ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ទម្លាប់​ប្រចាំថ្ងៃ​ទាំងនេះ អាច​ជះ​ផលប៉ះពាល់​ដល់​ការ​គេង​គួរឱ្យ​បារម្ភ​
23, Jan 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា ការ​គេង គឺ​សំខាន់​ណាស់​ចំពោះ​សុខភាព​រាងកាយ​។​ប្រសិនបើ​អ្នកត្រូវការ​ពេល​យូរ​ជាង​៣០​នាទី​ដើម្បី​គេង​លក់​ក្រោយពេល​សម្ងំ​គេង ឬក៏​ពេលខ្លះ​អ្នក​ភ្ញាក់​កណ្តាលយប់​ហើយ​គេង​មិន​លក់​វិញ​សម្រាប់​រយៈពេល​លើសពី ២០​នាទី នោះ​អ្នក​គួរតែ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន​ចេញ​ដើម្បី​បង្កើន​គុណភាព​នៃ​ការ​គេង​! ថា​តើ​ទម្លាប់​អ្វីខ្លះ​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​ដំណេក​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អ្នក​គួរ​បញ្ឈប់​ដើម្បី​អាច​គេង​លក់បាន​ពេញលេញ​ស្កប់ ៖

 
១. មើល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មុនពេល​ចូល​គេង 
 
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញពី​អេក្រង់​ទូរ​សព្ទ​អាច​បង្ក​ការរំខាន​ដល់​ដំណេក ដូច្នេះ​អ្នកនឹង​ជួបប្រទះ​បញ្ហា​ពិបាក​គេង​លក់បាន​ស្កប់​ជាមិនខាន​ប្រសិនបើ​មើល​ទូរទស្សន៍​ឫ​ឧបករណ៍​ផ្សេងៗ​រួមមាន​ទូរ​សព្ទ ឬ​កុំព្យូទ័រ​ជាដើម​នៅមុន​ពេល​ចូល​គេង​។ នេះ​ក៏​ព្រោះតែ​ពន្លឺ​ពណ៌​ខៀវ​ដែល​ជះ​ចេញពី​អេក្រង់​នៃ​គ្រឿង​អេ​ឡិច​ត្រូ​និ​ចរាំង​ស្ទះ​ដល់​ការផលិត​អ័រម៉ូន​មេ​ឡា​តូ​នី​ន ដែល​ជួយ​ធ្វើឱ្យ​ងងុយគេង​។ ដើ​ម្ប​ជាការ​ប្រសើរ​អ្នក​គួរ​កុំ​ប្រើប្រាស់​ទូរស័ព្ទ ឬ​គ្រឿង​អេឡិចត្រូនិក​ផ្សេងទៀត​មុនពេល​ចូល​គេង​យ៉ាងហោចណាស់ ២ ម៉ោង​។​
 
២. ញុំាច្រើនពេក​មុនពេល​ចូល​គេង​
 
​ការទទួល​ទាន​អាហារ​ច្រើនពេក​នៅពេល​ល្ងាច ឬ​មុនពេល​ចូល​គេង​អាច​បង្កបញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ដែល​ធ្វើឱ្យ​អ្នក​ពិបាក​គេង​លក់បាន​ស្កប់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរណា​កុំ​ទទួលទាន​អាហារ​ច្រើន​ជ្រុល​មុនពេល​ចូល​គេង​បី​ម៉ោង​។ 
 
៣. ទទួលទាន​ភេសជ្ជៈ ឬ​អាហារ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​មុនពេល​ចូល​គេង 
 
