អន្តរជាតិ
មន្ត្រី​ចិន​៖ កូ​រ៉ូ​ណាវី​រុស ទំនងជា​ឆ្លង​ចេញពី​សត្វព្រៃ​ដាក់លក់​ក្នុង​ទីផ្សារ​នៅ​វូ​ហាន​
23, Jan 2020 , 12:19 pm        
រូបភាព
ផ្សារលក់គ្រឿងសមុទ្រ ហួនណាន។ រូបភាព៖ AFP
ផ្សារលក់គ្រឿងសមុទ្រ ហួនណាន។ រូបភាព៖ AFP
​អាជ្ញាធរ​ទប់ស្កាត់​ជំងឺឆ្លង​ចិន នៅ​ថ្ងៃទី​២២ ខែមករា បាន​លើកឡើងថា វីរុស​ថ្មី អម្បូរ​កូ​រ៉ូ​ណាវី​រុស ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ដូច SARS អាច​កើតចេញពី​សត្វព្រៃ ដែល​លក់​នៅក្នុង​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយកន្លែង​នៅក្នុង​ក្រុង​វូ​ហាន​។ ប៉ុន្តែ​របាយការណ៍​នេះ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​នៅឡើយ​ទេ ខណៈពេល​មនុស្ស​យ៉ាងហោចណាស់​១៧​នាក់ បាន​បាត់​បង់ជីវិត ចំណែក​ករណី​ឆ្លង​វីរុស​ថ្មី​នេះ បាន​កើន​ដល់​៥៧០​ករណី​។


 
​តួលេខ​អ្នក​ផ្ទុក​វីរុស និង​អ្នកស្លាប់​បានកើត​ឡើងជា​លំដាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ដោយឡែក​អាជ្ញាធរ​ចិន កំពុងបើក​ការស៊ើបអង្កេត​លើ​ផ្សា​រលក់​គ្រឿង​សមុទ្រ​ហួ​ណាន (Huanan) ដែល​ត្រូវបាន​គេ​សង្ស័យថា គឺជា​កន្លែង​ផ្ទុះ​បែក​នៃ​វីរុស​ថ្មី​នេះ​។ 
 
​នាទី​ក្រុង​ប៉េកាំង​លោក Gao Fu នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺ បាន​លើកឡើងថា វីរុស​ថ្មី ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត អាច​បង្ក​មកពី​សត្វព្រៃ ដែល​ត្រូវបាន​គេ​លក់​នៅក្នុង​ផ្សារ​ហួ​ណាន​នេះ​។ បើតាម​លោក Gao Fu ពេលនេះ​វា​គ្រាន់តែ​ជាការ​សង្ស័យ​ប៉ុណ្ណោះ ហើយ​គេ​ត្រូវការ​ការសិក្សា​បន្ថែមទៀត ដើម្បី​ដឹងថា​វីរុស កើតមក​ពីអ្វី​។ 
 
​ជាមួយគ្នានេះ លោក​ក៏​បញ្ជាក់ទៀតថា វីរុស​ថ្មី​នេះ មាន​កម្រិត​ស្រាល​ជាង​ជំងឺ​SARS ប៉ុន្តែ​លោក Gao Fu ក៏បាន​ព្រមាន​ពី​ការវិវត្ត​នៃ​វីរុស​ថ្មី​នេះ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ផ្សារ​ហួ​ណាន គឺជា​កន្លែង​ដែល​លក់​សាច់សត្វ​ជាច្រើន​ដូចជា កញ្ជ្រោង ក្រពើ កូន​ឆ្កែចចក ពស់ កណ្តុរ កាំប្រមារ សាច់​ឩដ្ឋ និង​សាច់សត្វ​ជាច្រើន​មុខ​ទៀត​រហូត ១១២​មុខ​ឯណោះ​។ មូលហេតុ ដែល​គេ​សន្និដ្ឋានថា វីរុស​ថ្មី​នេះ អាច​កើតចេញពី​សត្វព្រៃ ព្រោះ​កាល​ពេល​ជំងឺ SARS ផ្ទុះឡើង​គឺ​ឆ្លង​មកពី​សត្វ​សំពោច​ដែល​បាន​បង្ក​ឲ្យ​មនុស្ស​ជាច្រើន​ស្លាប់ ខណៈពេល​ជំងឺ​រលាក​សួត MERS នៅ​តំបន់​ម​ជ្ឈិ​បូព៌ា គឺ​ឆ្លង​មកពី​សត្វ​ឩដ្ឋ​។ 
 
​រហូតមកទល់​ពេលនេះ វីរុស​ថ្មី​នេះ កំពុង​រាតត្បាត​ស្ទើរតែ​ពេញ​ប្រទេស​ចិន ហើយ​អាជ្ញាធរ​ចិន កំពុងតែ​ស្វះស្វែង​ដោះស្រាយ​បញ្ហា​មួយ​នេះ​។ ជាក់ស្តែង​អាជ្ញាធរ​ចិន បានប្រកាស​ផ្អាក​ជើងយន្តហោះ ចេញចូល​ទីក្រុង​វូ​ហាន​បណ្តោះអាសន្ន​សិន នៅ​ថ្ងៃទី​២៣ ខែមករា ដើម្បី​បង្ក​ការរីក​សាយភាយ​នៃ​វីរុស​ថ្មី​ទៅកាន់​តំបន់​ផ្សេងទៀត​នៅក្នុង​ចិន​។ ចំណែក​រថយន្តក្រុង រថភ្លើង​ក្រោម​ដី ប្រព័ន្ធ​ដឹកជញ្ជូន​ចម្ងាយ​ឆ្ងាយ ត្រូវ​ផ្អាក​ចេញចូល​ទីក្រុង​រហូតដល់​មានការ​កត់​ស​ម្ពា​ល់​មួយ​ថ្មី​។ 
 
​សូមបញ្ជាក់ថា វីរុស​ថ្មី​នេះ មិន​ត្រឹមតែ​មាននៅ​ក្នុងប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​ទៅដល់ តៃវ៉ាន់ ហុងកុង ម៉ា​កាវ ថៃ អាមេរិក ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង​ផងដែរ​៕ 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com