វូ​ហាន បានប្រកាសថា ខ្លួន​បាន​បិទ​បណ្ដាញ​ដឹកជញ្ជូន​ប្រជុំជន​ទាំងអស់ និង​ផ្អាក​ជើងហោះហើរ​ចេញទៅ​ក្រៅ​ត្រឹម​ម៉ោង ១០​ព្រឹក ថ្ងៃ ២៣ ខែមករា ។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ដកស្រង់​ប្រភពព័ត៌មាន​នេះ រដ្ឋាភិបាល ក៏​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ចាក​ចេញពី​ទីក្រុង​នេះ ប្រសិនបើ​គ្មាន​កាលៈទេសៈ​ពិសេស​ណាមួយ​ទេនោះ​។ 
 
​ផ្ទុយ​ពី​ករណី​វីរុស SARS អំឡុង​ឆ្នាំ​២០០២-០៣ ដែល​សម្លាប់​មនុស្ស​ជិត​៨០០​នាក់ ហើយ​ក្រុង​ប៉េកាំង​ព្យាយាម​បិទបាំង​នោះ រដ្ឋាភិបាល​ក​ម្មុយ​នី​ស្ត​ចិន ឥឡូវនេះ បានផ្តល់​បច្ចុប្បន្នភាព​ទៀត​ទាត់​ដើម្បី​បង្ការ​ភាព​តក់ស្លុត ខណៈ​មនុស្ស​រាប់លាន​នាក់ រៀបចំ​ធ្វើដំណើរ​សម្រាប់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​។ 
 
​ត្រឹម​ថ្ងៃ​ពុធ ២២ មករា អាជ្ញាធរ​ចិន បានបញ្ជាក់​ករណី​វីរុស​ផ្លូវដង្ហើម​ថ្មី​នេះ ចំនួន ៥៧១ ករណី និង​អ្នកស្លាប់ ១៧​នាក់​។ តាម​របាយការណ៍​កន្លងទៅ វា​មាន ៨​ករណី​ផ្សេងទៀត នៅ​ជុំវិញ​ពិភពលោក​។ ប្រទេស ថៃ មាន ៤ ករណី ខណៈ​សហរដ្ឋអាមេរិក តៃវ៉ាន់ កូរ៉េខាងត្បូង និង​ជប៉ុន មាន​១​ករណី​រៀងៗ​ខ្លួន​។ 
 
​អំឡុង​ទស្សនកិច្ច​មួយ​ទៅកាន់​ក្រុង វូ​ហាន ឧបនាយករដ្ឋមន្ត្រី​ចិន Sun Chunlan គូសបញ្ជាក់ថា អាជ្ញាធរ​ត្រូវតែ​ជូនដំណឹង​ជា​សាធារណៈ​អំពី​ការរីក​រាលដាល​នៃ​វីរុស​នេះ ហើយ​បង្កើ់ន​កិច្ចប្រឹងប្រែង​ទប់ស្កាត់​វា​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua កាលពី​ថ្ងៃ ២៣ មករា ។ 
 
​ក្រោយ​ជំនួប​មួយ​នៅ​ទីស្នាក់ការ​កណ្ដាល​ខ្លួន​ក្នុង​ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃ​ពុធ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បញ្ជាក់ថា ខ្លួន​នឹង​សម្រេចចិត្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​តើ​គួរ​ប្រកាស​ការផ្ទុះ​ឡើង​នូវ​ភាពអាសន្ន​នៃ​សុខភាព​សាកល ឬ​យ៉ាងណា ដែល​នឹង​ទទួល​ការឆ្លើយតប​ជា​អន្តរជាតិ​។ ប្រសិនបើ​ដូច្នេះ​មែន​នោះ វីរុស​ឆ្លង​ប្រភេទ​ថ្មី​នេះ នឹង​ក្លាយជា​ភាពអាសន្ន​សុខភាព​សាធារណៈ​អន្តរជាតិ​លើក​ទី ៦ ដែល​ត្រូវ​ប្រកាស​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ​។​
 
​សូមបញ្ជាក់ថា ការផ្ទុះ​រាលដាល់​នៃ​វីរុស​រលាក​សួត​ប្រភេទ​ថ្មី (​អម្បូរ​កូ​រ៉ូ​ណាវី​រុស​) បានចាប់ផ្តើម​ក្នុង​ទីក្រុង វូ​ហាន ដែលជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ដ៏​សំខាន់​មួយ ក៏ដូចជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ដ៏​ចម្បង​ផងដែរ ហើយ​បច្ចុប្បន្ន វា​ក៏បាន​ឆ្លង​ទៅកាន់​ទីក្រុង​ធំៗ​របស់​ចិន​ផ្សេងទៀត ដូចជា ប៉េកាំង សៀង​ហៃ និង​ហុងកុង​។ 
 
​អាជ្ញាធរ​ចិន កំពុង​ស៊ើបអង្កេត​ឫសគល់​វីរុស​នេះ ទោះបី​ពួកគេ​បាន​បញ្ជាក់ថា ការផ្ទុះ​ឡើង​បាន​ផ្តើមចេញពី​ផ្សារ​មួយកន្លែង​ក្នុង​ក្រុង វូ​ហាន ដោយមាន​ដោះដូរ​សត្វព្រៃ ហើយ​វា​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​តាមរយៈ​ដំណក​ដង្ហើម​។ ប្រជាជន​ចិន​ជាច្រើន បានសម្រេច​លុបចោល​ដំណើរ​កម្សាន្ត​ពួកគេ ទិ​ម៉ាស់​បិទមុខ និង​លែងចេញ​ដើរហើរ​ទៅ​ទីសាធារណៈ​មួយចំនួន ដូចជា កន្លែង​មើល​កុន និង​ផ្សារ​ទំនើប ជាដើម​៕
 

Tag:
 ចិន​
  វូ​ហាន​
  កូ​រ៉ូ​ណាវី​រុស​
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com