ជាតិ
ចំណាត់ថ្នាក់​ពុករលួយ​៖ កម្ពុជា​លេខ​១៦២​ក្នុងចំណោម​១៨០​ប្រទេស
23, Jan 2020 , 1:12 pm        
រូបភាព
ដោយ: ថ្មីៗ
​របាយការណ៍​សកល​ទាក់ទង​នឹង​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ (The Corruption Perceptions Index 2019) ដែល​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ នេះ បានបង្ហាញ​ឲ្យ​ឃើញថា កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៦២ ក្នុងចំណោម​១៨០​ប្រទេស ស្មើ​ប្រទេស​ឆាត និង​អ៊ីរ៉ាក់​។ កាលពី​ឆ្នាំ​២០១៨ កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​១៦១ ក្នុងចំណោម​១៨០​ប្រទេស​ដដែល​។​

 
​បើតាម​តម្លាភាព​អន្តរជាតិ កម្ពុជា​ទទួលបាន​២០​ពិន្ទុ​ សម្រាប់​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០១៩​ ពោលគឺដូចគ្នានឹងឆ្នាំ២០១៨ដែរ។  ដូច្នេះ​ចំណាត់ថ្នាក់​ទី​១៦២ ត្រូវ​អង្គការ​មួយ​នេះ វាយតម្លៃថា កម្ពុជា​នៅមានកម្រិត​អំពើពុករលួយ​ខ្ពស់ និង​នៅតែ​ជាប់​ចំណាត់​ថ្នាក់ទាប​បំផុត​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ចំណាត់​ទាប​បំផុត​ទី​៣​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ក្នុងប្រទេសអាស៊ាន ប្រទេសសិង្ហបុរីឈរនៅចំណាត់ថ្នាក់ខ្ពស់ជាងគេដោយមានពិន្ទុ៨៥ តាមពីក្រោយដោយព្រុយណេមានពិន្ទុ៦០  រីឯប្រទេសឡាវ និងមីយ៉ាន់ម៉ា មានពិន្ទុ២៩ ដូចគ្នា ដែលនាំឲ្យមានចំណាត់ល្អជាងកម្ពុជាផងដែរ។ គួរបញ្ជាក់ថា សន្ទស្សន៍វាយតម្លៃកម្រិតពុករលួយនេះ គឺប្រើមាត្រដ្ឋានពិន្ទុពី០ ដល់១០០ ដែលសូន្យពិន្ទុមានន័យថាពុករលួយខ្លាំងបំផុត ហើយពិន្ទុ១០០គឺស្អាតស្អំខ្លាំងបំផុត។

ក្នុងចំណោម១៨០ប្រទេសក្នុងតារាងសន្ទស្សន៍នេះ ចំណាត់ថ្នាក់លេខ១ស្ទូន គឺប្រទេសដាណឺម៉ាក និងនូវែលសេឡង់ ដែលមានពិន្ទុ៨៧ ខណៈចំណាត់ថ្នាក់អន់បំផុតគឺប្រទេសសូម៉ាលីដែលមានត្រឹម៩ពិន្ទុ។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​ស្ដីទី​អង្គការ​តម្លាភាព​កម្ពុជា បាន​ឲ្យ​ដឹងថា នៅ​កម្ពុជា ការកាត់បន្ថយ​អំពើពុករលួយ​តូចៗ​ដូចជា​ការចេញលិខិត​ស្នាម​នៅ​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​ជាដើម ត្រូវបាន​កាត់បន្ថយ​ឲ្យ​ប្រសើរឡើង តែ​ពុករលួយ​ធំៗ​នៅតែ​ជា​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់​។ 
 