​ប្រសិនបើ​អ្នកជា​មនុស្ស​ញៀន​កាហ្វេ​នោះ អ្នក​ប្រាកដជា​ងាយ​នឹង​ជួបប្រទះ​បញ្ហា​ពិបាក​ក្នុងការ​គេង​លក់​នៅពេល​យប់​មិន​ខាន ពិសេស​ប្រសិនបើ​ទទួលទាន​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ណាមួយ​មុនពេល​ចូល​គេង​។ កាហ្វេ​ត្រឹម​មួយ​ពែង​អាច​ស្ថិតក្នុង​រាងកាយ​យ៉ាងហោចណាស់ ៦ ម៉ោង​ឯណោះ​។ ឧទាហរណ៍​ប្រសិនបើ​អ្នក​ទទួលទាន​កាហ្វេ​នៅ​ម៉ោង ៤ ល្ងាច នោះ​មានន័យថា​ជាតិ​កាហ្វេ​អ៊ី​ន​អាចធ្វើអោយ​អ្នកមាន​អារម្មណ៍​ស្វាយ​ដល់​ម៉ោង ១០ យប់​។ លើសពីនេះ​ទៀត​ការផលិត​អ័រម៉ូន​គ្រប់គ្រង​វដ្ត​នៃ​ការ​គេង​មេ​ឡា​តូ​នី​ន​ក៏​ត្រូវបាន​ទប់ស្កាត់​ដែលនាំអោយ​មាន​បញ្ហា​ក្នុងការ​គេង​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​កុំ​ទទួលទាន​កាហ្វេ​នៅមុន​ពេល​ចូល​គេង​។ ជាក់ស្តែង​មនុស្ស​ជាច្រើន​ប្រហែលជា​មិនសូវ​ចាប់អារម្មណ៍​ឡើយ​ថា​ក្រៅពី​កាហ្វេ ក៏​នៅមាន​ភេសជ្ជៈ​និង​អាហារ​ជាច្រើន​មុន​ទៀត​ដែលមាន​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ី​ន​ដែល​ក្នុងនោះ​រួមមាន សូកូឡា តែ សូ​ដា និង​ភេសជ្ជៈ​ប៉ូវ​កំលាំង​មួយចំនួនទៀត​ដែល​សុទ្ធតែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា​ស្វាង​ងងុយ​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរណា​ទទួលទាន​វា​ក្នុង​កំរិត​សមល្មម​នៅពេល​ព្រឹក​បាន​ហើយ​។ 
 
៤. ដាក់​ម៉ោង​រោទិ៍​ញឹក​ជាប់​គ្នា​ពេក 
 
​ការដាក់​ម៉ោង​រោទិ៍​ច្រើន​ជាប់​គ្នា​ពេក​មិន​ត្រឹមតែ​រំខាន​ដល់​ការ​គេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ផងដែរ​។ នេះ​ក៏​ព្រោះ​ការធ្វើ​បែបនេះ​បង្កើន​កម្រិត​នៃ​អ័រម៉ូន​ស្រេស​(cortisol ) ក្នុង​រាងកាយ​។​
 
៥. របប​អាហារ​គ្មាន​សុខភាព​ល្អ​
 
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​របប​អាហារ​គ្មាន​ផ្ទុក​វីតាមីន A វីតាមីន B1 វីតាមីន D កាល់ស្យូម និង​ស័ង្កសី​គ្រប់គ្រាន់​អាច​បង្កបញ្ហា​ដល់​ការ​គេង​គួរឱ្យកត់សម្គាល់​។​
 
៦. បន្ទប់​គេងរ​ញ៉េ​រ​ញៃ 
 
​បន្ទប់​គេង​ដែលមាន​បរិយាកាស​ល្អ​ពិតជា​សំខាន់​ណាស់​មិន​ថា​ចំពោះ​កុមារ ឫ​មនុស្សពេញវ័យ​ឡើយ​។ នេះ​ក៏​ព្រោះតែ​បន្ទប់​គេង​មាន​សភាព​រញ៉េរញ៉ៃ​អាចធ្វើ​ឱ្យមាន​អារម្មណ៍​ស្ត្រេ​ស​។ ដូច្នេះ​ដើម្បី​គេង​លក់បាន​ស្កប់​ស្រួល​ចូរ​រៀបចំ​របស់របរ​ក្នុង​បន្ទប់​គេង​ឱ្យមាន​សណ្ដាប់ធ្នាប់​៕
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com