​លោក​ថ្លែង​ដូច្នេះ​ថា​៖«​កម្ពុជា​បាន​បោះជំហាន​ជា​វិជ្ជមាន​មួយចំនួន​ក្នុងការ​លុបបំបាត់​អំពើពុករលួយ​តាម​វិស័យ​នានា ដែល​បាន​នាំមក​នូវ​លទ្ធផល​គួរ​ឲ្យ​ពេញចិត្ត​ខ្លះ​ដូចជា ការកាត់បន្ថយ​អំពើពុករលួយ​ទ្រង់ទ្រាយ​តូច និង​ការបង្កើន​ចំណូល​ថវិកា តាមរយៈ​ការប្រមូល​សារពើពន្ធ និង​សេវាកម្ម​គយ​។ ទោះយ៉ាងណា ប្រសិនបើ​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ និង​អំពើពុករលួយ​ផ្នែក​នយោបាយ​(​បក្សពួក ខុប​ឃិត​គ្នា​ជា​ប្រព័ន្ធ​) មិន​ត្រូវបាន​ដោះស្រាយ​ឲ្យ​ត្រឹមត្រូវ​ទេ អំពើពុករលួយ​នឹង​បង្កើត​ភាពអយុត្តិធម៌​សង្គម និង​បង្ក​ហានិភ័យ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​»​។ លោក​ប្រាប់ថា អំពើពុករលួយ​ធំៗ​ដូចជា​អំពើពុករលួយ​ក្នុងការ​ដេញថ្លៃ គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ អាជ្ញា​បណ្ណ​រ៉ែ ការសុំច្បាប់​អនុញ្ញាត​ផ្សេងៗ ជាដើម នៅ​មិនទាន់​ត្រូវបាន​កែលម្អ​ឲ្យ​ប្រសើរឡើង​នោះទេ​។​
 
​បើតាម​លោក ប៉ិច ពិសី ស​ន្ទ​ស្សន៍​កម្រិត​អំពើពុករលួយ​នេះ គេ​មិន​វាយតម្លៃ​ត្រឹមតែ​ការ​សូកប៉ាន់​ប៉ុណ្ណោះ​ទេ​។ លោក​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ស​ន្ទ​ស្សន៍​យល់ឃើញ​ពី​អំពើពុករលួយ​ហ្នឹង គេ​មិន​ផ្ដោត​តែ​ទៅលើ​អំពើ​សូកប៉ាន់​តូចតាច​ប៉ុណ្ណឹង​ទេ តែ​គេ​ផ្ដោតលើ​ទិដ្ឋភាព​ចម្រុះ​ក្នុងប្រទេស​ហ្នឹង ទី​១​ការអនុវត្ត​ច្បាប់​ឬ​នីតិរដ្ឋ ប្រជាធិបតេយ្យ ទី​២​ប្រព័ន្ធយុត្តិធម៌ និង​ទី​៣ គេ​មើលថា​ឧបសគ្គ​នៃ​ការធ្វើ​ធុរកិច្ច​ក្នុងប្រទេស​នោះ​វា​ធំ​ដែរឬទេ​»​។ 
 
​សារព័ត៌មាន​ថ្មីៗ​បាន​ទាក់ទង​តាម​ទូរ​សព្ទ​ទៅ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​ដែល​ចេញផ្សាយ​នេះដែរ តែ​លោក​ជាប់រវល់​។​
 
​ស​ន្ទ​ស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០១៩ ធ្វើ​ចំណាត់ថ្នាក់ ដោយ​ផ្អែកលើ​លទ្ធផល​ស្ទង់​មតិ ១៣ ដែល​ឆ្លុះបញ្ចាំង​ពី​ការវាយតម្លៃ និង​ទស្សនៈ​ការយល់ឃើញ​របស់​ធុរជន និង​អ្នកជំនាញ​នានា​។ ចំពោះ​ប្រទេស​កម្ពុជា ប្រភព​ទិន្នន័យ​សរុប​ចំនួន​៨ គេ​ប្រើ​ដើម្បី​គណនា​ពិន្ទុ​នៃ​កម្រិត​ពុករលួយ​នេះ ដែលមាន​ប្រភព​ទិន្នន័យ​ជាអាទិ៍ ចំណាត់ថ្នាក់​ហានិភ័យ​ប្រចាំ​ប្រទេស​របស់​ទីភ្នាក់ងារ​សេដ្ឋវិទូ​ឆ្នាំ​២០១៩, ស​ន្ទ​ស្សន៍​ស្ដីពី​នីតិរដ្ឋ​សម្រាប់​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ​២០១៩, ការស្ទង់មតិ​ពី​ធុរជន​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​(EOS)​ឆ្នាំ​២០១៩៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com